សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​បណ្ឌិត អគ្គលេខាធិការ​នៃ​អង្គការ​សម្ព័ន្ធ​ពិភព​ឥស្លាម​

នា​ព្រឹក​ថ្ងៃ​ពុធ ៨​រោច ខែ​ជេស្ឋ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២២​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​បណ្ឌិត Muhammad bin Abdul Karim Issa អគ្គលេខាធិការ​នៃ​អង្គការ​សម្ព័ន្ធ​ពិភព​ឥស្លាម​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​សម្ដែង​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ ចំពោះ​ឯកឧត្តម​អគ្គលេខាធិការ​នៃ​អង្គការ​សម្ព័ន្ធ​ពិភព​ឥស្លាម រួម​ទាំង​ប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នា​ឱកាស​នេះ និង​បាន​ថ្លែងអំណរគុណ​ដល់​អង្គកា​រ​ដែល​បាន​ផ្ដល់​កិច្ចសហការ​ជាមួយ​កម្ពុជា​កន្លងមក និង​បន្ត​ទៀត ក្នុងនោះ​រួម​ទាំង​ប្រទេស​អា​រ៉ាប៊ីសាអូឌីត​ដែលបាន​ទទួលយក​ពលករក​ម្ពុ​ជា​ទៅ​បំពេញការងារ​។​

​សម្ដេច​បាន​បន្តថា​បើ​ទោះ​បី​ជា​កិច្ចសហប្រតិបត្តិកា​រ​បច្ចុប្បន្ន​ជា​មួយ​ការ​អង្គការ​សម្ព័ន្ធ​ពិភព​ឥស្លាម នៅ​មិនទាន់មាន​ចំនួន​ច្រើនក្ដី ប៉ុន្តែ​សម្ដេច​បាន​សម្ដែង​ក្ដីសង្ឃឹម​ទៅ​ថ្ងៃ​ខាង​មុខ​កិច្ចសហប្រតិបត្តិកា​ររ​វាង​ភាគី​ទាំង​ពីរ​នឹង​កាន់តែ​មាន​ការរីកចម្រើន​ថែម​ទៀត​។ សម្ដេច​បន្តថា​នៅ​កម្ពុជា ការប្រតិបត្តិ​សាសនា​ឥស្លាម​របស់​ពលរដ្ឋ​ក៏​កំពុងតែ​មាន​ភាពរស់រវើក ពិសេស​នៅ​ក្រោយ​របប​ប្រល័យ​ពូជសាសន៍ និង​ដោយសារ​មាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​។​

​សម្ដេច​ក៏​បាន​រំលឹក​ដែរ​ថា​កន្លងមក សម្ដេច​ធ្លាប់បាន​ទទួល​ជួប​ឯកឧត្តម​ឯកអគ្គរាជទូត​អា​រ៉ាប៊ីសាអូឌីត​ប្រចាំ​នៅ​កម្ពុជា ដែល​នៅក្នុង​ជំនួប​នោះ ឯកឧត្តម​ឯកអគ្គរាជទូត បាន​អញ្ជើញ​សម្ដេច​ទៅ​បំពេញ​ទស្សនកិច្ច​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិកា​ររ​វាង​ក្រសួងមហាផ្ទៃ​កម្ពុជា និង​រាជរដ្ឋាភិបាល​អា​រ៉ាប៊ីសាអូឌីត ដោយ​សម្ដេច​បាន​ស្វាគមន៍ និង​ថា​ការ​ពន្យា​ពេល​ទស្សនកិច្ច​នោះ​គឺ​ដោយសារ​ស្ថានភាព​កូវី​ដ​-១៩​។​

​យ៉ាងណាក៏ដោយ សម្ដេច​បាន​បន្ត​ថា​ប​ច្ច​ប្បន្ន​គឺ​ជា​ឱកាស​សមស្រប​ហើយ​សម្រាប់​ភាគី​ទាំង​ពីរ​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា ដោយសារ​ពី​កម្ពុជា​ក៏​មាន​សាសនិក​ឥស្លាម និង​ពលករ​ធ្វើដំណើរ​ទៅ​ប្រទេស​អា​រ៉ាប៊ីសាអូឌីត​ក្នុង​គោលបំណង​ខាងសា​ស​នា និង​ការងារ​ដែរ ហើយ​ដែល​ការពារ​សន្តិសុខ​ដល់​ពួកគាត់​ក៏​ជា​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ​។​

