មនុស្ស​ចំនួន ៣ នាក់​ត្រូវបាន​ស្លាប់​ភ្លាមៗ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្រុងកែប​

ខេត្ត​កែប ៖ យ៉ាងហោច​ណាស់​មនុស្ស ៣ នាក់ បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​ធុន​ធ្ងន់ ប៉ះទង្គិច​ជាមួយ​ម៉ូតូ នៅ​ក្រុងកែប ខេត្ត​កែប ។

​ហេតុការណ៍​នេះ​កើតឡើង នៅវេលា​ម៉ោង​៥​និង​៣០​នាទី ព្រឹក​ថ្ងៃ​អាទិត្យ ១០ រោច ខែ​ផល្គុន ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២២ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ នៅ​ចំណុច​ទល់មុខ​ស្ថានីយ៍​ប្រេងឥន្ធន​:​តេលា ខាងកើត​សេះស ចន្លោះ​គីឡូម៉ែត្រ​លេខ​១៥-១៦ ស្ថិតនៅ​ភូមិ​កំពង់ត្រឡាច​សង្កាត់​ព្រៃធំ​ក្រុងកែប​ខេត្ត​កែប ។​

​សមត្ថកិច្ច​បានឲ្យដឹងថា រថយន្ត​បង្ក​ម៉ាក​នី​សាន់​ពណ៌​ស​ស្លាក​លេខ​ង​.៥២១៩​ភព​២ បើកបរ​ដោយ​ឈ្មោះ ឈី វិសិទ្ធ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ទទឹងថ្ងៃ​ឃុំ​បឹង​ទូក​ស្រុក​ទឹកឈូ​ខេត្ត​កំពត ធ្វើដំណើរ​ពី​កើត​ទៅ​លិច ។ លុះ​មកដល់​ចំណុច​កើតហេតុ​បាន​បុក​ជាមួយ​ម៉ូតូ ១ គ្រឿង ម៉ាក​ហុងដា​C125 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កំពត 1K 8476 ស៊េរី​ឆ្នាំ​២០១៦ អ្នកបើកបរ​ឈ្មោះ ហុង វណ្ណា ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​កោះ​ផ្តៅ ឃុំ​កំពង់ត្រាច ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត និង​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ ម៉ៅ ញ៉េប ភេទ​ប្រុស​អាយុ​៦៩​ឆ្នាំ មុខរបរ​កសិក​ររស់​នៅ​ភូមិអូរ​ច្រនៀង ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត ។​

​បន្ទាប់ពី​បុក​ម៉ូតូ​រួច​បាន​បន្ត​ជ្រុល​ទៅ​បុក​រថយន្ត​១​គ្រឿង​ទៀត ធ្វើដំណើរ​មកពី​ទិស​ខាងលិច​ម៉ាក​ហ៊ីយ៉ាន់ដាយ ប្រភេទ​សណ្តោង​រ៉ឺម៉ក ពណ៌​ទឹក​ប៊ិក​ចាស់​ស្លាក​លេខ​ភ្នំពេញ​3A-2718(​អ្នកបើកបរ​រត់ចោល​រថយន្ត​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​)​។​

​ក្នុង​ហេតុការណ៍​ខាងលើ​នេះ​បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ម៉ាក​នី​សាន់​ស្លាប់​និង​អ្នកបើកបរ​ម៉ូតូ​និង​អ្នករួមដំណើរ​២​នាក់​បាន​ស្លាប់​ផងដែរ ។​

​ក្រោយពេល​កើតហេតុ សព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់អោយ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​ទាន​តាម​ប្រពៃណី ។ ម៉ូតូ​និង​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងកែប​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ៕