អភិបាល​ខេត្ត​កំពត ណែនាំ​ពលរដ្ឋ​បី​ចំណុច ដើម្បី​ពន្លឿន​ការវាស់វែង និង​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​

កំពត​៖ ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់​ក្បាលដី ក្នុង​ពិធី​ប្រកាស​កំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ​សម្រាប់​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុង​ឃុំ​ថ្មី និង​ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០២៤ នៅក្នុង​បរិវេណ​វត្ត​ពោធិ៍ ស្ថិតក្នុង​ឃុំ​ថ្មី ស្រុក​ទឹកឈូ អភិបាល​ខេត្ត​កំពត ឯកឧត្តម ម៉ៅ ធនិន បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ក្បាល​ដី​ទាំងអស់ ដែល​នឹង​ត្រូវ​ធ្វើការ​វាស់វែង​នាពេលខាងមុខ ត្រូវ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ក្រុម​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ឱ្យបាន​ល្អ ដើម្បី​ពន្លឿន​នៃ​ការចុះវាស់វែង​។ ឯកឧត្តម​អភិបាលខេត្ត បាន​ស្នើ​ដល់​ពលរដ្ឋ​ទាំងអស់​ត្រូវ​អនុវត្តន៍​បី​ចំណុច​សំខាន់ៗ ដែល​ជួយ​ធ្វើឱ្យ​ការចុះបញ្ជី​ដីធ្លី​នេះ​បាន​លឿន​ដោយ​៖

​ទី​១. ត្រូវ​រៀបចំ​នូវ​ឯកសារ​នៃ​ការកសាង​បណ្ណ ឯកសារ​ដែល​ពាក់ព័ន្ធ​នឹង​នីតិវិធី​នៃ​ការចេញ​បណ្ណ​ឱ្យបាន​គ្រប់គ្រាន់​តាម​ការណែនាំរ​បស់​មន្ត្រី​ជំនាញ​,
​ទី​២. បងប្អូន​ដែល​ជា​ម្ចាស់​ក្បាលដី​ទាំងអស់ ត្រូវ​ទៅ​បោះបង្គោល​ព្រំ​របស់​ខ្លួន​ជាមួយ​អ្នក​ដែល​ជាប់​ព្រំ​ដី​នឹង​គ្នា ដើម្បី​សម្គាល់​ដី​រៀងៗ​ខ្លួន​ឱ្យបាន​ច្បាស់លាស់ និង​

​ទី​៣. សូម​បងប្អូន​ដែល​ជា​ម្ចាស់​ដី​ទាំងអស់​ជៀសអោយផុត​ពី​បញ្ហា​ទំនាស់​ព្រំដី ដែល​ជា​កត្តា​មួយ​ធ្វើឱ្យមាន​ការយឺតយ៉ាវ​ក្នុង​ដំណើរការ​អនុវត្ត​ការងារ​ចុះបញ្ជី​ដីធ្លី​នេះ​។​

​យោងតាម​របាយការណ៍​របស់លោក ព្រាប សុផាត ប្រធានស្តីទី​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត បានឱ្យដឹងថា ការកំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ​សម្រាប់​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុង​ឃុំ​ថ្មី និង​ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ​នាពេល​នេះ​មាន​ចំនួន ១១​ភូមិ ក្នុង​នោះ​ឃុំ​ថ្មី​មាន​ចំនួន ៦​ភូមិ គឺ​ភូមិ​ត្រ​សេក​កោង ភូមិ​ត្រពាំង​ច្រាប ភូមិ​ថ្មី ភូមិ​វត្ត​ពោធិ៍ ភូមិ​ដូន​ស៊យ និង​ភូមិ​គោ​ចិន​លែង ចំណែក​ឯ​ឃុំ​ព្រៃ​ថ្នង​មាន​ចំនួន ៥​ភូមិ គឺ​ភូមិ​ចក្រី​ទីង ភូមិ​ព្រៃ​ថ្នង ភូមិ​ទ្វារ​ថ្មី ភូមិ​ដំណាក់​ហ្លួង និង​ភូមិ​ច្បារអំពៅ ដែល​ឃុំ​ទាំងពីរ​ខាងលើ​នេះ​មាន​ផ្ទៃដី​សរុប​ចំនួន ១២,០៨១​ហិកតា មាន​ក្បាល​ដី​សរុប​ប្រមាណ ២០,៨៤៦​ក្បាលដី ស្មើនឹង ១០,២១២​គ្រួសារ ហើយ​ក្រុមការងារ​របស់​មន្ទីរ​នឹង​ធ្វើ​ការចុះវាស់វែង ប្រមូល​ទិន្នន័យ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ចាប់ពី​ថ្ងៃ​ប្រកាស​តំបន់​វិនិច្ឆ័យ​នេះ​តទៅ​៕