​អាវុធហត្ថ​ខេត្ត​តាកែវ ឃាត់ខ្លួន​បុរស​ម្នាក់ ក្លែង​ឯកសណ្ឋាន​កងរាជអាវុធហត្ថ និង​ឯកសណ្ឋាន​ប៉ូលិស​

ខេត្តតាកែវ​៖ ដោយ​មាន​បទបញ្ជា​ពី​លោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តតាកែវ និង​សម្របសម្រួល​នីតិវិធី​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ​នៅវេលា​ម៉ោង​១២​និង​៥០​នាទី ថ្ងៃទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០២៣ កម្លាំង​អាវុធហត្ថ​ខេត្តតាកែវ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ង៉ែត ចាន់​ធី មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ចំណុច​ភូមិ​ពាន​មាស ឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ ពីបទ​ក្លែង​ឯកសណ្ឋាន​កងរាជអាវុធហត្ថ ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​០១​នាក់ ឈ្មោះ យក់ សុជាតិ ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ មុខរបរ គ្រូបង្ហាត់​នៅក្នុង​សមាគម​ជួយ​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន រស់នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។​

​នៅវេលា​ម៉ោង​១៥​និង​០០​នាទី ថ្ងៃ​ខែ​ឆ្នាំ​ដដែល កម្លាំង​អាវុធហត្ថ​ខេត្ត​បាន​ចុះ​នៅ​ចំណុច​សមាគមន៍​ជួយ​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន ស្ថិតនៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ នឹង​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៤​នាក់​បន្ថែមទៀត ពី​បទ​ក្លែង​ឯកសណ្ឋាន​។​

​ជនសង្ស័យ​ទាំ​០៥​នាក់​មាន​ឈ្មោះ​ឈ្មោះ ប៉ា ឧត្តម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​សន្តិសុខ រស់នៅ​ភូមិ​ត្រាំ សង្កាត់រ​កា​ក្រៅ ក្រុង​ដូន​កែវ​, ឈ្មោះ អឿន អាន ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខរបរ​សន្តិសុខ រស់នៅ​ភូមិ​ថ្ម​សរ ឃុំ​លំពង់ ស្រុក​បាទី​, ឈ្មោះ ទេព ឡៃ​សេង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​សន្តិសុខ រស់នៅ​ភូមិ​ថ្នល់​បែក​កើត ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​, ឈ្មោះ ទេព មុនី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​សន្តិសុខ រស់នៅ​ភូមិ​តា​ម៉ូ​វ ឃុំ​ជើង​គួន ស្រុក​សំរោង និង​ឈ្មោះ ញឹក យី​ឡាយ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ​ប្រធាន​សមាគមន៍​ជួយ​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន រស់នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ។​

​វត្ថុតាង​ចាប់​យក​រួមមាន​៖
១.​ឯកសណ្ឋាន​កងរាជអាវុធហត្ថ​ខោ​ចំនួន ១២​ខោ អាវយឺត​ចំនួន​០៧​អាវ មួក​០៩ ស្បែកជើង​កវែង​ចំនួន​០៧​គូ​។​
២.​ឯកសណ្ឋាន​យោធា ខោ​ចំនួន​០៣​ខោ អាវយឺត​ចំនួន​០១​។​
៣.​ឯកសណ្ឋាន​នគរបាល អាវ ចំនួន​០៤ ខោ​ចំនួន​០២ ។​
៤.​ឯកសណ្ឋាន​អង្គរក្ស អាវយឺត​ចំនួន​០៤ មួក​ចំនួន​០៤ ។​
៥.​រថយន្ត​ចំនួន​០២​គ្រឿង​(​ម៉ាក​LEXUS 470 ពណ៌​កាំ​ម៉ៃ ពាក់​ស្លាក​លេខ​ភ្នំពេញ​២AL-4513 និង​LEXUS 400h ពណ៌​ត្រេអ៊ី ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​០២ ២-៨៩៨៥)​។​
​បច្ចុប្បន្ន​មន្ត្រី​ជំនាញ​កំពុង​អនុវត្ត​នីតិវិធី​៕