​សម្តេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន

​ភ្នំពេញ​៖ នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃ​ពុធ ៨​រោច ខែ​ជេស្ឋ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម គី​ស៊ី ណូ​ប៊ុ​អូ (KISHI Nobuo) រដ្ឋមន្ដ្រី​ការពារជាតិ​ជប៉ុន​។

​ក្នុង​ជំនួប​នេះ ឯកឧត្តម គី​ស៊ី ណូ​ប៊ុ​អូ (KISHI Nobuo) ពិតជា​រីករាយ​ដែល​បាន​ជួប​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​នាពេលនេះ​។ ឯកឧត្តម​បាន​មានប្រសាសន៍ថា វត្តមាន​របស់​ឯកឧត្តម​នៅ​កម្ពុជា​នា​ពេល​នេះ គឺ ដើម្បី​បំពេញ​ទស្សនកិច្ច និង​ចូលរួម​កិច្ចប្រជុំ​ក្រៅផ្លូវការ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​-​ជប៉ុន ចំ​ខួប​៣០ ឆ្នាំ​នៃ​ការបញ្ជូន​កង​រក្សា​សន្តិភាព​នៅ​កម្ពុជា ។ ឯកឧត្តម​បាន​ជម្រាបជូន​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ថា ថ្ងៃទី​២១ ខែមិថុនា ម្សិលមិញ ឯកឧត្តម​ក៏បាន​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ផងដែរ​។​

​ឯកឧត្តម​ក៏បាន​អរគុណ​ចំពោះ​ការទទួល​ឯកឧត្តម​ដោយ​ភាពកក់ក្តៅ ហើយ​បាន​គោរព​ជម្រាប​ជូន​សម្ដេច​តេ​ជោថា ទី​១- ឯកឧត្តម​មាន​សេចក្តី​រីករាយ​ជាមួយនឹង​ការផ្លាស់ប្ដូរ​ទស្សនៈកិច្ច​រវាង​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​កន្ល​ង​មក ដែល​ធ្វើឲ្យ​កិច្ចសហប្រតិបត្តិការ​រវាង​ក្រសួង​ទាំង​ពីរ​កាន់តែ​រីកចម្រើន និង​កាន់តែ​ស៊ីជម្រៅ ,​ទី​២-​បាន​ជួបពិភាក្សា​ជាមួយនឹង ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ដោយបាន​ផ្លាស់ប្ដូរ​ទស្សនៈ​អំពី​ស្ថានភាព​នាពេល​បច្ចុប្បន្ន​នៅក្នុង​តំបន់ និង​លើ​ពិភពលោក រួម​ជាមួយ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ផងដែរ​, ទី​៣-​សូម​គោរព​វាយតម្លៃ​ខ្ពស់ និង​គាំទ្រ​ការដឹកនាំ​របស់​កម្ពុជា​ក្នុង​ការស្វែងរក​ដំណោះស្រាយ​បញ្ហា​ប្រទេស​មី​យ៉ាន់​ម៉ា ជាពិសេស​ការជំរុញ​ការអនុវត្ត​តាម​គោលការណ៍​ឯកច្ឆ័ន ៥​ចំណុច​នោះ​។

​ជា​ការឆ្លើយតប សម្ដេច ហ៊ុន សែន បាន​ឯកភាព​ជាមួយ​នឹង ឯកឧត្តម គី​ស៊ី ណូ​ប៊ុ​អូ (KISHI Nobuo) ចំពោះ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ អោយ​កាន់តែ​ស៊ីជម្រៅ និង​បើក​ទូលាយ​ជា​ពិសេស​តាមរយៈ​ការផ្លាស់ប្ដូរ​ទស្សនៈ​លើ​ការវាយតម្លៃ​ស្ថានភាព​តំបន់ និង​ពិភពលោក​។

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែង​នូវ​ការគាំទ្រ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់ និង​សូម​ឲ្យ​បន្ត​ជំរុញ​ផែនការ នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​-​ជប៉ុន អោយ​កាន់តែ​សកម្ម​ថែមទៀត ដូចជា​ការផ្លាស់ប្តូ​រទ​ស្សន​កិច្ច នាយទាហាន​វ័យក្មេង នាយទាហាន​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់ បណ្ដុះបណ្ដាល​លើកកម្ពស់​សមត្ថភាព​ក​ង​ទ័ពជើងគោក​កម្ពុជា លើ​ការងារ​មនុស្សធម៌ និង​សង្គ្រោះ​គ្រោះមហន្តរាយ ផ្តល់​វគ្គ​សិក្សា​នាយទាហាន​សកម្ម បញ្ជា​រការ​សេនាធិការ​វិស្វកម្ម និង​សុខាភិបាល​ជាដើម​៕​