​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា បង្កើត​ការប្រកួត​វីដេអូ​ខ្លី ដើម្បី​ពង្រីក​ការផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​នៅតាម​ឆ្នេរសមុទ្រ​និង​ព្រែក​

​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា (​គ​.​អ​.​ឆ​.​ក​.) បាន​រៀបចំ​កម្មវិធី​ប្រឡងប្រណាំង​វីដេអូ​ខ្លី ក្រោម​ប្រធានបទ «​មាតុភូមិ​ខ្ញុំ​៖ ឆ្នេរសមុទ្រ​និង​ព្រែក​ស្អាត​ឆ្នាំ​២០២៤»​ក្នុង​គោលបំណង​ដើម្បី​ពង្រីក​ការផ្សព្វផ្សាយ និង​បំផុស​ចលនា​ទេសចរណ៍​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ក៏ដូចជា​បញ្ជ្រាប​ការយល់ដឹង​សាធារណៈ​ក្នុង​ការចូលរួម​ការពា​រ និង​ថែរក្សា​ឆ្នេរ​និង​ព្រែក​ដ៏​ស្រស់​ស្អាត​និង​ដ៏​មាន​សក្ដានុពល​។​

​កម្មវិធី​ប្រឡងប្រណាំង​វីដេអូ​ខ្លី​ត្រូវបាន​បើក​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០២៤ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន (CJCC) មានការ​អញ្ចើញ​ចូលរួម​ពី ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង​អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ គ​.​អ​.​ឆ​.​ក​. និង​មាន​ការចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អ្នកជំនាញ​ក្នុង​វិស័យ​ថតរូប អ្នក​មាន​ប្រជាប្រិយភាព​ក្នុងសង្គម សិស្សានុសិស្ស​ជា​ច្រើន​នាក់​។​

​ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ឯកឧត្តម រដ្ឋលេខាធិការ នី ផល្លី បានឱ្យដឹងថា រាជរដ្ឋាភិបាល ដែល​មាន​គណៈកម្មាធិកា​រ​ជាតិ គ​.​អ​.​ឆ​.​ក​. ជា​សេនាធិការ បាន​ដាក់ចេញ​នូវ​ចលនា​ប្រឡងប្រណាំង​ឆ្នេរ​ខ្សាច់​និង​ព្រែក​កម្សាន្ត​ស្អាត​ជា​ច្រើន​ឆ្នាំ​កន្លងមកហើយ រហូតមកដល់​ពេលនេះ​គឺ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក៏ដូចជា​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បាន​រួមគ្នា​ក្នុង​ការរៀបចំ​ឆ្នេរ​របស់​កម្ពុជា​បាន​កាន់តែ​ស្អាត ដើម្បី​ទាក់ទាញ​និង​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​មក​កម្សាន្ត​ឱ្យបាន​កាន់តែ​ច្រើន​។​

​ឯកឧត្តម បាន​បន្តថា មកដល់​ឆ្នាំ​២០២៤​នេះ ដោយ​យល់ឃើញ​ពី​សារសំខាន់​នៃ​ការផ្សព្វផ្សាយ​បន្ថែម​ឱ្យ​កាន់តែ​ផុលផុស សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ ក៏ដូចជា​ការផ្ដល់​នូវ​សារ​អប់រំ​ដល់​សាធារណជន​និង​ភាគី​ពាក់ព័ន្ធ គណៈកម្មាធិការ​ជាតិ គ​.​អ​.​ឆ​.​ក​. ក៏បានផ្ដល់​ជាគោលការណ៍​ដល់​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ គ​.​អ​.​ឆ​.​ក​. សហការ​រៀបចំ​ជា​ចលនា​ផលិត​វីដេអូ ក្រោម​ប្រធានបទ «​មាតុភូមិ​ខ្ញុំ​៖ ឆ្នេរសមុទ្រ​និង​ព្រែក​ស្អាត​ឆ្នាំ​២០២៤» ហើយក៏​បាន​ចាប់​ទទួល​ការចុះឈ្មោះ​ចូល​រួម​ប្រកួត​ចាប់ពី​ថ្ងៃ​ទី​២៧​នេះ​តទៅ​។​

​ឯកឧត្តម អគ្គលេខាធិការរង នី ផល្លី បាន​បង្ហាញ​ពី​គោលបំណង​សំខាន់​នៃ​កម្មវិធី​ប្រឡងប្រណាំង​វីដេអូ​ខ្លី​នេះ ទី​១-​គឺ​ពង្រីក​ការផ្សព្វផ្សាយ​ដល់​សាធារណជន ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ ដើម្បី​ឱ្យ​ស្គាល់​ពី​គោលដៅ​ទេសចរណ៍​ឆ្នេរសមុទ្រ​និង​ព្រែក​ស្អាតៗ ដែល​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ភាគី​ពាក់ព័ន្ធ​កំពុង​រៀបចំ​ជាច្រើន​មក​ហើយ​នោះ​, ទី​២-​គឺ​ចង់​បង្ហាញ​អំពី​សក្ដានុពល​ទេសចរណ៍​ផ្សេងៗ​ទៀត​ដែល​ផ្សារភ្ជាប់​សក្ដានុពល​ឆ្នេរ​និង​ព្រែក​ទាំងនោះ ដែល​ក្នុងនោះ​មិនមែន​មាន​តែ​កន្លែង​កម្សាន្ត​ប៉ុណ្ណោះ​ទេ គឺ​មាន​ទាំង​ការរៀបចំ​ផ្ដល់​បដិសណ្ឋារកិច្ច​របស់​ប្រតិបត្តិករ​ទេសចរ​ណ៍ ក៏ដូចជា​ប្រជាពលរដ្ឋ​មូលដ្ឋាន មាន​ទាំង​សេវាកម្ម​ម្ហូប​អារ​ហារ​តាម​មូលដ្ឋាន​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​ផងដែរ​។​

​ឯកឧត្តម នី ផល្លី ក៏​បាន​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ទូរ​សព្ទ​ប្រើប្រាស់​គ្រប់​ដៃ នៅពេល​បាន​ទៅ​ដើរ​លេង​កម្សាន្ត សូម​ជួយ​ថត​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​ឆ្នេរ​និង​ព្រែក​របស់​កម្ពុជា ដើម្បី​ចែករំលែក​និង​បង្ហាញ​ពី​ភាព​ទាក់ទាញ​នៅតាម​គោលដៅ​ទាំងនោះ​ដល់​ភ្ញៀវទេសចរ​ដទៃទៀត​។​

​សូមបញ្ជាក់​ថា ឆ្នេរសមុទ្រ​កម្ពុជា ត្រូវបាន​ដាក់​បញ្ចូល​ជា​សមាជិក​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​ពិភពលោក​នៅ​ឆ្នាំ​២០១៤ ហើយ​ក៏​ត្រូវបាន​រាជរដ្ឋាភិបាល​ប្រសិទ្ធ​នាម​ឱ្យ​ថា «​តារា​រះ​នា​ទិសនិរតី​»៕