
តុលាការកំពូល និង មហាអយ្យការអមតុលាការកំពូល បានរៀបចំបិទអង្គសន្និបាត តុលាការកំពូល និងមហាអយ្យការ អមតុលាការកំពូល ប្រចាំឆ្នាំ២០២២ និងលើកទឹសដៅការងារសម្រាប់ឆ្នាំ២០២៣
ភ្នំពេញ៖ ស្របតាមមាត្រា៧៣ នៃច្បាប់ស្តីពីការរៀបចំអង្គការតុលាការ ក្រោមអធិបតីភាព លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល និង ឯកឧត្តម ជីវ កេង អនុប្រធានតុលាការកំពូលតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី ប្រធានតុលាការកំពូល និងមហាអយ្យការ តុលាការកំពូល
ឯកឧត្តម ជីវ កេង អនុប្រធានតុលាការកំពូល មានប្រសាសន៍ក្នុងពិធីបិទអង្គសន្និបាតថានេះថា ក្នុងនាមតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល និងក្នុងនាម ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត ឌិត មុន្ទី ប្រធានតុលាការកំពូល បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ អង្គសន្និបាតដែលបានអញ្ជើញចូលរួមព្រមទាំងផ្តល់ការពិភាក្សាយ៉ាងផុលផុស និង ប្រកបដោយផ្លែផ្កាគួរជាទីពេញចិត្ត ដើម្បីបូកសរុបលទ្ធផលការងារសម្រេចបានក្នុងឆ្នាំកន្លងទៅនេះ និងកំណត់ទិសដៅការងារសម្រាប់ឆ្នាំ២០២៣ នៅក្នុងស្ថាប័នមួយនេះ ស្របតាមមាត្រា ៧៣ នៃច្បាប់ស្តីពីការរៀបចំអង្គការតុលាការ។
តាមរបាយការណ៍នេះបង្ហាញឱ្យឃើញថា ទោះបីជាសំណុំរឿងរដ្ឋប្បវេណី និងសំណុំរឿងព្រហ្មទណ្ឌ បានកើនឡើងរហូតដល់ជិតទ្វេដងក៏ដោយ ក៏យើងទាំងអស់បានខិតខំប្រឹងប្រែង រួមគ្នាដោះស្រាយសំណុំរឿងទាំងនេះបានទាន់ពេលវេលា ក្នុងការផ្តល់សេវាយុត្តិធម៌ដោយឆាប់រហ័សជូនដល់ប្រជាពលរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
ជាការពិត លទ្ធផលដ៏ប្រសើរនេះមិនមែនកើតឡើងដោយចៃ ដន្យទេ ពោលគឺកើតឡើងចេញពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា គួបផ្សំជាមួយការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ជាប្រចាំពី ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី ប្រធានតុលាការកំពូល និងលោកជំទាវអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល និងការចូលរួមលើកទឹកចិត្តគាំទ្រពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមានចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមខ្ពស់ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។
ឯ.ឧ ជីវ កេង បានបន្តថា សន្និបាតនេះបានប្រព្រឹត្តទៅក្នុងរយៈពេលពេញមួយថ្ងៃនេះ ហើយក៏ជាឱកាសដ៏វិសេសវិសាលបំផុត ដែលតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល បានបង្ហាញឱ្យឃើញនូវវឌ្ឍនភាព និងការងាររបស់ខ្លួនក្នុងឆ្នាំកន្លងទៅនេះ មិនតែប៉ុណ្ណោះទេថែមទាំងជាកាលានុវត្តភាពដ៏ល្អប្រសើរ ដែលនៅក្នុងអង្គសន្និបាតសុទ្ធតែជាអ្នកអនុវត្តច្បាប់ និងមន្ត្រីរដ្ឋបាល ដែលជាសេនាធិការ គាំទ្រដល់អ្នកអនុវត្តច្បាប់ បានជួបពិភាក្សាគ្នាលើចំណុចខ្លាំង និងបញ្ហាប្រឈមក្នុងការអនុវត្តច្បាប់ ស្តាប់មតិយោបល់គ្នាទៅវិញទៅមក និងរិះរកវិធីដោះស្រាយលើបញ្ហាប្រឈមទាំងនេះ ដើម្បីបង្កើនសមត្ថភាពយល់ដឹងអំពីច្បាប់ផង សីលធម៌វិជ្ជាជីវៈផង និងវប្បធម៌ការងារជាក្រុមក្នុងគោលដៅជំរុញការដោះស្រាយសំណុំរឿងឱ្យបានឆាប់រហ័ស ជៀសវាងការកកស្ទះ និងពង្រឹងគុណភាពលើការសម្រេចសេចក្ដីប្រកបដោយយុត្តិធម៌ ដើម្បីទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ ឯ.ឧ អនុប្រធានបានបន្ថែមថា ក្នុងការបញ្ជូន និងការទទួលសំណុំរឿងរបស់ចៅក្រម ដើម្បីកុំឱ្យមានការយឺតយ៉ាវក្នុងការបញ្ចូន និងការទទួលសំណុំរឿង គឺមន្ត្រីបញ្ជូនសំណុំរឿងត្រូវបញ្ជូនឱ្យដល់ដៃចៅក្រមភ្លាម បន្ទាប់ពីមានដីកាចាត់តាំងចៅក្រមទទួលបន្ទុកសំណុំរឿងរបស់ឯកឧត្ដមប្រធាន។
ចៅក្រមត្រូវទទួលសំណុំរឿងដោយផ្ទាល់ពីមន្ត្រីបញ្ជូនសំណុំរឿង និងយកចិត្តទុកដាក់ក្នុងការចាត់ការសំណុំរឿងតាមលំដាប់អាទិភាព នៃសំណុំរឿងដើម្បីធានានូវយុត្តិធម៌ និងភាពឆាប់រហ័សក្នុងការដោះស្រាយរឿងក្តី។ ជាគោលការណ៍ចៅក្រម ឬព្រះរាជអាជ្ញាត្រូវទទួលខុសត្រូវខ្ពស់ចំពោះភាពយឺតយ៉ាវរបស់មន្ត្រីជំនួយដែលនៅក្រោមឱវាទរបស់ខ្លួន។
ឯកឧត្តមបានបន្តទៀតថា ក្នុងនាមតុលាការកំពូល មហាអយ្យការអមតុលាការកំពូល និងក្នុងនាមឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី ប្រធានតុលាការកំពូល បានលើកទឹកចិត្តដល់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្ត្រីរាជការ បុគ្គលិក ទាំងអស់ បន្តខិតខំអនុវត្តការងារឆ្នាំ២០២៣ ឱ្យមានប្រសិទ្ធភាពខ្ពស់ស្របតាមស្មារតីនៃអង្គសន្និបាតនេះ សូមឱ្យមន្ដ្រីរបស់យើងបន្តរក្សានូវស្មារតីសាមគ្គីភាពជាប្រពៃណី ដើម្បីបុព្វហេតុ ជោគជ័យលើការងារក្នុងវិស័យយុត្តិធម៌ និងដោះស្រាយសំណុំរឿងដែលមានសន្ទុះកើនឡើងស្របតាមគោលដៅយុត្តិធម៌ និងឆាប់រហ័សផងដែរ៕