ឃាត់ខ្លួនជនសង្ស័យ​២​នាក់ ខណៈ​ពេល​ធ្វើ​សកម្មភាព​លួ​ច​ម៉ូតូ​១​គ្រឿង នៅខណ្ឌដង្កោរាជធានីភ្នំពេញ

ហេតុការណ៍នេះដែលធ្វើឱ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៣ នៅ​ចំណុច​វាលស្រែ​ខាងជើង​ភូមិ​ទ័ព​បោះ ស្ថិត​ក្នុង​សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ ធ្វើការ​ឃាត់ខ្លួន ខណៈ​ពេល​ធ្វើ​សកម្មភាព​លួ​.​ច​ម៉ូតូ​១​គ្រឿង ហើយ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​២​នាក់​នេះ ក៏​មាន​ម្នាក់​បាន​កាន់​កាត​ជា​អ្នក​សារព័ត៌មាន ​សម្លេង​ប្រជាជន​ និង​មាន​តួនាទី​ជា​និពន្ធ​នាយករង​ថែម​ទៀត​ផង​។

ជនសង្ស័យ​​នេះ ទី​១- ឈ្មោះ រុន សុវណ្ណ​ឌី អាយុ​៣៥​ឆ្នាំ កាន់​កាត​កាសែត «​សម្លេង​ប្រជាជន » តួនាទី​និពន្ធ​នាយករង ស្នាក់​នៅផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ នឹង​មានស្រុក​កំណើត​ភូមិ​បុស​ផ្លាំ​ង ឃុំ​បុស​មន ស្រុក​រំដួល ខេត្តស្វាយរៀង​។ ទី​២- ឈ្មោះ ហួរ វី អាយុ​៣៨​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ដី​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ​។ ជនសង្ស័យ​ទាំង​២​នាក់​នេះ បាន​លួ​.​ច​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ​1GW-7146 ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ម៉េ​ស នី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ទ័ព​បោះ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ។

នៅ​មុន​កើតហេតុ បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​ផ្លាស់​គោ នៅ​ឯ​វាលស្រែ​ខាងជើង​ភូមិ ដោយ​ចត​ម៉ូតូ​នៅ​លើ​ផ្លូវ និង​បាន​ចាក់សោ​.​ក​ត្រឹមត្រូវ ខណៈ​ពេល​នោះ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ទាំង​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ប​ពី ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២៣ ពាក់​ស្លាក​លេខ ភ្នំពេញ​1JF-0654 ទៅ​ឈប់​ក្បែរ​ម៉ូតូ​របស់​ជន​រង​គ្រោះ រួច​ស្រែកសួរ​សុខទុក្ខ​គាត់ (​ជន​រង​គ្រោះ​) ថា «​សុខ​សប្បាយ​អត់​» ថែម​ទៀត​ផង​។

ភ្លាម​ៗ​នោះ ជន​រង​គ្រោះ​បាន​ស្រែក​ឆោឡោ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ និង​កម្លាំង​ប្រជា​ការពារ ព្រមទាំង​នគរបាល បាន​ដេញ​តាម​ជនសង្ស័យ បន្ទាប់​មក​ជនសង្ស័យ​ក៏​ផ្តួល​ម៉ូតូ​ហុងដា​ឌ្រី​ម​ចោល រួច​លោ​.​ត​ឡើង​ជិះ​ម៉ូតូ​ជាមួយ​បក្សពួក ដើម្បី​រត់គេច រហូត​ដល់​ប្រឡាយ ស្ថិត​ក្នុងភូមិ​ពងទឹក សង្កាត់​ពងទឹក ក៏​ធ្លាក់​ប្រឡាយ​តែ​ម្ដង ហើយ​ត្រូវ​សមត្ថកិច្ច​ព័ទ្ធ​ចាប់​បាន​ទាំង​២​នាក់​។

ជនសង្ស័យ​ទាំង​២​នាក់ រួម​ជាមួយនឹង​វត្ថុ​តាង​ទៅ​សាកសួរ ទើបបាន​ដឹង​ថា ជនសង្ស័យ​ម្នាក់​ឈ្មោះ រុន សុវណ្ណ​ឌី គឺជា​អ្នកនិពន្ធ​នាយករង​កាសែត ហើយ​ក៏​ជា​មុខសញ្ញា​ចាស់​ខាង​អំពើ​ចោ​​រក​​ម្ម​ទៀត​ផង​។ នគរបាល​កំពុង​តែ​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​​នេះ ទៅ​កាន់​តុលាការ​ហើយ ដើម្បី​ចាត់ការ​តាម​ច្បាប់​​៕