ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ អញ្ជើញ​បើក​វិញ្ញាសា​ប្រឡងប្រជែង​ជ្រើសរើស​សិស្ស​សា​ការី ជំនាន់​ទី​៤ នៅ​បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជា​

​ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បញ្ជាក់ថា ការប្រឡងប្រជែង​ជ្រើសរើស​សិស្ស​សារការី​ជំនាន់​ទី​៤ ដំណាក់កាល​វិញ្ញាសាសរសេរ គឺ​ប្រព្រឹត្តទៅ​ប្រកប​ដោយ​ភាព​សុ​ក្រឹត្យ និង​មាន​តម្លាភាព ថ្លែង​ក្នុង​កម្មវិធី​ប្រឡង​ប្រជែង ជ្រើសរើស​សិស្ស​សារការី​ជំនាន់​ទី​៤ ដំណាក់កាល​វិញ្ញាសាសរសេរ សម័យ​ប្រឡង នា​ថ្ងៃ​សៅរ៍ ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២៤ មណ្ឌល​ប្រឡង “​បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជា​” ដែល​ស្ថិតនៅ​មហាវិថី​ឈ្នះ ឈ្នះ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

​ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បាន​មានប្រសាសន៍ថា ឆ្នាំនេះ​ជា​ឆ្នាំ​មួយ ដែល​ក្រសួង​និង​សម្រេច​ឱ្យបាន​នូវ​ច្បាប់​សា​ការី តែ​ច្បាប់​នេះ​ធ្វើឡើង​សម្រាប់​តែ​បេក្ខជន ដែល​ជាប់​តែ​ប៉ុណ្ណោះ គឺ​និង​មាន​ច្បាប់​មួយ​ច្បាស់លាស់ តាម​ការព្យាករណ៍ និង​មាន​បន្ថែម​នូវ​សមត្ថកិច្ច​ជាច្រើន​ថែមទៀត​ដល់​សា​ការី ដែល​កម្ពុជា​ទៅ​ថ្ងៃក្រោយ ការ​លែងលះ​គ្នា​ដោយ​ការព្រមព្រៀង ដោយ​គ្មាន​វិវាទ គឺ​មិន​ចាំបាច់​ឡើងដល់​តុលាការ​នោះ​ទេ គឺ​ត្រឹមតែ​មុខ​សា​ការី​តែប៉ុណ្ណោះ ដូចនេះ​ជំនាន់​នេះ គឺ​ជំនាន់​ដែល​ចេញ​ទៅ​វិញ​គឺ​ស្ពាយ​ទៅ​ជាមួយ​នូវ​ច្បាប់​សា​ការី​បាន ហើយ​ជា​ការប្តេជ្ញា​ចិត្ត នៅក្នុង​ការរៀបចំ​សេចក្តី​ព្រៀង​ច្បាប់​នេះ​ឱ្យ​ចប់​នៅក្នុង​ឆ្នាំ​នេះ​និង​អនុវត្ត​ច្បាប់​នេះ​ឱ្យបាន ដូចនេះ​ចំពោះ​ការប្រឡង​នាពេលនេះ​គឺ​បេក្ខជន​ទាំងអស់ ត្រូវ​ប្រឹងប្រែង​ក្នុង​ការបំពេញ​កាតព្វកិច្ច​របស់​ខ្លូន អោយអស់​ពី​សមត្ថភាព ដើម្បី​ទទួលបាន​នូវ​ជោគជ័យ ព្រោះ​ការប្រឡងប្រជែង​មិនមែន​គ្រាន់តែ​ចេះ​គឺ​ជាប់​នោះទេ តែ​អ្នក​ដែល​មាន​សមត្ថភាព​ជាង​គេ​ទើប​ជាប់​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្ត​ថា ចំពោះ​មុខ​វិជ្ជា​ដែល​បេក្ខជន​ទាំងអស់​ត្រូវ​ប្រឡង​មាន​ចំនួន​៤​មុខវិជ្ជា​រួមមាន​៖ មុខវិជ្ជា​នីតិ​អចលនទ្រព្យ ,​មុខវិជ្ជា​នីតិ​ពាណិជ្ជកម្ម​និង​នីតិ​ក្រុមហ៊ុន , មុខវិជ្ជា​នីតិ​កាតព្វកិច្ច​និង​កិច្ចសន្យា និង​មុខវិជ្ជា​នីតិ​គ្រួសារ ដូចនេះ​សូម​បេក្ខជន​ទាំងអស់​កុំអោយ​ពេលវេលា​កន្លងទៅ​អត់​ប្រយោជន៍ និង​គិតគូរ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​មុន​និង​ចាប់ផ្តើម​សរសេរ ព្រោះនេះ​ជា​ការប្រឡង​ប្រកួតប្រជែង មិនមែន​គ្រាន់តែ​ប្រឡង​យក​តែ​មួយ​ជាប់​នោះទេ​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បន្ត​ទៀត​ថា គោលការណ៍​ក្នុង​វិស័យ​យុត្តិធម៌ ទាក់ទង​និង​ការជ្រើសរើស​មន្ត្រី ក្នុង​នីតិកាល​ថ្មី​នេះ ក្រោម​ការដឹកនាំ​របស់​សម្តេច នាយករដ្ឋមន្ត្រី បាន​ដាក់ចេញ​នូវ​គោលការណ៍​ដើម្បី​ផ្លាស់ប្តូរ​របៀបរបប​មួយចំនួន​ក្នុង​ការប្រឡង ហើយ​អ្វី​ដែល​សំខាន់​ជាងគេ​គឺ​ធានា​ឱ្យ​ការប្រឡង​ប្រព្រឹត្តទៅ​ប្រកបដោយ​ភាព​សុក្រឹត​និង​យុត្តិធម៌ ។ ចំពោះ​ការប្រឡង​នាពេលនេះ គឺ​បេក្ខជន​ទាំងអស់​ត្រូវ​បង្ហាញ​សមត្ថភាព និង​ជឿជាក់​លើ​ខ្លួនអែង​ថា ក្នុងចំណោម​បេក្ខជន​ជាង​២០០​នាក់ គឺ​យើង​ចេះ​ជាងគេ ដូចនេះ​យើង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការប្រុងប្រយ័ត្ន​ព្យាយាម ធ្វើ​អោយ​ដល់​ទីបញ្ចប់ ។

