ឯកឧត្ដម សុខ ប្រសិទ្ធិ​  រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង លោក​ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សាលា​អន្តរជាតិ IVS Vietnam ជួប​ពិភាក្សា​គ្នា​ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​ក្នុង​ការផ្តល់​អាហារូបករណ៍​មន្ត្រី​ក្រសួង និង​សិស្ស និស្សិត​ទៅ​បន្ត​ការសិក្សា​នៅ​វៀតណាម​

ឯកឧត្តម សុខ ប្រសិទ្ធិ ទីប្រឹក្សា​ផ្ទាល់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​គណៈកម្មការ​ប្រតិបត្តិ​សម្ពន្ធ​យុវជន​អាហារូបករណ៍​ស​២ បាន​ទទួល​ជួប​ប្រជុំ​ពិភាក្សា​ការងារ​ជាមួយ លោក​បណ្ឌិត Pham Quang Long ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សាលា​អន្តរជាតិ IVS Vietnam និង​ជា​ប្រធាន​សហព័ន្ធ​របាំ​តោ​វៀតណាម នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០២៥ នា​ទីស្តីការក្រសួង ដើម្បី​ពិនិត្យ​លើ​កិច្ចសហប្រតិបត្តិការ​ក្នុង​ការផ្តល់​អាហារូបករណ៍​ដល់​មន្ត្រី​ក្រសួង​ព័ត៌មាន និង​សិស្ស និស្សិត​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​វៀតណាម​។​

​ឯកឧត្តម សុខ ប្រសិទ្ធិ បានលើកឡើង នូវ​ពី​ចំណងមិត្តភាព និង​កិច្ច​សហ​ប្រត្តិការ ល្អ​រវាង​ប្រទេស​ទាំង​ពីរ និង​រំលឹក​ដល់​កិច្ចការងារ​មួយចំនួន​របស់​ក្រសួង​ព័ត៌មាន​កម្ពុជា និង VOV (Voice of Vietnam) ដែលជា​វិទ្យុជាតិ​របស់​វៀតណាម​បាន​សហការ​គ្នា​ល្អ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ ដោយ​ផ្តោត​សំខាន់​លើ​ការផ្លាស់ប្តូរ​ព័ត៌មាន កិច្ចសហប្រតិបត្តិការ​ផ្សព្វផ្សាយ និង​ពង្រឹង​ទំនាក់ទំនង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រវាង​ប្រទេស​ទាំង​ពីរ​។​

​ឯកឧត្តម រដ្ឋលេខាធិការ បាន​គូសបញ្ជាក់ថា គម្រោង​ការផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម មិន​ត្រឹមតែ​ជួយ​ឱ្យ សិស្ស និស្សិត​ទទួល​បាន​ការសិក្សា​ដែល​មាន​គុណភាព​ទេ ប៉ុន្តែ​អាច​ជួយ​ដល់​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម តាមរយៈ​ការផ្តល់​អាហារូបករណ៍ ផងដែរ​។​

​តាមរយៈ​ការពង្រឹង​ទំនាក់ទំនង​ដៃគូ​រវាង វៀតណាម និង​កម្ពុជា មាន​សារៈសំខាន់​ក្នុង​ការលើកកម្ពស់​ការ​យោគយល់​គ្នា និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ ជាពិសេស ការផ្តល់​អាហារូបករណ៍ លើ​ជំនាញ​បច្ចេកវិទ្យា វិស័យ​សារព័ត៌មាន និង​ការអភិវឌ្ឍន៍​ប្រទេសជាតិ​។ ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​អាច​ជួយ​ឱ្យមាន​ការផ្លាស់ប្តូរ​ព័ត៌មាន​យ៉ាង​ឆាប់រហ័ស និង​ប្រសើរ​ក៏ដូចជា​ការគាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម និង​វប្បធម៌​។​

