
ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរីបើកឡានបុកក្មេងម្នាក់ស្លាប់ ហើយបានដាក់មេប្រូចគេចខ្លួនហើយ!
ខេត្តមណ្ឌលគិរី៖ សាក្សីនិយាយថា គេបានឃើញប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទ គឺលោក យន់ សារ៉ោម បើក រថយន្តពាក់ផ្លាកលេខរដ្ឋបុកក្មេងប្រុសម្នាក់អាយុ៥ឆ្នាំបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង រួចគេចខ្លួនបាត់ដោយគ្មានទទួលខុសត្រូវ ។ ករណីហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី ០៣សីហា ម្សិលមិញ នៅត្រង់ចំណុចភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។
លោក យន់់ សារ៉ោម និងរថយន្តពាក់ផ្លាកលេខរដ្ឋដែលបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បើតាមសេចក្ដីរាយការណ៍ថា ក្មេងប្រុសដែលបានស្លាប់យ៉ាងអាណោចអាធ័មក្រោមកង់ឡានលោកប្រធានមន្ទីរនោះឈ្មោះ ជីង អាន អាយុ៥ឆ្នាំ រស់នៅជាមួយឪពុក ម្ដាយក្នុងភូមិ-ឃុំ ខាងលើ ។
ប្រភពថា គេបានឃើញលោក យន់ សារ៉ោម បើក រថយន្តពាក់ផ្លាកលេខរដ្ឋ ២០-២-០១៥២ ចេញពីក្រុងសែនមនោរម្យ ក្នុងគោលដៅទៅពិនិត្យមើល ផ្លូវដែលបាក់ស្រុតនៅចំណុចអូរងើយក្នុងស្រុកអូរាំង ដោយខ្វះការព្រំប្រយ័ត្នក៏បានបុកក្មេងប្រុសខាងលើបណ្ដាលឱ្យស្លាប់ ហើយក៏ជ្រុលទៅបុករថយន្ត camry ស្វិតមួយគ្រឿងទៀត បណ្ដាលឲ្យខ្ទេចផ្នែកខាងមុខ ។
ទាក់ទិនករណីនេះ យោងតាមច្បាប់ចរាចរណ៍ផ្លូវគោក ជំពូកទី១០ ស្ដីពីទោសប្បញ្ញត្តិ ត្រង់មាត្រា៨៥ បានបញ្ជាក់ថា ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាកាតព្វកិច្ច នៃបទប្បញ្ញត្តិស្ដីពីចរាចរណ៍ផ្លូវគោក បណ្ដាលឲ្យស្លាប់អ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី៤លាន ដល់១៥លានរៀល និងអាចត្រូវផ្ដន្ទា ទោសដោយទោសបន្ថែមមួយ ឬច្រើន ដូចមានចែងក្នុងមាត្រា៥៣ (ប្រភេទនៃទោសបន្ថែម នៃក្រមព្រហ្មទណ្ឌ) ។
បើទោះជាដូច្នេះករដោយ ក៍គេមិនទាន់ដឹងទេថា តើច្បាប់នៃ ប្រទេសកម្ពុជាមានឥទ្ធិពលគ្រប់គ្រាន់ក្នុងការផ្ដន្ទាទោសលោក យន់ សារ៉ោម ដែរឬយ៉ាងណានោះទេ។ ខណៈកាលពីលើកមុនដែលប្រធានមន្ទីរអភិវឌ្ឍន៍ជនបទដ៏ច្រឡោងខាមរូបនេះ បានទាញកាំបិតដេញ ប៉ងសម្លាប់ភរិយារបស់ខ្លួនហើយលោក ថង សាវុន អភិបាលខេត្តកាលពីអំឡុងខែកក្កដា កន្លងទៅបានត្រឹមតែចេញលិខិតព្រមាននោះ ៕