អបអរ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២​នៅ​កម្ពុជា​បាន​បញ្ចប់ទៅ យ៉ាង​ជោគជ័យ​ដ៏​ត្រចះត្រចង់ និង​អនុស្សាវរីយ៍​ដ៏​អស្ចារ្យ​របស់​កម្ពុជា​

​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ត្រូវបាន​បញ្ចប់​ទៅ​ប្រកបដោយ​ភាពជោគជ័យ ល្បី​រន្ទឺ និង​ស្ញប់ស្ញែង​ទូទាំង​ពិភពលោក​។ ក្នុងនាម​ជា​ម្ចាស់​ឧបត្ថម្ភ​ធំ​ផ្លូវការ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើរី ពិតជា​មាន​មោទនភាព​ដែល​បាន​រួមចំណែក​ជា​ផ្នែក​មួយ​ទ្រទ្រង់​ព្រឹត្តិការណ៍​ថ្នាក់​ជាតិ​នេះ និង​នាំ​យក​ភាព​អស្ចារ្យ​របស់​កម្ពុជា​ទៅ​លើ​ឆាក​អន្តរជាតិ​។​

​លើស​ពី​ជោគជ័យ និង​អនុស្សាវរីយ៍​ដ៏​អស្ចារ្យ​ជាច្រើន កម្ពុជា​យើង​ដណ្តើម​បាន​មេដាយ​សរុប​ចំនួន ២៨២ ក្នុងនោះ​មាន​មេដាយមាស ៨១ មេដាយប្រាក់ ៧៤ និង​មេដាយសំរិទ្ធិ ១២៧ ដែល​ឈរ​លើ​ចំណាត់ថ្នាក់​លេខ ៤ ក្នុងចំណោម​ប្រទេស​ទាំង ១១ ដែល​ចូលរួម​ប្រកួត ហើយ​លទ្ធផល​នេះ បង្ហាញ​ថា​កម្ពុជា​បាន​បំបែក​កំណត់ត្រា​ថ្មី ដែល​ទទួលបាន​មេដាយ​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​ចូលរួម​ប្រកួត​ស៊ី​ហ្គេម​កន្លងមក​។​

​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​នេះ បាន​ធ្វើឲ្យ​កិត្យានុភាព​កម្ពុជា​កាន់តែ​រះ​ត្រដែត​នៅលើ​ឆាក​អន្តរជាតិ​  ជាពិសេស​ពិធី​បើក និង​បិទ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ដ៏​ទាក់ទាញ បង្កប់​នូវ​អត្ថន័យ​ជ្រាលជ្រៅ រំលេច​ពី​ភាពរុងរឿង​អស្ចារ្យ​របស់​កម្ពុជា ជាមួយ​ផ្ទាំងទស្សនីយភាព​សិល្បៈ​ដ៏​សម្បូរបែប​។​

​លើស​ពី​ការរួមចំណែក​ឧបត្ថម្ភ គាំទ្រ​ទាំង​ថរិកា សម្ភារៈ និង​ផលិតផល ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើរី ក៏​បាន​ចូលរួម​ក្នុង​ការផលិត​នូវ​បទ​ចម្រៀង “​ផ្ទះ​តូច បេះដូង​ធំ​” សម្រាប់​អបអរ​ប្រទេស​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ ដែល​ទទួយបាន​ការចាប់អា​រម្ម​ណ៍​យ៉ាងខ្លាំង​ពី​សំណាក់​មហាជន​ទាំង​ក្នុង និង​ក្រៅប្រទេស ដោយ​ទទួលបាន​ការចូល​ទស្ស​នា​រាប់លាន​នាក់ និង​ចូល​ខំ​មេន​(Comment) ព្រោងព្រាត​កោតសរសើរ​ទៅ​លើ​ខ្លឹមសារ​បទ​ចម្រៀង និង​វីដេអូ​ដ៏​រស់​រវើក បន្ទាប់​ពី​វីដេអូ​ចម្រៀង​មួយ​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ត្រឹម​រយៈពេល​ដ៏​ខ្លី​។​

​បទ​ចម្រៀង​ដ៏​មាន​អត្ថន័យ​មួយ​នេះ ត្រូវ​បាន​បកស្រាយ​ដោយ​តារា​ចម្រៀង​ល្បីៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​គឺ អ្នកនាង មាស សុខ​សោភា និង​ពូ​ឃ្លាំង ដែល​បង្ហាញ​ពី​សិល្បៈ​ខ្មែរ​ស្ទើរ​គ្រប់​ទម្រង់ ហើយក៏​ជា​ផ្នែក​មួយ​នៃ​ការផ្សព្វផ្សាយ វប្បធម៌​អរិយធម៌​របស់​យើង​ឲ្យ​ថ្កុំថ្កើង​ទៅកាន់​ឆាក​អន្តរជាតិ ក៏ដូចជា​ជំរុញ​បន្ថែម​ទៅលើ​ស្មារតី​អ្នកគាំទ្រ​គ្រប់​រូបឲ្យ​ចូលរួម​លើក​ស្ទួយ​វិស័យ​កីឡា ក្រោម​ពាក្យស្លោក​អាស៊ាន​តែមួយ​គឺ “​កីឡា​រស់​ក្នុង​សន្តិភាព​”​។​

​ជាងនេះទៅទៀត វីដេអូ​ចម្រៀង​ដ៏​មាន​អត្ថន័យ​នេះ​បាន​បង្កប់​នូវ​ភាពថ្លៃថ្នូរ ទន់ភ្លន់​នៃ​ប្រជាជន​ខ្មែរ ប្រកប​ដោយ​មោទនភាព​ជាតិ ជាមួយ​ស្នាម​ញញឹម​រាក់ទាក់ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ទៅកាន់​ភ្ញៀវ​ទេសចរណ៍​គ្រប់​ជាតិ​សាសន៍ ដែល​បាន​មក​កម្សាន្ត​ទស្សនា​ប្រទេស​កម្ពុជា​នា​ឱកាស​ព្រឹត្តិការណ៍​កីឡា​ដ៏​វិសេសវិសាល​នេះ​។​

​ពាក់ព័ន្ធ​ការចូលរួម​គាំទ្រ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ហើយ​សូម​ឲ្យ​ប្រជាជន​យើង​បន្ត​គាំទ្រ​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២៣ ខាងមុខនេះ ហើយ​ចូលរួម​លើកទឹកចិត្ត​អត្ត​ពលិ​កពិកា​ររបស់​យើង ជាពិសេស​គាំទ្រ និង​ចែករំលែក​បទ​ចម្រៀង “​ផ្ទះ​តូច បេះដូង​ធំ​” ដើម្បី​ឲ្យ​ពិភពលោក​ស្គាល់​ពី​ភាព​អស្ចារ្យ​នៃ​ព្រឹត្តិការណ៍​កីឡា​នៅ​កម្ពុជា​៕​