សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស អា​រ៉ាប៊ីសាអូឌីត​

នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃ​ទី ១៨ ខែ​មីនា ឆ្នាំ​២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud រដ្ឋមន្ត្រីការបរទេស អា​រ៉ាប៊ីសាអូឌីត​។

​នៅក្នុង​ជំនួប​នេះ ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud ​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ព្រះមហាក្សត្រ និង​ព្រះ​រាជទាយាទ ជូន​ចំពោះ​សម្ដេច​តេជោ ហើយក៏​បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោថា ដំណើរ​ទស្សនៈកិច្ច​របស់​ព្រះអង្គម្ចាស់​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​នា​ពេល​នេះ គឺ​ដើម្បី​ពង្រីក​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​ផង និង​ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​ផង តាមរយៈ​កិច្ចពិភាក្សា​ជាមួយ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ គឺ​ប្រទេស​យើង​ទាំង​ពីរ​មាន​សក្តានុពល​ច្រើន​សម្រាប់​ធ្វើ​កិច្ចសហប្រតិបត្តិការ ដូចជា​វិស័យ​ទេសចរណ៍ បច្ចេកវិទ្យា ថាមពល អប់រំ វប្បធម៌ កសិកម្ម​។​ល​។ ក្នុងន័យ​នេះ​ព្រះអង្គម្ចាស់​សូម​គោរព​សុំ​ការគាំទ្រ​ពី​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​យល់ស្រប​ជាមួយ​ព្រះអង្គម្ចាស់ ហើយក៏​បាន​ស្វាគមន៍ និង​លើកទឹកចិត្ត​ឲ្យ​ព្រះអង្គម្ចាស់​ជំរុញ​កិច្ចសហប្រតិបត្តិការ លើ​រាល់​សកម្មភាព និង​សក្តានុពុល​ដែល​យើង​មាន ជាពិសេស​លើ​វិស័យ​ទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម ការរៀបចំ​ផែនការ​សកម្មភាព និង​ជំរុញ​ការអនុវត្តឲ្យ​បានជោ​គ​ជ័យ​នាពេលខាងមុខ​៕​