
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ ADFIAP លើទី៤៧ នៅកម្ពុជា
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៤៦ នៅទីក្រុងអាល់ម៉ាទី ប្រទេសកាហ្សាកស្ថាន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ក្រោមប្រធានបទ ស្តីពី «គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ និងនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធ៖ វិធីសាស្ត្រ និងគំរូនៃប្រតិបត្តិការ»។
នៅក្នុងកិច្ចប្រជុំនេះធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ARDB ទទួលបានកិត្តិយស និងសិទ្ធិក្នុងការធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំ Association of Development Financing Institutions in Asia and the Pacific (ADFIAP) ប្រចាំឆ្នាំលើកទី៤៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៦-១៨ ខែឧសភា ឆ្នាំ ២០២៤ នៅព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងនឹងមានការចូលរួមពីសមាជិកទាំង៤១ ប្រទេស មកពីជាង៩០ស្ថាប័ន។
ជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក៏បានទទួល «ពានរង្វាន់សម្រាប់ការអភិវឌ្ឍសម្រាប់ឆ្នាំ២០២៣ (Development Awards 2023)» ក្រោមការអនុវត្តកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល លើការគាំទ្រសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកសិកម្ម ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ ADFIAP លើទី៤៦ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១៥-១៧ ខែឧសភា ឆ្នាំ២០២៣ ក្នុងទីក្រុងអាល់ម៉ាទី ប្រទេសកាហ្សាក់ស្ថាន។
ពានរង្វាន់សម្រាប់ការអភិវឌ្ឍន៍នេះ គឺជាពានរង្វាន់ប្រចាំឆ្នាំសម្រាប់ស្ថាប័នហិរញ្ញវត្ថុ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលបានអនុវត្តគម្រោងនានា ដែលផ្តល់ការគាំទ្រដល់ការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចជនបទ ក៏ដូចជាការជំរុញការផ្តល់ហិរញ្ញប្បទានប្រកបដោយចិរភាព៕