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍​បន្ត​ទៀត​ថា ក្នុង​ការប្រឡង​នេះ ក៍​មាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផងដែរ ដែល​វត្តមាន​ពួក​គាត់​នា​ពេល​នេះ គឺ​ដើម្បី​ធានាបាន​ថា​កិច្ចដំណើរការ​ប្រព្រឹត្ត​ទៅ​គឺ​ស្របតាម​ច្បាប់​បញ្ញតិ្ត​ជា​ធរមាន និង​ដើម្បី​អោយ​ដំណើរការ​ប្រឡង​នេះ​មាន​តម្លាភាព មាន​ភាព​សុក្រឹត្រ​និង​យុត្តិធម៌ ដូច្នេះ​ចំពោះ​បេក្ខជន​ណា​ដែល​រកឃើញ​ថា​មាន​ភាពមិនប្រក្រតី​នៅក្នុង​កិច្ចការ​ប្រឡង​នេះ និង​ត្រូវ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​។​

​ជាមួយគ្នានេះ ឯកឧត្តម​ក៍​បាន​ផ្តាំផ្ញើ​ដល់​បេក្ខជន​ទាំងអស់​ថា ចំពោះ​ការប្រឡង​នាពេលនេះ ត្រូវ​បង្ហាញ​សមត្ថភាព និង​ជឿជាក់​លើ​ខ្លួនអែង​ថា ក្នុងចំណោម​បេក្ខជន​ទាំងអស់ គឺ​យើង​ត្រូវ​ចេះ​ជាងគេ ដូចនេះ​យើង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការប្រុងប្រយ័ត្ន ព្យាយាម​សរសេរ​ឱ្យបាន​ល្អ ធ្វើ​អោយ​ដល់​ទីបញ្ចប់ និង​ប្រើ​ឱ្យ​អស់​លទ្ធភាព​ដែល​យើង​មាន ដើម្បី​ឱ្យ​ការប្រឡង​នេះ​ទទួលបាន​នូវ​ជោគជ័យ​៕​