
រយះពេល៣ថ្ងៃ នៃកិច្ចប្រជុំរបស់គណកម្មាធិការកណ្តាល ស.ស.យ.ក ក្នុងទឹកដីខេត្តសៀមរាប
ខេត្តសៀមរាប÷ រយះពេល៣ថ្ងៃ នៃកិច្ចប្រជុំ របស់គណកម្មាធិការកណ្តាល ស.ស.យ.ក ក្នុងទឹកដីខេត្តសៀមរាប ដឹកនាំ ដោយលោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក និងសមាជិក សមាជិកា បានសម្រេច និងដឹកនាំកិច្ចពិភាក្សាវាយតម្លៃលើការអនុវត្តសកម្មភាពកន្លងមកក្នុងក្របខណ្ឌរបស់ ស.ស.យ.ក ទូទាំងប្រទេស ដើម្បីឈានទៅសម្រេចផែនការសកម្មភាព ក៏ដូចជាជំហានបន្ទាប់ ក្នុងបុព្វហេតុយុវជនចូលរួមក្នុងកិច្ចការសង្គម មនុស្សធម៌ ឆ្លុះបញ្ចាំងឲ្យសាធារណជន ជាតិ និងអន្តរជាតិ បានយល់ពីតួនាទី ស្មារតី ឆន្ទះ ការលះបង់ ស្របតាមមរតកស្មារតី២ធ្នូ ដែលបង្កប់ដោយការលះបង់ខ្ពស់ យកចិត្តទុកដាក់ និងផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋ និងអនាគតប្រទេសជាតិ។
មហាគ្រួសារ ស.ស.យ.ក ដ៏រឹងមាំ នឹងចាប់យកឱកាស និងកាលានុវត្តភាព ពង្រឹង និងបង្កើននូវគុណភាព សមត្ថភាពដល់ យុវជនជំនាន់បន្តវេន មិនគិតពីនិន្នាការ ដើម្បីប្រែក្លាយជាកម្លាំងចលករមួយដ៏ស្មោះស្មគ្រ័ រួមចំណែកការពាររក្សាសន្តិភាព បូរណភាពទឹកដី ភាពសុខដុម ចូលរួមជាធនធានមួយដ៏សំនាន់ក្នុងការអភិវឌ្ឍប្រទេស និងកំនត់ជោគវាសនាប្រទេសជាតិ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ប្រមុខរាជរដ្ឋាភិបាលតេជោសន្តិភាព។
កិច្ចប្រជុំពេញអង្គ នឹងពិនិត្យពិភាក្សាបំពេញបន្ថែម លើការរៀបចំពង្រឹងរចនាសម្ពន្ធ័ ស.ស.យ.ក ថ្នាក់ឃុំ សង្កាត់ ការកៀងគរយុវជនចូលរួមបន្តទៀត និងយុវជនក្នុងបុព្វហេតុជាតិ និងការអភិវឌ្ឍន៍ ព្រមទាំងការកំនត់នូវចក្ខុវិស័យ និងទិសដៅការអនុវត្តសកម្មភាពបន្តនាពេលអនាគត៕