ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​ថា គ្មាន​ការលើកលែង​ជា​ដាច់ខាត​ចំពោះ​អ្នក​ចរាចរណ៍​ជួញដួញ​ដូរ​ប្រើប្រាស់ និង​អ្នកផ្តល់​អាវុធ​ខុសច្បាប់ លោក​នឹង​ចាត់​កម្លាំង​ស្រាវជ្រាវ​ចាត់​វិធានការ​ច្បាប់​មិន​លើកលែង​ឡើយ​

ខេត្ត​ព្រះសីហនុ​៖ ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ និង​ប្រធាន គណៈបញ្ជាការ​ឯកភាព នៅ​ព្រឹក​ថ្ងៃទី​16 ខែមិថុនា ឆ្នាំ​2022 បាន​អញ្ជើញ​ចុះសួរសុខទុក្ខ មន្ត្រីនគរបាល​មួយរូប​ដែល​រង​របួស​ជើង ក្នុង​ពេល​ចុះ​បំពេញបេសកកម្ម​”​បង្ក្រាប​ជនប្រដាប់អាវុធ​”​នៅ​យប់​ថ្ងៃ​ទី​ដប់​ប្រាំ ខែមិថុនា ឆ្នាំ​2022 នៅក្នុង​ភូមិសាស្ត្រ​សង្កាត់ លេខ​បួន ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

​គួរបញ្ជាក់​ថា កាលពី​យប់​ថ្ងៃ​ទី​15 ខែមិថុនា ឆ្នាំ​2022 ក្រោយ​ទទួលបាន​ដំណឹង ពី​អ្នកបើករថយន្ត តាក់ស៊ី​រាយការណ៍​ថា មាន​ករណី​ជនជាតិ​វៀតណាម មួយក្រុម​ជិះ​រថយន្ត​របស់​គាត់ ហើយ​បាន​ដក​កាំភ្លើង​ភ្ជង់ គំរាម ភ្លាមៗ សមត្ថកិច្ច​បាន​ដាក់​រា​យ​កម្លាំង​ស្ទាក់ ដើម្បី​ត្រួតពិនិត្យ នៅ​ចំណុច​ផ្លូវ​អា​ដឺ​ឡុង ផ្លូវ​ចុះ​ទៅ​ឆាយ​ណា​ថោ​ន ស្ថិតក្នុង​ភូមិ​ប្រាំមួយ សង្កាត់​លេខ​បួន ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

​ខណៈពេល​នោះ មុខសញ្ញា​ក៏​បាន​មកដល់ សមត្ថកិច្ច​ទាំងនោះ ក៏​បាន​ចូល​ទៅ​ត្រួតពិនិត្យ ប៉ុន្តែ​ជនសង្ស័យ​ទាំងនោះ បាន​ព្យាយាម​មិន​សហការ​ជាមួយ​សមត្ថកិច្ច​នោះ​ទេ ហើយ​បុរស​ម្នាក់​ជា​ជនជាតិ​ចិន ក្នុងចំណោម​គ្នា​ប្រាំ​នាក់​នោះ ក៏​បាន​ទាញ​កាំភ្លើង​បាញ់ មក​លើ​សមត្ថកិច្ច​មួយ​គ្រាប់ បណ្ដាល​ឲ្យ​លោក​អធិការរង​ម្នាក់ រង​របួស​ជើង​ខាងស្ដាំ ត្រូវបាន​បញ្ជូន​ទៅ មន្ទីរពេទ្យ​ឯកជន សេតេ​។​

​ជុំវិញ​ករណី​ខាងលើ​នេះ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង 5​នាក់​នោះ រួម​ទាំង​ស្រី​ពីរ​នាក់ និង​ដកហូត​កាំភ្លើង បាន​ចំនួន​01​ដើម ទៀតផង​។

​បន្ទាប់​ពី​ឯកឧត្តម​អភិបាលខេត្ត​បាន​អញ្ជើញ​ចុះ​សួរ​​សុខទុក្ខ​មន្ត្រីនគរបាល​ខាងលើនេះ ឯកឧត្តម​មាន​ប្រសាសន៍​ថា គ្មាន​ការលើកលែង​ជាដាច់ខាត ចំពោះ​អ្នក​ដែល​ចរាចរណ៍ ជួញដូរ និង​អ្នកផ្តល់​អាវុធ​ខុសច្បាប់ ហើយ​ត្រូវ​ស្រាវជ្រាវ​អោយ​ដល់​ឫ​សគល់ ហើយ​និង​ត្រូវ​ចាត់វិធានការ​ទៅតាម​ច្បាប់ មិន​លើកលែង​ឡើយ​៕