​លោក​បណ្ឌិត Pham Quang Long បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​វៀតណាម និង​កម្ពុជា ហើយ​បាន​ជម្រាបជូន​អំពី​សកម្មភាព​របស់​សាលា​អន្តរជាតិ​វៀតណាម (IVS) គឺ​ជា​គ្រឹះស្ថាន​អប់រំ​ឯកជន​មួយ ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ដោយ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០០៨ ។​
​សាលា IVS បាន​ផ្តល់ជូន​នូវ​កម្មវិធីសិក្សា​ដ៏​ទូលំទូលាយ​មួយ​សម្រាប់​ទាំង​សិស្ស​វៀតណាម និង​សិស្ស​អន្តរជាតិ​ចាប់ពី​ថ្នាក់​មត្តេយ្យ​សិក្សា​រហូត ដល់​វិទ្យាល័យ​។

​លោក​បណ្ឌិត បាន​បន្តថា សាលា​អន្តរជាតិ​វៀតណាម (IVS) ផ្តល់​ការបណ្តុះបណ្តាល​យ៉ាង​ទូលំទូលាយ​និង​ស៊ីជម្រៅ​ចំនួន ៤ ផ្នែក​រួមមាន​៖ ផ្នែក​វប្បធម៌ វិធីសាស្ត្រ​, ជំនាញ​សំខាន់ៗ​នៃ​សតវត្សរ៍​ទី ២១, ជំនាញ​ទេពកោសល្យ (​តន្ត្រី គំនូរ សិល្បៈ​ល្ខោន​), ជំនាញ​កីឡា (​សិល្បៈ​ក្បាច់គុន កីឡា​ប្រពៃណី បាល់ទាត់ តៃខ្វាន់​ដូរ ម៉ុង​សាយ និង​Kungfu) ជាដើម ។​

​លោក​បណ្ឌិត បានបញ្ជាក់​ថា នឹង​ផ្តល់​អាហារូបករណ៍​ចំនួន ៦០​នាក់ តាមរយៈ​សាលា​អន្តរជាតិ​វៀតណាម បរិញ្ញាបត្រ​ជំនាញ​កីឡា រយៈពេល ៣​ឆ្នាំ និង​មាន​ការឧបត្ថម្ភ ជា​កន្លែង​ស្នាក់នៅ និង​ហូបចុក ដែល​ស្ថិតនៅ ទីក្រុង​ហូជីមិញ​។​

​ឯកឧត្តម សុខ ប្រសិទ្ធិ បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​ការងារ និង​បាន​សំណូមពរ​ដល់ លោក​បណ្ឌិត ស្នើសុំ​បង្កើន​ការ​កិច្ចសហប្រតិបត្តិការ​បន្ថែម ជាមួយ​បណ្តា​សាកលវិទ្យាល័យ​ផ្សេងៗ​ទៀត​នៅ​ប្រទេស​តាមរយៈ​ការផ្តល់​អាហារូបករណ៍​បណ្តុះបណ្តាល​សម្រាប់​ក្រសួង​ព័ត៌មាន លើ​បច្ចេកវិទ្យា​ព័ត៌មាន និង​សន្និសីទ​ព័ត៌មាន ការបណ្តុះបណ្តាល​ផ្សេងៗ​ទៀត ទាក់ទង​នឹង​វិស័យ​សារព័ត៌មាន​។​

​លោក​បណ្ឌិត Pham Quang Long បាន​ឯកភាព​រាល់​សំណើ​របស់ ឯកឧត្តម រដ្ឋលេខាធិការ ខាងលើ នឹង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជា​ក្រសួង​ព័ត៌មាន ក្នុង​វិស័យ​បច្ចេកវិទ្យា​ទំនើបកម្ម និង​ការផ្តល់​អាហារូបករណ៍​លើ​ការបណ្តុះបណ្តាល​បច្ចេកវិទ្យា​ឌីជីថល​នៅ​ប្រទេស​កម្ពុជា ៕​