សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ «​ភូមិ​កុមារ SOS» ក្នុង​ខេត្ត​ព្រៃវែង​

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៥​កើត ខែ​ផល្គុន ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ «​ភូមិ​កុមារ SOS» ស្ថិតនៅក្នុង​ខេត្ត​ព្រៃវែង​។​

«​ភូមិ​កុមារ SOS ព្រៃវែង​» ស្ថិតនៅ​ភូមិ​លេខ​១ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្ត​ព្រៃវែង​។ «​ភូមិ​កុមារ SOS ព្រៃវែង​» សាងសង់​លើ​ផ្ទៃដី​សរុប​ជាង ១​ម៉ឺន​ម៉ែត្រក្រឡា ជា​អំណោយ​របស់​សម្តេច​ក្រឡា​ហោ​ម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។ «​ភូមិ​កុមារ SOS ព្រៃវែង​» ចាប់ផ្តើម​ដំណើរការ​សាងសង់​នៅ​ថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨ និង​បាន​បញ្ចប់​ការសាងសង់​នៅ​ថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០២០ ដោយ​ចំណាយ​ថវិកា​សរុប ១,៥៣១,២៤៨​ដុល្លារ​អាមេរិក​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​មាន​សេចក្តី​រីករាយ​ណាស់ ដែល​បាន​អញ្ជើញ​មក​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ភូមិ​កុមារ SOS ព្រៃវែង​នា​ពេល​នេះ ជា​ពិសេស​ក្រោម​ភាព​ជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​អន្តរជាតិ SOS ដើម្បី​ជា​ទីពឹង និង​ក្តីសង្ឃឹម​របស់​កុមារ​កម្ពុជា​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា កម្ពុជា​បាន​ធ្វើ​ការងារ​ច្រើន​ទាក់ទង​ទៅនឹង​បញ្ហា​កុមារ​។ សម្តេច​តេជោ បាន​មានប្រសាសន៍​ទៀតថា នៅលើ​ពិភពលោក​មាន​កុមារ​រងគ្រោះ​ជាច្រើន​ដោយ​ហេតុការណ៍​ផ្សេងៗ ដូចជា​កម្ពុជា​ជាដើម ដោយសារ​តែ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត កម្ពុជា​ក៏​បាន​បន្សល់​នូវ​កុមារ​កំព្រា​ជាច្រើន​ផងដែរ​។ តែ​ក្រោយ​ពី​សង្គ្រាម​បានបញ្ចប់ កម្ពុជា​ពិតជា​មាន​មោទនភាព​ចំពោះ​កិច្ច​ប្រឹងប្រែង​ក្នុង​ការជួយ​ដល់​កុមារ​កម្ពុជា​ជា​បន្តបន្ទាប់ ដោយ​មិន​ទុក​កុមារ​រងគ្រោះ​ជា​បន្ត​ទៀត​ឡើយ​។ ជាក់ស្តែង​កុមារកំព្រា​នៅ​តាម​ភូមិ​កុមារ SOS មាន​កុមារ​ជាច្រើន បាន​ក្លាយទៅជា​អ្នក​មាន​ជោគវាសនា​ល្អ មានចំណេះដឹង កើតចេញ​ពី​ការចិញ្ចឹម​បីបាច់ និង​ការផ្តល់​នូវ​ការអប់រំ​នៅ​ទីនេះ​។

​សម្តេច​តេ​ជោបាន​មានប្រសាន៍​បន្ត​ទៀត​ថា កុមារ​ដែល​ចិញ្ចឹម​បីបាច់​ដោយ​អង្គការ​កុមារ SOS ប្រមាណ​៤​នាក់ បាន​ក្លាយទៅជា​វេជ្ជបណ្ឌិត ៦​នាក់ ក្លាយ​ជា​វិស្វករ ៧​នាក់​បាន​ក្លាយជា​អ្នក​បម្រើការ​នៅ​ធនាគារ ៣​នាក់ ក្លាយ​ជា​ស្ថាបត្យករ ២​នាក់ បាន​ក្លាយជា​អ្នក​រចនា និង​ជា​ច្រើន​នាក់​ទៀត បាន​ក្លាយជា​អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​អាជីវកម្ម សេវា​បម្រើ​អតិថិជន និង​បម្រើ​ការងារ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ផង​ដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ទៀតថា សម្តេច​ក៏​បាន​សាងសង់​មជ្ឈមណ្ឌល​សម្រាប់​កុមារី​រងគ្រោះ​ដោយ​ការរំលោភបំពាន​ពី​ឪពុក ហើយក៏​បាន​សាងសង់​សាលារៀន​សម្រាប់​កុមារ​ពិការ​ភ្នែក និង​កុមារ​គ​ថ្លង់​ផងដែរ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី សង្ឃឹមថា អង្គការ SOS នឹង​បន្ត​កិច្ចខិតខំ​ជាមួយ​កម្ពុជា​ជា​បន្ត​ទៀត ក្នុង​ការជួយ​ដល់​កុមារកំព្រា និង​កុមារ​ដែល​ខ្វះ​ការថែទាំ​នោះ​។​

​ទាក់ទង​ទៅនឹង​ស្ថានភាព​នៃ​ជំងឺ​កូវី​ដ​-១៩​នៅក្នុង​ប្រទេស​កម្ពុជា សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា ចាប់ពី​ពេលនេះ​តទៅ កម្ពុជា បានសម្រេច​លុបចោល​កា​រ​បញ្ជាក់​ធ្វើតេស្ត​រក​ជំងឺ​កូវី​ដ​-១៩ តាម​ម៉ាស៊ីន PCR ហើយ មុន​ចូល​មក​កម្ពុជា​រយៈពេល ៧២​ម៉ោង ហើយ​កម្ពុជា ក៏​សម្រេច​លុបចោល​ការ​ធ្វើ​តេស្ត​រហ័ស​នៅពេល​ដែល​មក​ដល់​កម្ពុ​ជា និង​អនុញ្ញាត​ឱ្យ​ដំណើរការ​ឡើងវិញ នូវ​ការផ្តល់​ទិដ្ឋាការ​ពេលមកដល់​សម្រាប់​អ្នកដំណើរ​អន្តរជាតិ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​ថា ការសម្រេច​នេះ គឺ​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​ចេញ​ចូល​ក្នុង​ប្រទេស​កម្ពុ​ជា សម្រាប់​ប្រជាពលរដ្ឋ សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ និង​អ្នក​ធ្វើ​ធុរកិច្ច​ជាដើម​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​នៃ​ភូមិ​កុមារ SOS ព្រៃវែង នា​ថ្ងៃនេះ​និង​បាន​ប្រកាស​សម្ពោធ ដាក់ឲ្យ​ប្រើប្រាស់​ភូមិ​កុមារ SOS ព្រៃវែង​ចាប់ពីពេលនេះ​តទៅ​៕