ឯកឧត្តម នេត្រ ភ​ក្ត្រា គាំទ្រ​ការផ្ដល់​ឱកាស​ដល់​យុវជន ប្រកួត​គុន​ខ្មែរ​ជើងឯក​ថ្នាក់ជាតិ ដើម្បី​បណ្ដុះ​ស្មារតី​ស្រលាញ់​ក្បាច់គុន​បុរាណ​ខ្មែរ​

​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​បង្ហាញ​ការគាំទ្រ​ចំពោះ​ការផ្ដល់​ឱកាស​ដល់​យុវជន​-​យុវនារី បាន​ចូលរួម​ប្រកួត​កីឡា​ប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ដើម្បី​បង្កើនបាន​ធនធាន​កីឡាករ​-​កីឡាការិនី​ឆ្នើមៗ​បន្ដវេន​កាន់តែច្រើន ក៏ដូចជា​បណ្ដុះ​ស្មារតី​ស្រលាញ់​ក្បាច់គុន​បុរាណ​ខ្មែរ​កាន់តែ​រស់​រវើក​ផងដែរ​។​

​ការគូសបញ្ជាក់​នេះ ធ្វើឡើង​ក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​ប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២៤ ក្រោយ​ដំណើរការ​ប្រកួត​អស់​រយៈពេល ៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧-២០ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ដោយ​ជោគជ័យ នៅ​ខេត្ត​កំពង់ឆ្នាំង ដ្បិត​នេះ​ជា​ឆ្នាំ​ដំបូង ដែល​សហព័ន្ធ​បាន​ផ្ដោត​លើ​យុវជន​-​យុវនារី​អាយុ​ក្រោម ១៨​ឆ្នាំ ចូលរួម​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​នេះ​។​

​ឯកឧត្តម នេត្រ ភ​ក្ត្រា មានប្រសាសន៍ថា «​ការប្រកួត​នេះ ក៏​ជា​ការបង្ហាញ​ពី​ទម្រង់​ផ្សេងៗ នៃ​គុន​ខ្មែរ និង​ធ្វើឲ្យ​កាន់តែ​រស់​រវើក បណ្តុះ​ស្មារតី​ស្រឡាញ់​នូវ​កេរ​មរតក​ដូនតា ដែល​មាន​តម្លៃ​ដ៏​មហាសាល​នេះ ព្រមទាំង​ចូលរួម​អភិរក្ស និង​អភិវឌ្ឍ​ឱ្យបាន​គង់វង្ស​រាប់​ជំនាន់​ត​ទៅ​មុខ​ទៀត​។

​រាជរដ្ឋាភិបាល​កម្ពុជា គ្រប់​កាលៈទេសៈ​ទាំងអស់ ដែល​បាន​ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន នា​ពេល​កន្លង​ទៅ និង​បច្ចុប្បន្ន​ដែល​បាន​បន្ត​ការដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា តែងតែ​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការលើកស្ទួយ​ក្បាច់គុន​បុរាណ​ខ្មែរ ដែល​ជា​កេរ​មរតក​ដូនតា​ខ្មែរ​»​។​

​ឯកឧត្តម​បាន​បន្តថា ការរៀបចំ​បែបនេះ​គឺ​ដើម្បី​បង្ក​ឱកាស​ឱ្យ​អ្នក​ចេះ​ក្បាច់គុន​ខ្មែរ​បុរាណ​គ្រប់​ទម្រង់​មក​សម្ដែង មក​ប្រកួត​ក្នុងពេល​ជាមួយគ្នា បង្ហាញ​ទៅ​កាន់​ប្រជាជន យុវជន និង​មជ្ឈដ្ឋាន​អន្តរជាតិ​ថា កម្ពុជា​ពិតជា​មាន​ក្បាច់គុន​ច្រើនណាស់ និង​បង្ក​ឱកាស​ឱ្យ​មាន​ការស្រាវជ្រាវ ចងក្រង​ឡើងវិញ​ផងដែរ​។

​ក្រោម​ដំបូល​នៃ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ច រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការអភិវឌ្ឍ​វិស័យ​កីឡា​ដើម្បី​បង្កលក្ខណៈ​ល្អ​ប្រសើរ​សម្រាប់​បងប្អូន​ប្រជាជន​ទូទៅ​ក្នុង​ការលេងកម្សាន្ត និង​ពង្រឹង​សុខភាព​កីឡាករ​កីឡា​ការ​នី​ឱ្យ​កាន់តែ​ខ្លាំងពូកែ​។​

​ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​ថ្លែងអំណរគុណ​ដល់​សមាគម​កីឡាប្រដាល់​គ្រប់​ក្រសួង​ស្ថាប័ន រាជធានី​ខេត្ត និង​បងប្អូន​កីឡាករ កីឡា​ការិនី គណៈកម្មាធិការ​រៀបចំ​ការប្រកួត អាជ្ញាកណ្តាល និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត ដែល​បាន​ខិតខំ​ប្រឹងប្រែង​លះបង់​កម្លាំងកាយ​កម្លាំង​ចិត្ត ហ្វឹកហាត់​ក្បាច់គុន​ខ្មែរ និង​ខ្ញុំ​សូម​លើក​ទឹកចិត្ត​ដល់​បងប្អូន​សូម​ពង្រឹង និង​ពង្រីក​ការបណ្តុះបណ្តាល និង​ហ្វឹកហាត់ ព្រមទាំង​ចូលរួម​សិក្សា​ស្រាវជ្រាវ ផ្សព្វផ្សាយ និង​អនុវត្ត​នូវ​យុទ្ធ​គុន​ខ្មែរ​គ្រប់​ទម្រង់ និង​គ្រប់​ប្រភេទ ដើម្បី​ចូលរួម​ថែរក្សា​មរតក​ដូនតា​ខ្មែរ​របស់​យើង​ឱ្យបាន​គង់វង្ស​យូ​រង​ង្វែង​។ ជាពិសេស សូម​ថ្លែងអំណរគុណ​ចំពោះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក​ក្រុមហ៊ុន​វឌ្ឍនៈ ប្រ៊ូ​វើរី ដែល​បាន​ឧបត្ថម្ភ​គាំទ្រ​ការប្រកួត​នេះ​និង​បាន​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការឧបត្ថម្ភ​គាំទ្រ​ការលើកស្ទួយ​ក្បាច់គុន​ខ្មែរ​។

​សម្រាប់​ការប្រកួត​ជើងឯក​គុន​ខ្មែរ​ថ្នាក់ជាតិ​ប្រចាំ​ឆ្នាំ​នេះ​ដែរ គឺ​មាន​សមាគម​កីឡាប្រដាល់​គុន​ខ្មែរ ក្រសួង រាជធានី​-​ខេត្ត បាន​ចុះឈ្មោះ​ចូលរួម​ចំនួន ១៥ ក្នុងនោះ​មាន កីឡាករ​-​កីឡាការិនី​សរុប ១៣៩​នាក់ និង​ប្រកួត​លើ ១៦​វិញ្ញាសា ។

​ជា​លទ្ធផល​បច្ចេកទេស គឺ​ក្រសួង​ការពារជាតិ ដណ្ដើម​បាន​មេដាយ​ច្រើនជាងគេ រួម​មាន​មេដាយមាស ៧ ប្រាក់ ២ និង​សំរឹទ្ធ ១ សរុប ១០​គ្រឿង​។​