កម្ពុជា ទទួលបាន​មេដាយ មាស ០១​គ្រឿង ប្រាក់​០១​គ្រឿង និង​សំរិទ្ធ​០២ គ្រឿង លើ​វិញ្ញាសារ ប្រកួត​កីឡា​ម៉ូតូ​ទឹក ក្នុង​ព្រឹត្តិការណ៍​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ “32 SEA GAME” ឆ្នាំ​២០២៣

នា​រសៀល​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៣ ឯកឧត្តម​បណ្ឌិត អូស្មាន ហាស្សាន់ ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ម៉ូតូ​កម្ពុជា អញ្ជើញ​បិទ​ការប្រកួត​កីឡា​ម៉ូតូ​ទឹក ក្នុង​ព្រឹត្តិការណ៍​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ (32 SEA GAME) ឆ្នាំ​២០២៣ ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៣​នៅ​ឆ្នេរ​សុខា ស្ថិតនៅ​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ដោយ​មាន​ការចូលរួម​ពី​គណៈប្រតិភូ​កីឡាករ កីឡាការិនី​ទាំង ៥​ប្រទេស​។​

​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣ សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា បាន​រៀបចំ​ការប្រកួត​កីឡា​ម៉ូតូ​ទឹក ក្នុង​ព្រឹត្តិការណ៍​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ (32 SEA GAME) ឆ្នាំ​២០២៣ ក្រោម​ពាក្យស្លោក កីឡា​រស់​ក្នុង​សន្តិភាព ដែល​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៦ ឆ្នាំ​២០២៣ នៅ​ខេត្ត​ព្រះសីហនុ​។ ខេត្ត​ព្រះសីហនុ ត្រូវបាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រកួត​កីឡា ៣​ប្រភេទ​មាន​ដូចជា កីឡា​ទូកក្តោង ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​៨ ខែ​ឧសភា ឆ្នាំ​២០២៣ បាល់ទះ​លើ​ឆ្នេរ​ខ្សាច់​ចាប់ផ្តើម​ប្រកួត​ពី​ថ្ងៃ​ទី​១១ ដល់​១៦ ខែ​ឧសភា ឆ្នាំ​២០២៣ និង​កីឡា​ម៉ូតូ​ទឹក ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៣​។​

​តាម​របាយការណ៍​ប្រកួត​កីឡា​ម៉ូតូ​ទឹក ក្នុង​ព្រឹត្តិការណ៍​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ (32 SEA GAME) ឆ្នាំ​២០២៣ នៅលើ​ទឹកដី នៃ​ខេត្ត​ព្រះសីហនុ មាន​គណៈកម្មការ​បច្ចេក​ទេស​អន្តរជាតិ​ចូលរួម​ចំនួន ២២​នាក់ ក្នុងនោះ​ស្រី ៥​នាក់ គណៈកម្មការ​ថ្នាក់​ជាតិ​ចំនួន ៤២​នាក់ ស្រី ៤​នាក់ និង​ប្រតិភូ​កីឡាករ កីឡាការិនី​ខ្លាំងៗ​កម្រិត​អន្តរជាតិ និង​ពិភពលោក​ចំនួន ១៥០​នាក់​។

​ក្នុងនោះ ១.​កម្ពុជា មាន​ប្រតិភូ​ក្លឹប Flamingo ៣៩​នាក់ កីឡាករ ១០​នាក់ ២.​ប្រទេស​ថៃ មាន​ប្រតិភូ​ចំនួន ២៨​នាក់ កីឡាករ​ចំនួន ១០​នាក់ ស្រី ០១​នាក់​
៣.​ប្រទេស​ម៉ាឡេស៊ី មាន​ប្រតិភូ​ចំនួន ១៤​នាក់ កីឡាករ​ចំនួន ៤​នាក់ ស្រី ០១​នាក់​
៤.​ប្រទេស​ឥណ្ឌូនេស៊ី មាន​ប្រតិភូ​ចំនួន ៨​នាក់ កីឡាករ​ចំនួន ៦​នាក់​
៥.​ប្រទេស​ហ្វីលីពីន មាន​ប្រតិភូ​ចំនួន ៧​នាក់ កីឡាករ​ចំនួន ៤​នាក់​។ គណៈកម្មការ​បច្ចេកទេស​រៀបចំ​ប្រកួត​កីឡា​ម៉ូតូ​ទឹក​នៅ​ខេត្ត​ព្រះសីហនុ មាន​វិញ្ញាសា​ចំនួន ៦ រួម 1.RUNABOUT STOCK 2.SKI GP 3.SKI 1500 STOCK 4.SKI LITE 5.RUNABOUT 1100 STOCK 6.ENDURENCE RUNABOUT OPEN 1​។​

​លទ្ធផល​ការប្រកួត​កីឡា​ម៉ូតូ​ទឹក​លើ​វិញ្ញាសា​ចំនួន​៦ កម្ពុជា ទទួលបាន​មេដាយ មាស ០១​គ្រឿង ប្រាក់​០១​គ្រឿង និង​សំរិទ្ធ​០២ គ្រឿង​៕