
វត្ថុបុរាណចំនួន២៧ ដែលអាជ្ញាធអាមេរិកចាប់បាន ត្រូវ បញ្ជូនមកដល់កម្ពុជាវិញ
ភ្នំពេញ: សម្បត្តិវប្បធម៌ខ្មែរចំនួន ២៧រូប ដែលរឹបអូសបានដោយការិយាល័យរដ្ឋអាជ្ញានៃសង្កាត់ម៉ានហាថាន ក្រុងញូវយ៉ក និងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ សហរដ្ឋអាមេរិកត្រូវបានបញ្ជូនមកដល់ប្រទេស កម្ពុជានៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២២។ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងវប្បធម៌ និង វិចិត្រ សិល្បៈ។
លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានបញ្ជាក់ថា សម្បត្តិវប្បធម៌ខ្មែរ ទាំងនេះ គឺជា ព្រលឹងរបស់បុព្វបុរស ខ្មែរ ជាច្រើន ជំនាន់ និង តំណាង ឲ្យ អរិយធម៌ដ៏ រុងរឿង នៃប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបាន រសាត់ចាកឆ្ងាយពីមាតុភូមិ កំណើត អស់ ជាច្រើនឆ្នាំមកហើយនាសម័យ សង្គ្រាម និង អសន្តិសុខកន្លងមក។
ក្នុងនាមតំណាង រាជរដ្ឋាភិបាលកម្ពុជា និង ក្នុង នាមថ្នាក់ដឹកនាំក្រសួងវប្បធម៌ លោកជំទាវ បានថ្លែង អំណរគុណ និង វាយ តម្លៃ ខ្ពស់ ចំពោះ កិច្ច សហប្រតិបត្តិការ និង ការ ខិតខំ ប្រឹងប្រែង ពីសំណាក់ស្ថាប័នពាក់ព័ន្ធ នានា របស់សហរដ្ឋអាមេរិក ជាពិសេសការិយាល័យរដ្ឋអាជ្ញា នៃសង្កាត់ម៉ានហាថាន ក្រុងញូយ៉ក, ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ព្រមទាំង ក្រសួងស្ថាប័ននានា របស់កម្ពុជា និង ក្រុមការងារ នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដែលបានជួយ ក្នុង ការ ស្រាវជ្រាវ និង បញ្ជូន រតនសម្បត្តិ ទាំងនេះត្រឡប់ មក កម្ពុជាវិញ។
ឆ្លៀតក្នុង ឱកាសនេះ លោកជំទាវក៏បានអំពាវនាវ ដល់សារមន្ទីរនានា ក៏ ដូចជាអ្នក កាន់កាប់សមច្ច័យឯកជន នៅទូទាំងពិភពលោក សូមចូលរួមសហការ និង ប្រគល់សម្បត្តិវប្បធម៌ ដែលជា អត្តសញ្ញាណជាតិខ្មែរ ត្រឡប់ មក ប្រទេសកំណើតវិញ៕