​ក្រសួង​ទេសចរណ៍ រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្ដីព្រាង​ប្រកាស​ស្ដីពី​នីតិវិធី និង​លក្ខខណ្ឌ ក្នុង​ការពិន័យ​អន្តរ​ការណ៍ ចំពោះ​បុគ្គល​ប្រព្រឹត្ត​បទល្មើស​ទេសចរណ៍​

ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការ ប្រចាំការ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី ក្រសួង​ទេសចរណ៍ បាន​អញ្ជើញ​ដឹកនាំ សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្ដីព្រាង​ប្រកាស​ស្ដីពី នីតិវិធី និង​លក្ខខណ្ឌ ក្នុង​ការពិន័យ​អន្តរ​ការណ៍ ចំពោះ​បុគ្គល​ប្រព្រឹត្ត​បទល្មើស​ទេសចរណ៍ នៅ​ក្រសួង​ទេសចរណ៍ នា​ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ដោយ​ពិធី​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី តំណាង​ក្រសួង សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ រដ្ឋបាល​រាជធានី ខេត្ត មន្ទីរ​ទេសចរណ៍ រាជធានី ខេត្ត សមាគម និង​ប្រតិបត្តិ​ករ​ទេសចរណ៍​។​

​ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការ ប្រចាំការ បាន​បញ្ចាក់​ថា សិក្ខា​នេះ​រៀបចំឡើង​ក្នុង គោលបំណង​ប្រមូល​មតិយោបល់ ជា​ធាតុ​ចូល​ពី​ភាគី​ពាក់ព័ន្ធ​ដើម្បី​ឱ្យ​សេចក្ដីព្រាង​ប្រកាស​នេះ​អាច​ដាក់​ឱ្យ​អនុវត្ត​បាន​ប្រកប​ដោយ​សុខដុម​នីយកម្ម​និង​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​អនុលោម​តាម​ខ្លឹមសារ​មាត្រា​៦៣​នៃ​ច្បាប់​ស្ដីពី​ទេសចរណ៍ ស្របតាម​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១​របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​៧ ដែល​បាន​យកចិត្តទុកដាក់​ក្នុង​ការពង្រឹង​ភាព​ជា​ដៃគូ​រវាង​រដ្ឋ​និង​ឯកជន ដែលេ​ជា​យន្តការ​មិន​អាច​ខ្វះ​បាន​និង​មាន​ប្រសិទ្ធភាព​ក្នុង​ការគាំទ្រ​ពិពិធ​កម្ម​និង​កំណើន និង​ការបន្ត​ពង្រឹង​ការគ្រប់គ្រង​ហានិភ័យ​នៃ​កាតព្វកិច្ច​បំណុល​ជាយថាហេតុ ចំពោះ​ការអនុវត្ត​គម្រោងការ​វិនិយោគសាធារណៈ ក្រោម​យន្តការ​ភាព​ជា​ដៃគូ​រវាង​រដ្ឋ​និង​ឯកជន​, ការប្រកួតប្រជែង​ស្មើភាព តាមរយៈ​ការបន្ត​បង្កើត​បរិយាកាស​ធ្វើ​ធុរកិច្ច​ដោយ​ស្មើភាព គ្មាន​ការរើសអើង តាម​នីតិវិធី​ដោយ​យុត្តិធម៌ និង​ស្រប​តាម​អភិក្រម “​ជវភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែមួយ​” សំដៅ​រួមចំណែក​ដល់​ការបង្កើត​មុខទំនិញ និង​សេវាកម្ម​ថ្មី និង​ការបង្កើត​ផលិតភាព​និង​ប្រសិទ្ធភាព​សេដ្ឋកិច្ចកម្ពុជា ដើម្បី​កសាង​មូលដ្ឋានគ្រឹះ​ឆ្ពោះទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ​កម្ពុជា ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០​។​

​ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការ បាន​បន្តទៀតថា រាជរដ្ឋាភិបាល​ចាត់ទុក​វិស័យ​ទេសចរណ៍​ជា “​មាស​បៃតង​” ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​សង្គម​កម្ពុជា​ប្រមាណ​១៣% នៃ​ផលិតផល​ក្នុងស្រុក​សរុប​(GDP) បង្កើត​ឱកាស​ការងារ​ដោយផ្ទាល់​ប្រមាណ​៦៣​ម៉ឺន​នាក់ និង​ការងារ​ដោយ​ប្រយោល​ជាង​១​លាន​នាក់​។

​ជាង​ពីរ​ទស្សវត្សរ៍​មក​នេះ វិស័យ​ទេសចរណ៍​កម្ពុជា​ត្រូវបាន​មើលឃើញ​ថា​មាន​សន្ទុះ​គួរឱ្យ​កត់សម្គាល់​ក្នុង​អត្រាកំណើន​មធ្យម ១២% ក្នុង​មួយ​ឆ្នាំ​។

​ជាក់ស្តែង​នៅ​ឆ្នាំ​២០២៤ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ចំនួន​ជាង ៦,៧​លាន​នាក់ មាន​សន្ទុះ​កើនឡើង ២២,៩% ធៀប​នឹង​ឆ្នាំ​២០២៣ និង​កើនឡើង​១,៤% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩(​មុន​វិបត្តិកូ​វីដ​-១៩) និង​បាន​នាំមក​នូវ​ប្រាក់ចំណូល​ជិត ៤ ពាន់​លាន​ដុល្លារ​អាមេរិក (៣.៦៣៧​លាន​ដុល្លារ​អាមេរិក​)​។

​ដោយឡែក​ទេសចរ​ជាតិ​បាន​ធ្វើ​ដំណើរ​កម្សាន្ត មាន​ចំនួន​ប្រមាណ​ជាង ២២​លាន​នាក់ (២២.៥២​លាន​នាក់​) មាន​ការកើនឡើង ១៩%​។​

​សូមបញ្ជាក់​ថា សេចក្ដីព្រាង​ប្រកាស​ស្ដីពី​នីតិវិធី និង​លក្ខខណ្ឌ ក្នុង​ការពិន័យ​អន្តរ​ការណ៍ ចំពោះ​បុគ្គល​ប្រព្រឹត្ត បទល្មើស​ទេសចរណ៍ មាន​គោលដៅ​ពង្រឹង​គុណភាព​សេវាកម្ម និង​ផលិតផល​ទេសចរណ៍ ជំរុញ​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ស្ដីពី​ទេសចរណ៍ និង​ទប់ស្កាត់​បទល្មើស​ទេសច​រណ៍​៕