កម្ពុជា បាន​អំពាវនាវ​ដល់​ប្រទេស​ជា​សមាជិក​គណៈកម្មការ​សម្របសម្រួល​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ទាំង ១៩ និង​ដៃគូ ឱ្យ​បោះឆ្នោត​គាំទ្រ និង​អំពាវនាវ​បន្ត​ទៅកាន់​ប្រទេស​នានា ឱ្យ​បោះឆ្នោត​គាំទ្រ​សេចក្តីថ្លែងការណ៍​នយោបាយ​សៀមរាប​-​អង្គរ ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ លើក​ទី​៧៩

ហ្សឺ​ណែវ​៖ ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២៤ ឯកឧត្តម​បណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធាន​ទី​១ អាជ្ញាធរ​មីន និង​ជា​ប្រធាន​អនុសញ្ញា​អូ​តា​វ៉ា បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​សម្របសម្រួល នៃ​អនុសញ្ញា​អូ​តា​វ៉ា ដើម្បី​រាយការណ៍​អំពី​សកម្មភាព​ការងារ​របស់​ប្រធាន​អនុសញ្ញា ពិភាក្សា​អំពី​តួនាទី​របស់​គណៈកម្មកា​រ​សម្របសម្រួល​នៅក្នុង​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ និង​ពិនិត្យ​លើ​សេចក្តីព្រាង​នៃ​សេចក្តីថ្លែងការណ៍​ស្តីពី​ការអនុវត្ត​អនុសញ្ញា​អូ​តា​វ៉ា ដែល​នឹង​ត្រូវ​ដាក់ជូន​អង្គការសហប្រជាជាតិ ដើម្បី​ពិនិត្យ និង​អនុម័ត​។​

​គូសបញ្ជាក់ថា ក្នុងនាម​ជា​ប្រធាន​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​លើ​ក​ទី​៥ នៃ​អនុសញ្ញា​អូ​តា​វ៉ា ឬ​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ ស្តី​ពី​ពិភពលោក​មួយ​ដែល​គ្មាន​មីន កម្ពុជា មាន​កាតព្វកិច្ច​រៀបចំ​សេចក្តីព្រាង នៃ​សេចក្តីថ្លែងការណ៍​នយោបាយ​ស្តីពី​ការអនុវត្ត​អនុសញ្ញា​អូ​តា​វ៉ា ដើម្បី​ដាក់ជូន​អង្គការសហប្រជាជាតិ ដើម្បី​ពិនិត្យ និង​អនុម័ត នៅ​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៩ នា​ខែ​តុលា ឆ្នាំ​២០២៤ នៅ​ទីក្រុង​ញូវយ៉ក​។​

​កម្ពុជា រួម​ជាមួយ​អាល្លឺម៉ង់ ជា​ប្រធាន​អនុសញ្ញា​ឆ្នាំ​២០២៣ និង​ជប៉ុន ជា​ប្រធាន​អនុសញ្ញា​ឆ្នាំ​២០២៥ ក្រោម​ការសម្របសម្រួល​ពី​អង្គភាព​គាំទ្រ​ការអនុវត្ត​អនុសញ្ញា​អូ​តា​វ៉ា បានរួម​គ្នា​រៀបចំ​រួចរាល់​នូវ​សេចក្តីព្រាង​នៃ​សេចក្តីថ្លែងការណ៍​នយោបាយ​នេះ និង​ដាក់​ជូន​សមាជិក​គណៈកម្មកា​រ​សម្របសម្រួល ដើម្បី​ពិនិត្យ និង​ផ្តល់​ធាតុ​ចូល​បន្ថែម មុន​ដាក់ជូន​អង្គការសហប្រជាជាតិ​។

​ជាមួយគ្នានេះ ឯកឧត្តម​បណ្ឌិត បាន​អំពាវនាវ​ដល់​សមាជិក​គណៈកម្មការ​សម្របសម្រួល​ទាំងអស់ ឱ្យ​បោះឆ្នោត​គាំទ្រ និង​អំពាវនាវ​បន្ត​ទៅកាន់​ប្រទេស​នានា ឱ្យ​បោះឆ្នោត​គាំទ្រ សេចក្តីថ្លែងការណ៍​នយោបាយ​សៀមរាប​-​អង្គរ ដ៏​មាន​សំខាន់​នេះ​។​

​សូម​ជម្រាប​ដែរ​ថា ឯកឧត្តម​បណ្ឌិត លី ធុជ ក្នុងនាម​ជា​ប្រធាន​អនុសញ្ញា​អូ​តា​វ៉ា នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ទៅ​ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​រំសាយ​សព្វាវុធ និង​សន្តិសុខ​អន្តរជាតិ នៃ​មហាសន្និបាត​អង្គកា​សហប្រជាជាតិ​លើក​ទី​៧៩ ពី​ថ្ងៃ​ទី​៧ ដល់​១១ ខែតុលា ឆ្នាំ​២០២៤ នៅ​ទីក្រុង​ញូវយ៉ក ដើម្បី​ផ្សព្វផ្សាយ​សេចក្តីថ្លែងការណ៍​នេះ ដល់​មហាសន្និបាត​អង្គការសហប្រជាជាតិ ព្រមទាំង​ផ្សព្វផ្សាយ និង​ធ្វើ​សាកលភាវូបនីយកម្ម​អនុសញ្ញា​អូ​តា​វ៉ា តាមរយៈ​កិច្ចប្រជុំ​ទ្វេភាគី ពហុភាគី និង​ការរៀបចំ​ព្រឹត្តិការណ៍​អម ក្នុងអំឡុងពេល​នៃ​មហាសន្និបាត​។​

​សមាជិក​គណៈកម្មការ​សម្របសម្រួល​មាន​១៩​ប្រទេស​គឺ​៖ កូឡុំប៊ី ស៊ុយអែត ថៃ​អង់គ្លេស អាល្លឺម៉ង់ ន័​រវែ​ស ប៉េ​រូ អាហ្វ្រិក​ខាងត្បូង ស្លូ​វើ​នៀ បូ​គី​ណាហ្វា​សូ ហូ​ឡង់ សំ​ប៊ី អាល់​ហ្សេ​រី ដា​ណឺ​ម៉ាក ជប៉ុន តួ​ក​គី អូស្ត្រាលី បែលហ្ស៊ិក និង​កម្ពុជា និង​អង្គការ​ចំនួន​៤៖ GICHD, ICBL, ICRC, UNODA ៕​