សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​មេបញ្ជាការ​កង​ស្វ័យ​ការពារ​ជើងគោក​ជប៉ុន ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៣​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ យ៉ូ​ស៊ីដា យ៉ូ​ស៊ី​ហ៊ី​ដេ (Yoshida Yoshihide) មេបញ្ជាការ​កង​ស្វ័យ​ការពារ​ជើងគោក​ជប៉ុន ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​តាម​ការ​ឲ្យដឹង​ពី​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេជោ​បានឲ្យ​ដឹង​អំពី​លទ្ធផ​ល​ជំនួប​ថា ឯកឧត្តម​បាន​ជម្រាបជូន​សម្ដេច​តេ​ជោថា​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ បាន​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ស្របពេល​នឹង​ការ​ប្រារព្ធ​ខួប​អនុ​ស្សា​រីយ៍​លើកទី​៧០ នៃ​ការបង្កើត​ចំណង​ការទូត​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ជប៉ុន នៅក្នុង​ឆ្នាំ​២០២៣ ។​

​ឯកឧត្តម យ៉ូ​ស៊ីដា បាន​សម្ដែង​នូវ​ការគោរព​ជូន​សម្ដេច​តេជោ​ដែល​បាន​កសាង​ទ័ព ដឹកនាំ​ទ័ព និង​ដឹកនាំ​កិច្ចចរចា​នាំមក​ជូន​កម្ពុជា នូវ​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​។​

​ឯកឧត្តម យ៉ូ​ស៊ីដា បាន​បន្ថែមថា បើសិន​គ្មាន​សម្ដេច​តេជោ​ទេ គឺ​គ្មាន​ទេ​សន្តិភាព​ឡើយ​។ ឯកឧត្តម នឹង​ជំរុញ​ពង្រីក ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កងទ័ព​កម្ពុជា ក្នុងនាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដោយ​ស្មើភាព មិន​មាន​អ្នកដើរ​ពីមុខ ឬ​អ្នកដើរ​ពីក្រោយ គឺ​ដៃគូ​ស្មើភាព​គ្នា ដើម្បី​បម្រើ​ឱ្យ​ការងារ​មនុស្សធម៌​ផង និង​រក្សា​សុខ​សន្តិភាព​ផង​។ ក្នុងន័យនេះ ឯកឧត្តម យ៉ូ​ស៊ីដា បាន​គោរព​ស្នើ​សុំ​ការគាំទ្រ​ដ៏​ខ្ពង់ខ្ពស់​ពី​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​ការវាយតម្លៃ​របស់​ឯកឧត្តម យ៉ូ​ស៊ីដា ហើយ​បាន​ជម្រាប​ជូន​ពី​ដំណើរការ​ស្វែងរក​សន្តិ​ភាព​របស់​កម្ពុជា ដែល​ជា​ប្រទេស​បាន​រង​ការបែកបាក់​គ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក​។

​សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍ថា នៅពេលនោះ ពិតជា​ពិបាក​ណាស់ កម្ពុជា​បាន​រង​នូវ​ការបាត់បង់​ស្ទើរ​ទាំងអស់​។​មួយចំណែក​ទៀត កម្ពុជា​រង​នូវ​ការកាប់សម្លាប់​អស់​ជាង ៣​លាន​នាក់​។ ក្នុងនាម​ជា​យុវជន​មួយ​រូប សម្ដេច គ្មាន​ជម្រើស​ផ្សេង​ទេ មានតែ​ការកសាង​ទ័ព តស៊ូ ច​ចារ និង​យក​ជីវិត​ទៅ​ប្ដូរ ដើម្បី​សន្តិភាព​។ មាន​សន្តិភាព ទើប​មាន​អ្វីៗ​ទាំងអស់ គ្មាន​សន្តិភាព​ទេ គឺ​គ្មាន​ទេ​លទ្ធិប្រជាធិបតេយ្យ គ្មាន​ទេ​សិទ្ធិមនុស្ស ព្រោះ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស មិន​ជ្រក​ក្រោម​សង្គ្រាម​ទេ ជាក់ស្ដែង​ដូចជា ស្ថានភាព​នៅ​អ៊ុ​យក្រែន ជា​ឧទាហរណ៍​ស្រាប់ ។​

​ជា​ចុងក្រោយ សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​ប្រជាជន និង​រដ្ឋាភិបាល​ជប៉ុន ដែល​បាន​ជួយ​ដល់​កម្ពុជា ក្នុង​ដំណើរការ​ចរចា និង​ប្រតិបត្តិ​ការស្វែងរក​សន្តិ​ភាព និង​តែងតែ​ជួយ​ដល់​កម្ពុជា​ក្នុង​ការអភិវឌ្ឍ ។​

​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ឱ្យ​កងទ័ព​ទាំងពីរ សហការ​គ្នា​ក្នុង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដើម្បី​បម្រើ​ឱ្យ​សេចក្ដី​សុខសន្តិភាព របស់​ប្រជាជន​ទាំង​ពីរ​ផង ទាំង​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក​ផង​ដែរ ៕​