រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ណែនាំ​ឱ្យ​សហភាព​សហគមន៍​កសិកម្ម​ព្រះវិហារ​មានជ័យ​ត្រូវ​គិតគូរ​លើ​ការ​វេច​ខ្ចប់​ឱ្យមាន​ភាព​ទាក់ទាញ បង្ហាញ​ពី​អត្តសញ្ញាណ ស្លាក​យីហោ​អង្ករ​របស់​កម្ពុជា​យើង​

​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០២៣ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ថ្នាក់ដឹកនាំ បាន​ទស្សនកិច្ច​ស្នាក់ការ​សហភាព​សហគម​ន៍​កសិកម្ម​ខេត្ត​ព្រះវិហារ​មានជ័យ ស្ថិតនៅ​ភូមិ​ឯកភាព ប៉ា​លហាល ក្រុង​ព្រះវិហារ ខេត្ត​ព្រះវិហារ​។​

​ក្នុង​ទស្សនកិច្ច​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​សហភាព​សហគមន៍​កសិកម្ម​ព្រះវិហារ​មានជ័​យយកចិត្តទុកដា​ក់​សិក្សា​ពី​ខ្សែ​ច្រវាក់​តម្លៃ និង​ត្រូវមាន​ផែនការ​ផលិត​ច្បាស់លាស់ ជំរុញ​ការធ្វើ​ស្រូវ​សរីរាង្គ តាមរយៈ​ការប្រើប្រាស់​ពូជស្រូវ​សុទ្ធ ដើម្បី​ផលិតភាព​ខ្ពស់ គុណភាព​ល្អ តម្លៃ​ល្អ និង​ងាយ​ប្រកួតប្រជែង​។

​ជាមួយគ្នានេះដែរ ត្រូវ​គិតគូ​រលើ​ការ​វេច​ខ្ចប់​ឱ្យមាន​ភាព​ទាក់ទាញ បង្ហាញ​ពី​អត្តសញ្ញាណ ស្លាក​យីហោ​អង្ករ​របស់​យើង​។​

​បើតាម ឯកឧត្តម​រដ្ឋមន្ត្រី សហភាព​សហគមន៍​កសិកម្ម​ត្រូវ​ធ្វើការ​ជាមួយគ្នា សហការ​គ្នា​ល្អ ដោយ​តម្កល់​ផលប្រយោជន៍​ជាតិ​ជា​ធំ ពង្រឹង​គុណភាព​និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ បង្កើន​ការនាំចេញ បង្កើន​ចំណូល មាន​ចំណេញ មាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច និង​ភាព​រីកចម្រើន​។ ទាក់ទង​នឹង​ការងារ​នេះ ក្រសួង​នឹង​ជួយ​គាំទ្រ ក៏ដូចជា​ជួយ​សម្រួល​ដល់​កសិករ ដើម្បី​ទទួលបាន​ផលចំណេញ​ពី​ផលិតកម្ម​ខ្មែរ​យើង​៕