ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ (​អ​.​ស​.​ហ​.) បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា អ​.​ស​.​ហ​. លើក​ទី​២៤ អាណត្តិ​ទី​១

នា​ព្រឹក​ថ្ងៃទី​២១ ខែ​ឧសភា គ​.​ស​. ២០២៥, ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ (​អ​.​ស​.​ហ​.) បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា អ​.​ស​.​ហ​. លើក​ទី​២៤ អាណត្តិ​ទី​១ នៅ​ទីស្តីការ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ ដោយ​មាន​ការចូលរួម​ពី ឯកឧត្តម​អនុប្រធាន ឯកឧត្តម លោកជំទាវ និង​លោក ដែល​ជា​សមាជិក -​សមាជិកា នៃ​ក្រុមប្រឹក្សា អ​.​ស​.​ហ​. ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​របៀបវារៈ ដូចខាងក្រោម​៖

​របៀបវារៈ​ទី​១. សេចក្តីព្រាង “​ប្រកាស​ស្តីពី​លក្ខខណ្ឌ​និង​នីតិវិធី​នៃ​ការបន្ត ការផ្អាក និង​ការបញ្ចប់​កិច្ចសន្យា​ធានារ៉ាប់រង​” របស់​និយ័ត​ករ​ធានារ៉ាប់រង​កម្ពុជា​ សេចក្តីព្រាង​ប្រកាស​នេះ​កំណត់​អំពី​លក្ខខណ្ឌ​និង​នីតិវិធី​នៃ​ការបន្ត ការផ្អាក និង​ការបញ្ចប់​កិច្ចសន្យា​ធានារ៉ាប់រង ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព សុចរិត​ភាព និង​ភាពស្មោះត្រង់ ក្នុង​ការអនុវត្ត​កិច្ចសន្យា​ធានារ៉ាប់រងរ​វាង​ក្រុមហ៊ុន​ធានារ៉ាប់រង និង​ម្ចាស់​បណ្ណ​សន្យា​រ៉ាប់រង ឬ​អ្នក​ត្រូវបាន​ធានា​រ៉ាប់រង ស្របតាម​មាត្រា​២៤ មាត្រា​២៥ និង​មាត្រា​២៦ នៃ​អនុក្រឹត្យ​ស្តីពី​ការធានា​រ៉ាប់រង ។

​ប្រកាស​នេះ​មាន ៧ ជំពូក និង ៣៥ ប្រការ ដោយ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​កិច្ចសន្យា​ធានារ៉ាប់រង​ទូទៅ កិច្ចសន្យា​ធានារ៉ាប់រង​អាយុជីវិត និង​កិច្ចសន្យា​ធានារ៉ាប់រង​ខ្នាត​តូច ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជា​លទ្ធផល​, ក្រុមប្រឹក្សា អ​.​ស​.​ហ​. បាន​ពិនិត្យ និង​ផ្តល់​ការឯកភាព​ជាគោលការណ៍​នៅ​លើ​សេចក្តីព្រាង​ប្រកាស​នេះ ជាមួយ​នឹង​ការណែនាំ​ឱ្យ​កែសម្រួល​បន្ថែម​ទៅ​តាម​អនុសាសន៍​របស់​អង្គប្រជុំ​ដែល​បាន​លើកឡើង​និង​សម្រេច មុន​នឹង​ដាក់​ឆ្លង​នីតិវិធី​បន្ទាប់​។​

​របៀបវារៈ​ទី​២. សេចក្តីព្រាង “​អនុក្រឹត្យ​ស្តីពី​ការធានារ៉ាប់រង​ភារៈទ​ទូល​ខុសត្រូវ​យានយន្ត​ជា​កាតព្វកិច្ច​” របស់​និយ័ត​ករ​ធានារ៉ាប់រង​កម្ពុជា​​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការធានា​រ៉ាប់រង​ភារៈ​ទទួលខុសត្រូវ​យានយន្ត​ជា​កាតព្វកិច្ច​កំណត់​ពី​វិធាន នីតិវិធី និង​និយាម​នៃ​ការអនុវត្ត​ការធានារ៉ាប់រង​ភារៈ​ទទួលខុសត្រូវ​យានយន្ត​ជា​កាតព្វកិច្ច​, ការរៀបចំ​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ធានារ៉ាប់រង និង​មូលនិធិ​អភិវឌ្ឍ​វិស័យ​ធានារ៉ាប់រង ដើម្បី​ធានាបាន​នូវ​ការការពារ និង​ការផ្តល់​សំណង​ធានារ៉ាប់រង​ជូន​តតិយជន​ទាំងឡាយណា ដែល​ទទួលរង​ការខូចខាត​បណ្តាលមកពី​សកម្មភាព​នៃ​យានយន្ត​ដែល​មាន​ការធានារ៉ាប់រង​ភារៈ​ទទួលខុសត្រូវ​យានយន្ត​ជា​កាតព្វកិច្ច​។

