ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ប្រកាស​កំណត់​ដំបន់​ធ្វើការ​វិនិច្ឆ័យ​ការចុះបញ្ជី​ដីធ្លី ក្នុងស្រុក​ជុំ​គី​រី​

ខេត្ត​កំពត​: នៅ​ព្រឹក​ថ្ងៃទី ២៥ ខែ​មីនា ឆ្នាំ ២០២២ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃ គណៈ អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ ជា​គណៈអធិបតី ក្នុង​ពិធី ផ្សព្វផ្សាយ សេចក្តីប្រកាស​កំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ​ការចុះបញ្ជី ដីធ្លី មាន​លក្ខណៈ ជា​ប្រព័ន្ធ ស្ថិតនៅក្នុង​ភូមិ​ខ្ពប​រុន ឃុំ​ស្រែ​ចែង ស្រុក ជុំ​គី​រី ខេត្ត​កំពត ដោយ​មាន​ការចូលរួម ពី ឯកឧត្តម​លោកជំទាវ សមាជិក សមាជិកា​ខេត្ត ខេត្ត អាជ្ញាធរ ស្រុក មន្ទីរ ពាក់ព័ន្ធ និង ប្រជាពលរដ្ឋ ជា ម្ចាស់ ក្បាលដី ជាច្រើង​នាក់​ទៀត​។​

​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង សូរិយោដី​ខេត្ត​កំពត លោក ដាញ់ សារី បានឲ្យដឹងថា ការចុះបញ្ជី​មាន​៥​ដំណាក់កាល​សំខាន់ៗ ទី​១ ដំណាក់កាល​ត្រៀម​រៀបចំ​(​ប្រកាស​តំបន់​វិនិច្ឆ័យ​) ទី​២ ប្រតិបត្តិការ​បច្ចេកទេស ទី​៣ ការបិទ​ផ្សាយ​ឯកសារ​វិនិច្ឆ័យ​ជា​សាធារណៈ ទី​៤​ការសម្រេច​លើ​ឯកសារ​វិនិច្ឆ័យ និង​ទី​៥ ការចែក​ប័ណ្ណ​ជូន​ម្ចាស់​ដី​។ ហើយ​ដើម្បី​មាន​ភាពងាយស្រួល ប្រជាពលរដ្ឋ​ម្ចាស់​ដី​ត្រូវ​យល់ដឹង​នូវ​បញ្ហា​មួយចំនួន ដូចជា​ឯកសារ​ពាក់ព័ន្ធ​សុំ​ចុះបញ្ជី​ដីធ្លី និង​បញ្ហា​ពាក់ព័ន្ធ​នឹង​យន្តការ​វាស់វែង​ជាដើម​។

​លទ្ធផល​ការចុះបញ្ជី​ដីធ្លី​ទូទាំង​ខេត្ត​សម្រេចបាន ៣៧៩​ភូមិ ស្មើ ៧៧,០៤% នៃ​ចំនួន​ភូមិ​សរុប ៤៨៨ ។ ប្រមូល​ទិន្នន័យ​សរុប ៦១៩ ៣៧៤​ក្បាលដី ស្នើ​នឹង​៧៧, ៤២% បាន​ចែក​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​ចំនួន ៥១៣ ៥១៩​ប័ណ្ណ​ស្នើ​នឹង ៦៤,១៩% នៃ​ក្បាលដី​ប៉ានស្មាន​សរុប ៨០០ ០០០​ក្បាលដី ៕