
តុលាការសម្រេចឃុំខ្លួនម្ចាស់ក្រុមហ៊ុនអចនទ្រព្យ ប៊ុណ្ណារៀលធី គ្រុប រឿងប្រើអាវុធខុសច្បាប់ដោយសេរី
ថ្ងៃចេញផ្សាយៈ August 1, 2022
ខេត្តសៀមរាប: សាលាដំបូងខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី ៣១ កក្កដាម្សិលមិញ បានសម្រេចឃុំខ្លួនជនសង្ស័យ ស៊ឹង ប៊ុណ្ណា អ្នកជំនួញផ្នែកអចលនទ្រព្យល្បីឈ្មោះ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទប្រើប្រាស់អាវុធខុសច្បាប់។
យោងតាមប្រភពពីសមត្ថកិច្ចឲ្យដឹងថា ករណីបាញ់បោះសេរីនេះ បង្កឡើងដោយឈ្មោះ ស៊ឹង ប៊ុណ្ណា ភេទប្រុសអាយុ ៤៧ឆ្នាំ មុខរបរ អ្នកជំនួញល្បីឈ្មោះម្នាក់។
ពាក់ព័ន្ធករណីបាញ់បោះនេះ ដោយសារខឹងប្រពន្ធ ជនសង្ស័យ បានបាញ់ឡើងលើចំនួន៤ គ្រាប់ ដោយអាវុធម៉ាកK59 លេខ2249 ផលិតនៅប្រទេសរុស្ស៊ី ។
ក្រោយការបាញ់ ជនសង្ស័យបានចូលក្នុងបន្ទប់ដេកដោយកាន់កាំភ្លើងទៅជាមួយផងដែរ ។ សមត្ថកិច្ចបានប្រើពេលជិត១ថ្ងៃ ទើបបាននាំខ្លួនជនសង្ស័យទៅតុលាការតាមនិតិវិធី ៕