​ជា​ការឆ្លើយ​ប ឯកឧត្តម​បណ្ឌិត Muhammad bin Abdul Karim Issa អគ្គលេខាធិការ​អង្គការ​សម្ព័ន្ធ​ពិភព​ឥស្លាម បាន​ជម្រាបជូន​សម្ដេច​ក្រឡាហោម​ថា​ឯកឧត្តម​ពិតជា​មាន​ភាព​រីករាយ​យ៉ាង​ក្រៃលែង​ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ពិសេស​ឯកឧត្តម​បានដឹង​ថា​កម្ពុជា​ជា​ប្រទេស​មាន​សុខដុម​ផ្នែក​សាសនា មានការ​អត់ឱន​ឱ្យ​គ្នា និង​មាន​ការគោរព​ស្រលាញ់​គ្នា​ទៅវិញទៅមក រួម​ទាំង​សុខសន្តិភាព​ទៀតផង​។​

​ឯកឧត្តម​ក៏បាន​ជម្រាបជូន​សម្ដេច​ក្រឡាហោម ស ខេង ថា​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ឯកឧត្តម​បាន​ជួប​ជាមួយ​ពលរដ្ឋ​ខ្មែរ​ជា​សាសនិក​ឥស្លាម សម្ដេចព្រះសង្ឃរាជ​ទាំង​ពីរ​គណៈ និង​បាន​ចូលជួប​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​។ ឯកឧត្តម​បន្តថា​ទោះបី​ពលរដ្ឋ​កាន់សាសនា​ឥស្លាម​នៅ​កម្ពុជា​មាន​ភាគរយ​តិច តែ​ពួកគាត់​មាន​យល់ដឹង និង​រស់នៅ​យ៉ាង​ស្រុះស្រួល​ជាមួយ​ពលរដ្ឋ​កាន់សាសនា​ផ្សេងទៀត​។​

​ឯកឧត្តម​ក៏បាន​ជម្រាប​សម្ដេច​ទៀតថា ឯកឧត្តម​បាន​ទទួល​អនុសាសន៍​ប្រកប​ដោយ​កិត្តិ​បណ្ឌិត​ពី​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អំពី​ការធ្វើ​ឱ្យមាន​សុខដុម​នីយកម្ម​ខាង​សាសនា​នៅ​កម្ពុជា និង​បាន​បន្តថា​ការរស់នៅ​ស្រុះស្រួល​គ្នា​នេះ គឺជា​ការបង្ហាញឱ្យឃើញ​ថា​កម្ពុជា​ជា​ប្រទេស​មាន​វប្បធម៌ និង​អរិយធម៌​ដ៏​ប្រពៃ ដែល​ឯកឧត្តម​នឹង​ចែករំលែក​ទៅកាន់​វេទិកា​អន្តរជាតិ​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែងអំណរគុណ​ចំពោះ​ការលើកឡើង​នេះ និង​បាន​គូសបញ្ជាក់​ថា​ភាព​មិន​ត្រឹមត្រូវ​នៃ​ការអនុវត្ត​គោលនយោបាយ​នេះ​កន្លងមក​នៅ​កម្ពុជា គឺ​ដោយសារ​កំហុស​របស់​មេ​ដឹកនាំ​មុនៗ ជា​ពិសេស​មេដឹកនាំ​រប​ប​ប្រល័យពូជសាសន៍​ដែល​បាន​ហាមឃាត់​ការប្រតិបត្តិ​ខាង​សាសនា​គ្រប់​សាសនា ដែល​កំហុស​នេះ​ធ្វើ​ឱ្យ​ថ្នាក់ដឹកនាំ​ជំនាន់​ក្រោយ​ត្រូវតែ​ចៀសវាង​ជាដាច់ខាត​។​

​សម្ដេច​បន្តថា​ជាក់ស្ដែង​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​គោលនយោបាយ​ដាក់បញ្ចូល​ពលរដ្ឋ​ដែល​ប្រតិបត្តិ​សាសនា​ឥស្លាម​ចូល​ក្នុង​ការងារ​រដ្ឋបាល​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ និង​បាន​ប្រគល់​ភារកិច្ច​នេះ​ជូន​ឯកឧត្តម​ទេសរដ្ឋមន្ត្រី អូស្មាន់ ហាសាន់ ដើម្បី​រៀបចំ​សមាសភាព​មន្ត្រី​ខ្មែរឥស្លាម​ក្នុង​មុខតំណែង​គណៈ​អភិបាល​នៅ​រដ្ឋបាល​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​។​

​សម្ដេច​ក៏​បាន​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការងារ​ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​ខ្មែរ​ឥស្លាម និង​បាន​ថ្លែងអំណរគុណ​ចំពោះ​អង្គការ​សម្ព័ន្ធ​ពិភព​ឥស្លាម​ដែល​បានផ្ដល់​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ពិសេស​បាន​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ឥស្លាម​។ សម្ដេច​បាន​ជូនពរ​ឯកឧត្តម​អគ្គលេខាធិការ​អង្គការ​សម្ព័ន្ធ​ពិភព​ឥស្លាម រួម​ទាំង​ប្រតិភូ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ប្រកបដោយ​ជោគជ័យ​៕