កម្លាំង​ជំនាញ​ផែន​ប្រឆាំង​គ្រឿងញៀន ស្រាវជ្រាវ​តាម​ចាប់ខ្លួន​មេខ្លោង​ជួញដូរ​គ្រឿងញៀន រត់គេច​ខ្លួន​ជាង ៥​ឆ្នាំ មាន​ដីកាចាប់ខ្លួន ៧​ករណី ព្រមទាំង​រឹបអូស​បាន​គ្រឿងញៀន​ជិត​៣​គីឡូ​ក្រោម ស្មើរ​និង ១៦,៤០០​គ្រាប់ ព្រមទាំង​គ្រាប់បែកដៃ ២​គ្រាប់

​អនុវត្ត​តាម​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​  និង​អនុវត្ត​តាម​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ។​

​កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង ដឹកនាំ​ដោយ​លោក ឧត្តមសេនីយ៍ទោ អ៊ិន សុង លោក​វរសេនិយ៍​ឯក ហុង វណ្ណា​រិទ្ធ នាយករង​មន្ទីរ​  និង​លោក វរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរង​ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង សហការ​ជាមួយ​កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​មាន​ការសម្របសម្រួល​ដឹកនាំ​ពី​លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​  បាន​ស្រាវ​តាម​ចាប់​មុខសញ្ញា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ដែល​បានធ្វើ​សកម្មភាព​យ៉ាង​សកម្ម​នៅ​ភូមិសាស្ត្រ​ខេត្ត​កំពង់ឆ្នាំង ខេត្ត​កំពង់ធំ និង​រាជធានី​ភ្នំពេញ​។

​ជាក់ស្តែង កាលពី​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២៣ វេលា​ម៉ោង ១៣​និង​៣០ នាទី សមត្ថកិច្ច​បាន​រកឃើញ​និង​ចាប់ខ្លួន ជនល្មើស​ឈ្មោះ ឃុន សំអាត ហៅ ស្មី​  និង​បក្សពួក​២​នាក់​ឈ្មោះ ងែ​ន ដាលីន និង​ឈ្មោះ នាង សុវណ្ណ​រ៉ា នៅ​ចំណុច​ផ្ទះជួល ស្ថិតនៅក្នុង​ភូមិ​គោ​ចំ​បក់ សង្កាត់​ចោមចៅ​មួយ ខណ្ឌ​ពោធិ៍​សែន​ជ័យ​  និង​បន្ត​ទៅ​ឆែកឆេរ​បន្ទប់​ជួល​នៅ​ចំណុច ភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោមចៅ​មួយ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​ករណី​ខាងលើ​នេះ​សមត្ថកិច្ច បាន​ចាប់ខ្លួន​ជនល្មើស​១​នាក់​  និង​បក្ខពួក ចំនួន ២​នាក់​
១. ជនល្មើស​ឈ្មោះ​  ឃុន សំអាត ហៅ ស្មី ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ ជនជាតិខ្មែរ មេខ្លោង មាន​ដីកា​ចាប់ខ្លួន​រហូតដល់​៧​ករណី (​ពី​ឆ្នាំ​២០១៧ ដល់ ឆ្នាំ​២០២២) ។​
២.​ជនសង្ស័យ​  ឈ្មោះ ងែ​ន ដាលីន ភេទ​ស្រី អាយុ ៣៤​ឆ្នាំ ជនជាតិខ្មែរ​(​ប្រពន្ធ​មេខ្លោង​)
៣.​ជនសង្ស័យ ឈ្មោះ នាង សុវណ្ណ​រ៉ា ភេទ ប្រុស ៤៤​ឆ្នាំ ជនជាតិខ្មែរ​(​បណ្តាញ​)

​វត្ថុតាង​ចាប់​យក​រួមមាន​៖
– ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ប្រភេទ​កេតា​មីន​(Ketamine) ចំនួន ១​កញ្ចប់​ធំ ប្រមាណ​ជិត ១​គ​.​ក្រ
– ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ប្រភេទ​មេតំ​ហ្វេ​តា​មីន​(ICE) ចំនួន ១១​កញ្ចប់ ប្រមាណ​ជិត ១​គ​.​ក្រ
– កញ្ជប់​ពណ៍​ខៀវ និង​ក្រហម ប្រភេទ​អ៊ិច​ស្តា​ស៊ី​(MDMA) ចំនួន ៣៥​ក​ញ្ជប់​
– ថ្នាំ​គ្រាប់ ប្រភេទ​មេតំ​ហ្វេ​តា​មីន​(WY) ចំនួន​  ១៦,៤០០​គ្រាប់
-​ជញ្ចីង​ថ្លឹង​គ្រឿងញៀន​  ០១  គ្រឿង​
-​គ្រាប់បែកដៃ​ចំនួន​  ០២​គ្រាប់​
-​បង់​អាវុធ​ចំនួន ០១  និង​គ្រាប់​ចំនួន ០៥​គ្រាប់​
– ទូរស័ព្ទដៃ​ចំនួន ០២ គ្រឿង​
– រថយន្ត​ចំនួន ០១​គ្រឿង​( ពាក់​ផ្លាក់លេខ ភ្នំពេញ 2BU-6244)
– ម៉ូតូ​ចំនួន ០២​គ្រឿង​(​ពាក់​ផ្លាកលេខ ភ្នំពេញ 1KG-2001 និង ភ្នំពេញ 1GO-4614)

​បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ជនល្មើស​និង​ជនសង្ស័យ ព្រមទាំង វត្ថុតាង​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕​