
ឃាត់ខ្លួនមនុស្ស០៤នាក់ ដែលធ្វើសកម្មភាពលួចកាប់ព្រៃសហគមន៍ទន្ទ្រានយកដី ក្នុងឃុំពង់ទឹកស្រុកដំណាក់ចង្អើរ
ខេត្តកែប៖ ក្រោយពីមានសេចក្តីរាយការណ៍ទៅមន្ត្រីជំនាញ កម្លាំងសមត្ថកិច្ចចម្រុះដោយមានការសម្របសម្រួលពី ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ក៍អនុវត្តតាមបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៍បានបញ្ជាកម្លាំងមន្ត្រីជំនាញឲ្យចុះទៅទប់ស្កាត់ពលរដ្ឋដែលកំពុងធ្វើសកម្មភាពកាប់ទន្ទ្រានយកដីរដ្ឋ។
ប្រតិបត្តិការចុះទប់ស្កាត់ប្រជាពលរដ្ឋកាប់ព្រៃយកដីខាងលើនេះ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ នៅចំណុចភូមិចំការបី ឃុំពង់ទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ករណីអាជ្ញាធរចុះទៅទប់ស្កាត់ប្រជាពលរដ្ឋកាប់ទន្ទ្រានដីរដ្ឋនោះដោយមានការសហការជាមួយអាជ្ញាធរស្រុក គឺលោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ
,លោក អ៊ុក វុទ្ធី និងលោក ធិន សុីណា អភិបាលរងស្រុក ដឹកនាំកម្លាំងចម្រុះមាន លោក ឌិត សុវណ្ណ នាយផ្នែករដ្ឋបាលព្រៃឈើ នៃមន្ត្រីកសិកម្ម , លោក នួន នី អនុការិយាល័យសេដ្ឋកិច្ចស្រុក , លោក ជិន ដារ៉ា មន្ត្រីរដ្ឋបាលស្រុក , លោក ឆេង ស្រ៊ុន មន្ត្រីរដ្ឋបាលស្រុក , លោក រ័ត្ន មុន្នី មន្ត្រីភូមិបាលស្រុក , លោក សំ ផូន អាវុធហត្ថស្រុក , លោក សុខ កុសល អាវុធហត្ថស្រុក , លោក ស៊ូ ចាយ អធិការដ្ឋាននគរបាលស្រុក , ទៀន សាមមើឌី នាយរងផ្នែក , លោក វរសេនីយ៍ឯក ង៉ែត ទូច ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកែប , លោកវរសេនីយ៍ ប៊ុន ឡាយ , លោកវរសេនីយ៍ ពៅ វុទ្ធិ , លោកវរសេនីយ៍ អាត់ ភារ: មន្ត្រីកម្លាំងនៃស្នងការនគរបាលខេត្ត បានចុះធ្វើការឃាត់ខ្លួនមនុស្សចំនួន៤នាក់ ។
ក្រុមប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធការកាប់រាន់យកដីរដ្ឋទាំង០៤នាក់ នេះមានឈ្មោះដូចខាងក្រោម៖
១,ឈ្មោះ ឈឹម រ៉ី អាយុ ៤២ឆ្នាំ នៅភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត
២,ឈ្មោះ ណា ខុំ អាយុ ២៤ឆ្នាំ នៅភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត
៣,ឈ្មោះ បេ វ៉ាន់ អាយុ ៥៣ឆ្នាំ នៅភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត
៤,ឈ្មោះ ខូវ ផូង អាយុ ៤៥ឆ្នាំ នៅភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។
បន្ទាប់ពីសមត្ថកិច្ចជំនាញបានសួរនាំ ទើបដឹងថាអ្នកទាំងបួននោះ ជាកម្មករស៊ីស្នួល។ នៅចំពោះមុខសមត្ថកិច្ចពួកគាត់បានសារភាពថា ពួកគាត់ត្រូវបានឈ្មោះ សិទ្ធ ច្រយ ភេទស្រី នៅភ្នំពេញ ជួលកាប់យកដី ក្នុង១ហិក.តា បានស្នួលតម្លៃ ៣០០ដុល្លារ។
លោក ជួន សំរួល ប្រធានស្តីទីនាយខណ្ឌរដ្ឋបាលព្រៃឈើកែបបានបញ្ជាក់ថា ដីនៅចំណុចខាងលើនេះ
គឺជាដីព្រៃសហគមន៏របស់រដ្ឋ ហើយដីនេះកំពុងដាក់ប្តឹងទៅតុលាការខេត្តកំពត ចំពោះអ្នករំលោភបំពានកាប់ព្រៃត្រូវបានឃាត់ខ្លួន និងស្នើសុំយោបល់ថ្នាក់លើបន្ត។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ កម្លាំងចម្រុះស្រុកដំណាក់ចង្អើរ ធ្លាប់បានចុះធ្វើការហាមឃាត់ម្តងរួចមកហើយ បន្ទាប់ពីក្រុមកម្មករខាងលើនេះបានទៅសាងសង់របងដោយគ្មានការអនុញ្ញាត្ត និងបានឲ្យធ្វើកិច្ចសន្យា ប៉ុន្តែអ្នកដែលនៅពីក្រោយខ្នងក្រុមកម្មករទាំងនោះ គឺនៅតែបំពានច្បាប់ដ៍ដែល។
ជុំវិញបញ្ហាការទន្ទ្រានយកដីរដ្ឋខាងលើនេះ តើមន្ត្រីជំនាញហ៊ានចាត់វិធានការច្បាប់ ទៅលើបុគ្គលឈ្មោះ សិទ្ធ ច្រយ ដែរ ឬទេ៕