សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្វាយ​ព្រះរាជដំណើរ​​ព្រះមហាក្សត្រ​យាង​បំពេញ​ព្រះរាជទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​ប្រទេស​ឥណ្ឌា​

នៅ​ព្រឹក ថ្ងៃ​ចន្ទ ១០​កើត ខែ​ជេស្ឋ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ថ្វាយ​ព្រះរាជដំណើរ​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​នៅ​ព្រឹក​នេះ ព្រះអង្គ​បាន​សព្វព្រះរាជហឫទ័យ​យាង​បំពេញ​ព្រះរាជទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​សាធារណរដ្ឋ​ឥណ្ឌា​។

​យោង​តាម​ក្រសួង​ការបរទេស បានឱ្យដឹងថា ព្រះរាជដំណើរ​បំពេញ​ព្រះរាជទស្សនកិច្ច​របស់​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​នៅ​ប្រទេស​ឥណ្ឌា​នាពេលនេះ មាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១​ខែ​ឧសភា ឆ្នាំ​២០២៣ តប​តាម​ការយាង​របស់​លោក​ស្រី ដ្រៅ​ផា​ឌី មួ​រមូ ប្រធានាធិបតី​ឥណ្ឌា​។ ព្រះរាជដំណើរ​ទស្សនកិច្ច​របស់​ព្រះមហាក្សត្រ​ខ្មែរ នៅ​ប្រទេស​ឥណ្ឌា​នាពេលនេះ ចំ​ពេល​ដែល​ប្រទេស​ទាំង​ពីរ​កំពុង​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​។​

​បើ​តាម​ក្រសួង​ការបរទេស​កម្ពុជា បានឱ្យដឹង​ទៀត​ថា ក្នុង​កំលុងពេល​នៃ​ព្រះរាជ​ទស្សនកិច្ច​នេះ លោកស្រី ដ្រៅ​ផា​ឌី មួ​រមូ ប្រធានាធិបតី​ឥណ្ឌា និង​លោក ណារិ​នដ្រា ម៉ូ​ឌី (Narendra Modi) នាយករដ្ឋមន្ត្រី​ឥណ្ឌា នឹង​ទទួល​រៀបចំ​ព្រះរាជ​ពិធី​សវនាការ​ថ្វាយ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ដែល​ក្នុង​ឱកាស​នោះ កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី នឹង​ត្រូវ​លើកយក​មក​ពិភាក្សា​។​

​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី សព្វព្រះរាជហឫទ័យ ព្រះ​បរម​រាជានុញ្ញាត ជូន​លោក ច៉ាក​ឌី​ប ដា​ន់ខា (Jagdeep Dhankhar) អនុ​ប្រធានាធិបតី និង​លោក​បណ្ឌិត ស៊ូ​ប្រា​ម៉ាន់​យ៉ាំ ចៃ​ហ្សាន​កា (Subrahmanyam Jaishankar) រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា ចូល​ក្រាប​បង្គំ​គាល់ និង​សវនាការ​ផងដែរ​។​

​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី នឹង​យាង​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅ​មណ្ឌប Mahatma Gandhi​។ លោកស្រី ដ្រៅ​ផា​ឌី មួ​រមូ ប្រធានាធិបតី​ឥណ្ឌា នឹង​រៀបចំ​ព្រះរាជ​ពិធី​លៀង​សាយភោជន៍​ផ្លូវរដ្ឋ ថ្វាយ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។​

​ព្រះរាជទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី នៅ​ប្រទេស​ឥណ្ឌា គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​សារសំខាន់​មួយ​ក្នុង​ទំនាក់ទំនង​ដ៏​យូរអង្វែង​រវាង​ប្រទេស​ទាំង​ពីរ ព្រមទាំង​រួមចំណែក​ក្នុងការ​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ចំណង​មិត្តភាព​ដ៏​ប្រសើរ និង​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​ដែល​ចាក់ឫស​យ៉ាង​ជ្រៅ​នៅក្នុង​បេតិកភណ្ឌ​វប្បធម៌ សាសនា និង​ប្រវត្តិសាស្ត្រ​រួម ដើម្បី​ជា​ប្រយោជន៍​ទៅវិញទៅមក​សម្រាប់​ប្រជាជន​ទាំង​ពីរ​៕​