
សាកលវិទ្យាល័យស្វាយរៀង និង សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន រួមគ្នាពន្លាតការយល់ដឹងទស្សនវិជ្ជាចិនស្តីពី«កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ»
នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីស្ថានទូតចិនប្រចាំកម្ពុជា លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានថ្លែងទៅកាន់គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងនិស្សិតចំនួន២០០នាក់នៅសាកលវិទ្យាល័យស្វាយរៀង ថាជាទស្សនវិជ្ជារបស់ចិនដែលបានផ្តួចផ្តើមកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ ដោយលោក Xi Jinping ប្រធានរដ្ឋចិន នោះគឺ «កិច្ច កសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ» ដែលវាជាយុទ្ធសាស្ត្រដ៏សំខាន់នៅក្នុងគតិបណ្ឌិតចិនរួមជាមួយនឹងទស្សនវិស័យជាសកលយ៉ាងទូលំទូលាយ ហើយបានរចនាប្លង់មេសម្រាប់ការអភិវឌ្ឍសន្តិភាព និងកសាងពិភពលោក ដោះស្រាយក្នុងការប្រឈមមុខនឹងបញ្ហាជាសកលនានា។
ប្រទេសចិនបានអំពាវនាវឱ្យប្រជាជននៃប្រទេសទាំងអស់ធ្វើការរួមគ្នាក្នុងការកសាងពិភពលោកដែលបើកចំហ បរិយាប័ន្ន បៃតងភាព សន្តិភាពយូរអង្វែង សន្តិសុខសកល និងវិបុលភាពរួម។
បច្ចុប្បន្ននេះ ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មសំខាន់ៗនៅក្នុងតំបន់ និងប្រទេសជាង១៤០នៅក្នុងពិភពលោក ដើម្បីបង្កើនល្បឿនដល់ដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានលក្ខណៈបើកចំហ តម្លាភាព បរិយាប័ន្ន និងគ្មានការរើសអើង ហើយកសាងសេដ្ឋកិច្ចពិភពលោកមួយដែលបើកចំហ។
ក្រោមទម្រនៃទស្សនវិជ្ជាចិនស្តីពី «សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ» ទើបកម្លាំងរួមគ្នាក្នុងរយៈពេល១០ឆ្នាំនេះបាននាំពិភពលោកឈានទៅបិទបញ្ចប់គោលនយោបាយគាំពារពាណិជ្ជកម្ម និងគោលនយោបាយឯកោនិយមដែលមិនផ្តល់ផលប្រយោជន៍អ្វីទាំងអស់។
ក្រោយពីបានស្តាប់អង្គបាឋកថានេះ ឯកឧត្តម ទុំ សារាវុធ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យស្វាយរៀង បានគូសរំលេចថា ជាការប្រែក្លាយពីទស្សនវិជ្ជាចិនស្តីពី «កិច្ចកសាងសហគមន៍ជោគ វាសនារួមនៃមនុស្សជាតិ» ទៅជាគោលការណ៍សកល ដោយគិតមកដល់ឆ្នាំ២០២៣នេះ គឺរយៈពេល១០ឆ្នាំកន្លងមកហើយដែលប្រទេសចិនបានរួមកម្លាំងជាមួយបណ្តាប្រទេសលើពិភពលោកដោយបន្តការរួមចំណែកថ្មីនិងធំជាងមុន ដោយជំរុញឱ្យពិភពលោកប្រែទៅជាភូមិសកលដ៏ធំមួយពោរពេញដោយអនាគតដ៏រុងរឿងនិងបៃតងភាព និងបានប្រែទៅជាភូមិប្រកបដោយឧទ្យានចម្រុះអរិយធម៌ដ៏ស្រស់ត្រកាលរួមគ្នាសម្រាប់មនុស្សជាង៨ពាន់លាននាក់។
ភូមិសកលដែលបានចេញពីទស្សនវិជ្ជាចិនស្តីពី «កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ» បានបង្កើនទំនុកចិត្ត បង្កើនកម្លាំងរួមគ្នាឈរលើជំហនៅក្នុងសច្ចភាពយ៉ាងច្បាស់លាស់នៃប្រវត្តិសាស្ត្រ ហើយបន្តប្រកាន់ខ្ជាប់នូវវឌ្ឍនភាពមាគ៌ាទំនើបកម្មសង្គមរបស់មនុស្សជាតិ ឈានឆ្ពោះទៅសម្រេចបាននូវសន្តិភាពនិងការអភិវឌ្ឍពិភពលោកប្រកបដោយចីរភាព៕