ក្រុមហ៊ុន SK Securities របស់​កូរ៉េ បង្ហាញ​បំណង​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

នា​ព្រឹក​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក JEON Woo Jong នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​ក្រុមហ៊ុន SK Securities ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីក្រុង​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ​។​

​ក្នុងឱកាស​នៃ​ជំនួប លោក​នាយក​ប្រតិបត្តិ បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេល​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូបលោក និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ព្រមទាំង​បាន​គោរព​ជម្រាប​ជូន សម្ដេច​ធិបតី អំពី​វឌ្ឍនភាព​នៃ​អាជីវ​កមុ្ម​របស់​ក្រុមហ៊ុន SK Securities ដែល​កំពុង​មាន​ប្រតិបត្តិការ​លើ​វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ ផ្នែក​មូលនិធិ​អាកាសធាតុ​បៃតង និង​មូលនិធិ​ការកសាង​គម្រោង​ផ្សេងៗ​ទៀត​។ ជាមួយគ្នានេះ លោក​នាយក​ប្រតិបត្តិ បាន​បន្ថែមថា ក្រោម​ការដឹកនាំ និង​ភាព​ឈ្លាសវៃ​របស់​សម្ដេច​ធិបតី លោក​មាន​ភាព​ជឿជាក់​លើ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ដែល​ប្រកបដោយ​ភាពកក់ក្ដៅ និង​មាន​ទំនុកចិត្ត​ខ្ពស់ ហើយ​លោក​នាយក​ប្រតិបត្តិ​ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​លើ​ការវិនិយោគ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ផងដែរ​។​

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​សម្តែង​នូវ​ការស្វាគមន៍ និង​រីករាយ​ដែល​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​នាយក​ប្រតិបត្តិ និង​សហការី និង​អរគុណ​ចំពោះ​ក្រុមហ៊ុន SK Securities ដែល​បាន​បង្ហាញ​ពី​បំណង​ក្នុងការ​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​។ ទន្ទឹម​នោះ សម្ដេច​ធិបតី ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមហ៊ុន​វិនិយោគ​ឯកជន​របស់​កូរ៉េ​នៅ​កម្ពុជា ដែល​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការចូលរួមចំណែក​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​នៅ​កម្ពុជា​។

​ពាក់ព័ន្ធ​នឹង​វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ​នៅ​កម្ពុជា សម្ដេច​ធិបតី​បាន​គូសបញ្ជាក់​ផងដែរ​ថា ទោះបីជា​ទីផ្សារ​របស់​កម្ពុជា​នៅ​មាន​ទំហំ​តូច ក៏ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា​កំពុងតែ​ជំរុញ និង​ធ្វើ​ទំនើបកម្ម​ផ្នែក​ហិរញ្ញវត្ថុ និង​ធនាគារ​នេះ ហើយ​សម្ដេច​ធិបតី បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការផ្ដល់​ការគាំទ្រ និង​សម្របសម្រួល​ដល់​ក្រុមហ៊ុន​ដែល​មាន​បំណង​វិនិយោគ​លើ​វិស័យ​នេះ​។ ចំពោះ​គម្រោង​អាកាសធាតុ​បៃតង សម្ដេច​ធិបតី បាន​គូសបញ្ជាក់ថា កម្ពុជា​កំពុងតែ​យកចិត្តទុកដាក់ និង​បោះជំហាន​ទៅមុខ​លើ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​បៃតង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​អាទិភាព​លើ​ការផលិត​ថាមពល​អគ្គិសនី​ស្អាត តាមរយៈ​ការប្រើប្រាស់​ថាមពល​វា​រី​អគ្គស​នី ថាមពល​ពន្លឺព្រះអាទិត្យ និង​ប្រភព​ថាមពល​កកើតឡើង​វិញ​ផ្សេងៗ​ទៀត​ផង​ដែរ​។​

​មុន​នឹង​បញ្ចប់ សម្ដេច​ធិបតី បាន​បញ្ជាក់​ផង​ដែរ​ថា ដើម្បី​ធានាបាន​នូវ​បរិយាកាស​នៃ​ការប្រកួតប្រជែង និង​ការធ្វើ​ធុរកិច្ច រាជរដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​យកចិត្តទុកដាក់​លើ​ការធានា​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​សណ្តាប់ធ្នាប់​សង្គម ដើម្បី​ផ្តល់​ជំនឿ​ទុកចិត្ត​ដល់​វិនិយោគិន​។

​សម្ដេច​ធិបតី បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន SK Securities ពិនិត្យ​លទ្ធភាព​ក្នុង​ការស្វែងរក​ឱកាស​នៅ​ក្នុង​កិច្ចសហការ​ជាមួយនឹង​ស្ថាប័ន​ពាក់ព័ន្ធ​លើ​វិស័យ​សក្ដានុពល​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