
ទិដ្ឋភាព មហាជនច្រើនកុះករ ចូលរួមសប្បាយរីករាយក្នុងសង្ក្រានវត្តភ្នំ រាជធានីភ្នំពេញ នារសៀលថ្ងៃ១៥ ខែមេសា ឆ្នាំ២០២៥ ក្នុងថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី
សង្ក្រានវត្តភ្នំ ដែលរៀបចំធ្វើឡើងនៅក្នុងបរិវេណរម្មណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីនេះ គឺថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី និងភ្ញៀវទេសចរជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ បានចូលមកលេងកម្សាន្តយ៉ាងសប្បាយរីករាយ។
សូមបញ្ជាក់ថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ព.ស២៥៦៩ គ.ស២០២៥នេះ សាលារាជធានីភ្នំពេញ បានរៀបចំព្រឹត្តការណ៍«សង្ក្រាន្តវត្តភ្នំ» នៅក្នុងបរិវេណរម្មណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៤ -១៥ -១៦ ខែមេសា ឆ្នាំ២០២៥ នឹងបានរៀបចំព្រឹត្តិការណ៍សប្បាយប្លែកៗជាច្រើន ដូចជា ការរៀបចំតំបន់ត្រជាក់ ដែលមានការដាក់រថយន្តបាញ់ទឹក ការដាក់បង្ហាញស្តង់ម្ហូបអាហារនិងផលិតផលខ្មែរ ការលេងល្បែងប្រជាប្រិយដ៏សម្បូរបែបរបស់ខ្មែរដែលរួមមាន៖ បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង វាយក្អម និងការបង្ហាញនូវផ្ទាំងទស្សនីយភាពរបាំជូនពរ របាំត្រុដិ និងចាប៉ីដងវែង ឆ្លងឆ្លើយ(ប្រវត្តិនៃកំណើតពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ) ព្រមទាំងការប្រគុំតន្ត្រី និងរាំលេងកម្សាន្ត។
គួរបញ្ជាក់ថា ប្រទេសកម្ពុជា បានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចូលឆ្នាំម្សាញ់ ដាច់ឆ្នាំរោង ឆស័ក រយៈពេល ៣ ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃចន្ទ ទី១៤ និងបញ្ចប់ទៅវិញ នៅថ្ងៃ ពុធ ទី១៦ ខែមេសា ឆ្នាំ២០២៥នេះ៕