កងកម្លាំង​នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​បាន​ជា​ច្រើន​កំណាត់ ក្នុង​ស្រុក​សន្ទុក ខេត្ត​កំពង់ធំ​

ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម នួន ផា​រ័ត្ន អភិបាលខេត្ត ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កំពង់ធំ​។ នៅវេលា​ម៉ោង​១:៣៥ នាទី​រំលង​អាធ្រា​ត​យប់​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មការ​ការពា​រទប់​ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ខេត្តកំពង់ធំ បាន​ដឹកនាំ​កងកម្លាំង​អន្តរាគមន៍​ចេញ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​កាប់​នឹង​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​នៅ​តំបន់​៣៥ ព្រៃ​អង់​តែ​ន ស្ថិតក្នុង​ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ​។​

​ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់​ថា ដោយ​ទទួលបាន​ព័ត៌មាន​ពី​កងកម្លាំង​នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ដែល​ប្រចាំការ​ការពារ ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នៅ​ទីស្នាក់ការ​របស់​រដ្ឋា​ល​ព្រៃឈេ​ី​តំបន់​៤៤ បាន​រាយការណ៍​ថា នៅវេលា​ម៉ោង​១,៣០​នាទី ក្រុម​ជនល្មើស​មាន​គ្នា​ប្រហែល​ពី​៦​ទៅ​៨​នាក់ បាន​រៀបចំ​ដឹកជញ្ជូន​ឈើ ដែល​បាន​លួច​កាប់​រួច​ថ្មីៗ​នៅពេល​យប់​ចំនួន​៣​គោយន្ត​កន្ត្រៃយ៍នៅ​តំបន់​៣៥ ដែល​ជា​តំបន់​ព្រៃឈើ រក្សា​ទុក​របស់​រដ្ឋ ហៅ​ព្រៃ​អង់​តែ​ន នៅ​ឃុំ​បឹងល្វា ស្រុក​សន្ទុក ។ ពេល​ទទួលបាន​ព័ត៌មាន​នេះ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​បញ្ជា​ឲ្យ​កងកម្លាំង​ដែល​ប្រចាំការ​នៅ​ទីនោះ សហការគ្នា ដើម្បី​គ្រប់គ្រង កុំ​ឱ្យ​ការដឹកជញ្ជូន​នូវ​បទល្មើស​ព្រៃឈើ​នេះ​ចេញ​បាន​ជាដាច់ខាត​។

​នៅក្នុង​ឱកាស​នេះ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ដឹកនាំ​កងកម្លាំង​អន្តរាគមន៍​ដោយ​ផ្ទាល់​ចេញពី​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ទៅកាន់​គោលដៅ ដើម្បី​បង្ក្រាប​បទល្មើស​នៃ​ការកាប់ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នេះ ។​

​ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ក្នុងពេល​ដែល​កម្លាំង​ប្រតិបត្តិការ​មាន​គ្នា​តិច ក្រុម​ជនល្មើស​ដែល​ដឹក​ជញ្ជូន​ឈើ​តាម​គោយន្ត​កន្ត្រៃ​យ៍ បាន​កាប់​ទម្លាក់​ឈើ​ចុះ រួច​បើក​គោយន្ត​កន្ត្រៃយ៍​គេចខ្លួន​ចូល​ព្រៃ​បាត់​នៅ​មុនពេល​ដែល​កងកម្លាំង​អន្តរាគមន៍​បាន​ទៅដល់ ។

​ក្រោយ​ពេល​ធ្វើដំណើរ​អស់​រយៈពេល​ជាង​មួយ​ម៉ោង​កងកម្លាំង​អន្តរាគមន៍​បាន​ទៅដល់​លទ្ធផល​ក្នុងពេល​ប្រតិបត្តិការ គឺ​រឹបអូស​បាន​តែ​អនុផល​ព្រៃឈើ ដែល​ជនល្មើស​បាន​កាប់ និង​ដឹកជញ្ជូន​បានឈេ​ី​មូល​ចំនួន​ជាង​៥​ម៉ែត្រ​គីប ហើយ​ត្រូវ​បាន​កងកម្លាំង​នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ប្រគល់ជូន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ដើម្បី​រក្សា​ទុក​។​

​នៅក្នុង​ឱកាស​នេះ​ដែរ​ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន​ប្រគល់​ភារកិច្ច​ជូន​ដល់​កងកម្លាំង​ចម្រុះ ដែល​ប្រចាំការ​ការពារ​ទប់ស្កាត់ និង​បង្ក្រាប​ទ​ល្មើស​ធនធានធម្មជាតិ បន្ត​ធ្វើ​ការស្រាវជ្រាវ​វែកមុខ​រក​ជនល្មើស ដែល​លួច​កាប់​និង​ដឹក​ព្រៃឈើ​ខុស​ច្បាប់ ដើម្បី​មាន​វិធានការ តាម​ផ្លូវ​ច្បាប់​ជា​ធរមាន​ដោយ​គ្មាន​ការលើកលែងឡេី​យ ហេ​ី​យ​ត្រូវ​បន្ត​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ មិនឲ្យ​មាន​ការកេី​ត​មាន​ឡេីង​ជា​ថ្មី​ទៀត​បាន​ឡើយ ៕​