
រដ្ឋមន្ត្រីបរិស្ថានថា ការលើកកម្ពស់គោលការណ៍3R ជាគន្លឹះដោះស្រាយបញ្ហាប្រឈមបរិស្ថាន
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃប្រទេសកម្ពុជា លើកឡើងថា ការលើកកម្ពស់គោលការណ៍កាត់បន្ថយការប្រើប្លាស្ទិក, ប្រើឡើងវិញនូវប្លាស្ទិក, និងកែច្នៃយកមកប្រើប្រាស់នូវសំណល់ប្លាស្ទិក ដែលហៅកាត់ថា «3R» និងសេដ្ឋកិច្ចចក្រា គឺជាគន្លឹះក្នុងការដោះស្រាយបញ្ហាប្រឈមបរិស្ថាន និងធានាបាននូវការការពារបរិស្ថាន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ការលើកឡើងនេះ ធ្វើឡើងវេទិកាតំបន់អាស៊ី និងប៉ាស៊ីហ្វិកស្តីពី3R និងសេដ្ឋកិច្ចចក្រា ចំពោះការកែច្នៃ និងការគ្រប់គ្រងសំណល់ប្លាស្ទិក ដែលកម្ពុជាបាននិងកំពុងធ្វើជាម្ចាស់ផ្ទះនៅទឹកដីអង្គរ ខេត្តសៀមរាប ចាប់ពីថ្ងៃទី៨-១០ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលមានគណៈប្រតិភូចូលរួមប្រមាណ៥០០នាក់មកពី៣៩ប្រទេស មានដូចជា៖ ប្រទេសក្នុងសហគមន៍អាស៊ាន ជប៉ុន កូរ៉េខាងត្បូង ចិន ឥណ្ឌា ជាដើម។
ឯកឧត្តម បន្តថា ជំនួសឱ្យការទាញយកប្រើប្រាស់ និងចោលវត្ថុធាតុដើមដោយសាមញ្ញ គឺពួកគេស្វែងរកការបិទខ្សែសង្វាក់តម្លៃ ដោយរក្សាតម្លៃនៃវត្ថុធាតុដើមឱ្យបានយូរតាមដែលអាចធ្វើទៅបាន និងប្រែក្លាយកាកសំណល់ទៅជាទ្រព្យសម្បត្តិ។
ឯកឧត្តម មានប្រសាសន៍ថា «យើងត្រូវធ្វើការផ្លាស់ប្តូរជាមូលដ្ឋានបន្ថែមទៀតឆ្ពោះទៅរកវិធីសាស្ត្ររួម និងរួមបញ្ចូលគ្នាបន្ថែមទៀត ចំពោះការគ្រប់គ្រងកាកសំណល់ ក្នុងរយៈពេលខ្លីទៅមធ្យម និងវែង។ ខណៈពេលដែលយើងត្រូវតែពង្រឹងការអនុវត្តគោលការណ៍ 3R បន្ថែមទៀត យើងក៏ត្រូវប្រើឱកាសនៃសេដ្ឋកិច្ចវិលជុំផងដែរ ដើម្បីសម្រេចបាននូវការគ្មានសំណល់សំរាម និងការសម្រេចបានគោលដៅអភិវឌ្ឍន៍ដោយចីរភាព។ វាមិនមែនជាកិច្ចការធំពេកសម្រាប់យើងទេ ប្រសិនបើយើងទាំងអស់គ្នាធ្វើការដោយឯកច្ឆ័ន្ទដើម្បីជាប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់មនុស្សជាតិ»។
អង្គការពលកម្មអន្តរជាតិប៉ាន់ប្រមាណថា សេដ្ឋកិច្ចវិលជុំ អាចបង្កើតការងារថ្មីចំនួន៦លាននៅទូទាំងពិភពលោក ក្នុងវិស័យប្រើប្រាស់ឡើងវិញ កែច្នៃ ការផលិតឡើងវិញ និងជួសជុល។
បើតាមការថ្លែងរបស់នាយកមជ្ឈមណ្ឌលសហប្រជាជាតិសម្រាប់ការអភិវឌ្ឍក្នុងតំបន់ ហៅកាត់ថា UNCRD បានបញ្ជាក់ថា ប្រសិទ្ធិភាពធនធាននៃគោលការណ៍3R និងសេដ្ឋកិច្ចចក្រា គឺជាគំរូកំណើនសេដ្ឋកិច្ច ជំនួសមួយ ដែលមិនមែនជាការចំណាយ នៃធនធានធម្មជាតិ និងទ្រព្យសកម្មបរិស្ថានដែល មានថេរនោះទេ ខណៈតំបន់អាស៊ី និងប៉ាស៊ីហ្វិក ត្រូវបានទទួលស្គាល់ពីបញ្ហាប្រឈមជាសកលនៃការផ្គត់ផ្គង់ សន្តិសុខ ធនធាន និងការបង្កើនកាកសំណល់ និងការបំពុល។
បើយោងទៅលើការសិក្សា បានបង្ហាញថា សំណល់ប្លាស្ទិកនៅក្នុងពិភពលោកក្នុងពេលបច្ចុប្បន្ន មានប្រមាណ១២ប៊ីលានតោន និងអាចកើនឡើងដល់៣៤ប៊ីលានតោននាពេលខាងមុខ បើសិនជាមិនមានការទប់ស្កាត់។ សំណល់ប្លាស្ទិកដូចជា៖ ថង់ ដប និងប្រដាប់ដាក់វត្ថុនានា មានវត្តមាននៅគ្រប់ទិសទី ទាំងក្នុងផ្ទះ ក្នុងសាលារៀន និងកន្លែងធ្វើការ និងហូរចូលព្រែក ស្ទឹង បឹងបួរ ទន្លេ និងសមុទ្រ ដែលគំរាមកំហែងដល់ប៉ះពាល់ដល់បរិស្ថាន, សុខភាពមនុស្ស សត្វ និងសេដ្ឋកិច្ច។
គណៈកម្មការទន្លេមេគង្គ ហៅកាត់ MRC កាលពីពេលកន្លងទៅនេះ ក៏បានប្រកាសអាសន្នលើបញ្ហាប្រឈមនៃម៉ាក្រូប្លាស្ទិក និងមីក្រូប្លាស្ទីកដែលកំពុងកើនឡើង ដោយជំរុញឱ្យប្រទេសសមាជិកទាំងបួនរួមមានកម្ពុជា ឡាវ ថៃ និងវៀតណាម បង្កើតយន្តការរួម និងអចិន្ត្រៃយ៍ក្នុងការត្រួតពិនិត្យ និងសម្អាតជាតិពុលដែលជ្រាបចូលទៅក្នុងដី ខ្យល់ និងជលផល ហើយអាចប៉ះពាល់ដល់ទាំងប្រព័ន្ធអេកូឡូស៊ី និងសុខភាពមនុស្ស បន្ទាប់ពីខណៈរបាយការណ៍បង្ហាញថា នៅឆ្នាំ២០២០ ប្រទេសចំនួន៤នេះ បានផលិតកាកសំណល់ប្លាស្ទិកប្រហែល៨លានតោន ហើយកាកសំណល់រឹងប្រភេទជាដបប្លាស្ទិក និងថង់ប្លាស្ទិក បានរាយប៉ាយនៅតាមកំពង់ផែ និងផែ មានពី៧០ភាគរយ ទៅ៩០ភាគរយ៕