លោកជំទាវ ឱ វណ្ណឌី​ន អញ្ជើញ​ពិនិត្យមើល​មណ្ឌល​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ និង ពិនិត្យ​ការងារ​ថែទាំ​សុខភាព​បឋម​របស់​សហគមន៍ និង​ប្រព័ន្ធ​សុខាភិបាល នៅក្នុង​មូលដ្ឋាន​នៃ​ខេត្ត​កំពត​

​នា​ថ្ងៃ​សៅរ៍ ៩​រោច ខែ​ផល្គុន ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០២២ នេះ លោក​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស និង​ជា​ប្រធាន​អនុគណៈកម្មការ​អប់រំ​បណ្តុះបណ្តាល និង​ទំនាក់ទំនង​សាធារណៈ និង​លោកស្រី​វេជ្ជបណ្ឌិត លី អាយ​លែ​ន តំណាង​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រចាំ​កម្ពុជា បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​មណ្ឌល​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ និង ពិនិត្យ​ការងារ​ថែទាំ​សុខភាព​បឋម​របស់​សហគមន៍ និង​ប្រព័ន្ធ​សុខាភិបាល និង​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​នៃ​ខេត្ត​កំពត​។​

​ទីតាំង​ដែរ​លោកជំទាវ​បាន​ចុះ​ពិនិត្យ​ដំណើរការ​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ និង​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​រួមមាន​៖
១. សាលាខេត្ត កំពត​
២. មណ្ឌល​សុខភាព ស្រែ​ជា​

​លោកជំទាវ ឱ វណ្ណឌី​ន ក៏​បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ ដែល​ដល់​វេន​ត្រូវ​ចាក់​ដូសទី​២ ឫ​ដូសទី​៣ និង​ដូសទី​៤ ត្រូវ​រួសរាន់​មក​ចាក់​នៅ​តាម​ទីតាំង​មូលដ្ឋាន​សុខាភិបាល​របស់​ខ្លួន ដែល​នៅ​ជិត​ផ្ទះ ដើម្បី​បង្កើន​នូវ​កងការពារ​ជំងឺ​កូវី​ដ​-១៩​។ លោកជំទាវ​បាន​បន្តថា អ្នក​ដែល​មាន​ជំងឺ​ប្រចាំកាយ ដូចជា អេស​ដ៍ ឬ​ជំងឺ​ផ្សេងៗ​ទៀត ត្រូវតែ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ជា​ចាំបាច់ ដើម្បី​ការពារ​ខ្លួន​។​

​លោកជំទាវ និង​ក្រុមការងារ បាន​ពិភាក្សា​ជាមួយ​គ្រប់​ក្រុម​គោលដៅ​សម្រាប់​ជួយ​ឱ្យ​ក្រុមការងារ​អភិវឌ្ឍ និង​គ្រប់គ្រង​ក្រប​ខណ្ឌ​អនុវត្ត​ការជំរុញ​បង្កើន​ការងារ​ថែទាំ​សុខភាព​បឋម បង្កើត​ក្របខណ្ឌ​ការងារ​ថែទាំ​សុខភាព​បឋម​ដែល​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ដើម្បី​លើកកម្ពស់​គុណភាព​ជីវិត​របស់​ពួកគាត់ តាមរយៈ​ការផ្តល់​ឱ្យ​ពួកគាត់​នូវ​សេវា​ថែទាំ​សុខភាព​បឋម​គ្រប់​ជ្រុងជ្រោយ​៕