​សេចក្តីព្រាង​អនុក្រឹត្យ​នេះ​នឹង​ក្លាយ​ជា​ក្របខណ្ឌ​គតិយុត្ត​ដ៏​រឹងមាំ សម្រាប់​ធានា​បាន​នូវ​ប្រសិទ្ធភាព​ខ្ពស់​នៃ​ការអនុវត្ត​ការធានារ៉ាប់រង​ជា​កាតព្វកិច្ច​។​

​ជា​លទ្ធផល​, ក្រុមប្រឹក្សា អ​.​ស​.​ហ​. បាន​ពិនិត្យ និង​ផ្តល់​អនុសាសន៍​ណែនាំ​ដល់ និយ័ត​ករ​ធានារ៉ាប់រង​កម្ពុជា ក្នុង​ការកែសម្រួល​អនុ​ក្រឹត្យ​នេះ​ទៅ​ជា អនុក្រឹត្យ​ដែល​ផ្តោត​លើ​ក្របខណ្ឌ​នៃ​យន្តការ និង​វិធាន​រួម​នៃ​ការធានារ៉ាប់រង​ភារៈ​ទទួលខុសត្រូវ​យានយន្ត​ជា​កាតព្វកិច្ច ព្រម​ទាំង​ការកែសម្រួល​ចំណុច​គន្លឹះៗ ដែល​អង្គប្រជុំ​បាន​លើកឡើង​និង​សម្រេច មុន​នឹង​ដាក់​ឆ្លង​កិច្ចប្រជុំ​ជា​ថ្មី​ម្តងទៀត នាពេលខាងមុខ​។​

​របៀបវារៈ​ទី​៣. សេចក្តីព្រាង “​ប្រកាស​ស្តីពី​ការបោះ​ផ្សាយ​លក់​សញ្ញា​បណ្ណ​ហេដ្ឋារចនាសម្ព័ន្ធ​” និង​សេចក្តីព្រាង​គោលការណ៍​ណែនាំ​ស្តីពី “​ទ្រព្យសកម្ម​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​ដែល​ត្រូវបាន​ប្រើប្រាស់ សម្រាប់​ការបោះ​ផ្សាយ​លក់​សញ្ញា​បណ្ណ​ហេដ្ឋារចនាសម្ព័ន្ធ​” របស់​និយ័ត​ក​រមូ​លប​ត្រ​កម្ពុជា​
​សេចក្តីព្រាង​ប្រកាស​នេះ​កំណត់​អំពី​លក្ខខណ្ឌ នីតិវិធី​នៃ​ការ​បោះផ្សាយ និង​កាតព្វកិច្ច​ក្រោយ​ការបោះ​ផ្សាយ​លក់​សញ្ញា​បណ្ណ​ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយ​ប្រសិទ្ធភាព ស័ក្តិ​សិទ្ធ​ភាព គណនេយ្យភាព និង​តម្លាភាព ក្នុង​គោលបំណង​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ និង​ការស្វែងរក​ប្រភព​ទុន រយៈពេល​វែង ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

​ប្រកាស​នេះ​មាន​៧ ជំពូក និង ២៥ ប្រការ ដោយ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​ការបោះ​ផ្សាយ​លក់​សញ្ញា​បណ្ណ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​សាធារណៈ ការលក់​សញ្ញា​បណ្ណ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ឯកជន និង​ការលក់​សញ្ញា​បណ្ណ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​វិនិយោគិន​គុណវុឌ្ឍិ ព្រមទាំង​បុគ្គល​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​នេះ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ បន្ថែម​ពី​នេះ​, សេចក្តីព្រាង ”​គោលការណ៍​ណែនាំ​ស្តីពី​ទ្រព្យសកម្ម​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ដែល​ត្រូវបាន​ប្រើប្រាស់ សម្រាប់​ការបោះ​ផ្សាយ​លក់​សញ្ញា​បណ្ណ​ហេដ្ឋារចនាសម្ព័ន្ធ​” ត្រូវបាន​រៀបចំឡើង​ដើម្បី​សម្រួល​និង​ពន្យល់​បន្ថែម​ពី​ការអនុវត្ត ចំពោះ​ប្រភេទ​ទ្រព្យ​សកម្ម​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ សម្រាប់​ការបោះ​ផ្សាយ​លក់​សញ្ញា​បណ្ណ​ហេដ្ឋារចនាសម្ព័ន្ធ​។​

​ជា​លទ្ធផល​, ក្រុមប្រឹក្សា អ​.​ស​.​ហ​. បាន​ពិនិត្យ និង​អនុម័ត​ជាគោលការណ៍​លើ​សេចក្តីព្រាង​ប្រកាស និង​សេចក្តីព្រាង​គោលការណ៍​ណែនាំ ជាមួយ​នឹង​ការណែនាំ ឱ្យ​មាន​ការកែសម្រួល​បន្ថែម​តាម​ស្មារតី​អង្គ​ប្រជុំ​បាន​លើកឡើង​និង​សម្រេច មុន​នឹង​ដាក់​ឆ្លង​នីតិវិធី​បន្ទាប់​៕​