ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង និយ័ត​ករ​ធានារ៉ាប់រង​កម្ពុជា និង​នាយកដ្ឋាន ត្រួតពិនិត្យ​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ និង ធានារ៉ាប់រង នៃ​ក្រសួង​ហិរញ្ញវត្ថុ ប្រទេស​ឡាវ​

​និយ័ត​ករ​ធានារ៉ាប់រង​កម្ពុជា​បាន​រៀបចំ​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង និយ័ត​ករ​ធានារ៉ាប់រង​កម្ពុជា និង​នាយកដ្ឋាន ត្រួតពិនិត្យ​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ និង ធានារ៉ាប់រង នៃ​ក្រសួង​ហិរញ្ញវត្ថុ ប្រទេស​ឡាវ ក្រោម​វត្តមាន​ឯកឧត្ដម ប៊ូ ច័ន្ទ​ភី​រូ អគ្គនាយក​និយ័ត​ករ​ធានារ៉ាប់រង​កម្ពុជា ន​.​ធ​.​ក​. និង​ឯកឧត្ដម Phaitoun Thienglamay អគ្គនាយក​នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ និង​ធានា​រ៉ាប់រង នៃ​ក្រសួង​ហិរញ្ញវត្ថុ​ឡាវ (SOEI)​។​ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ រៀបចំឡើង​ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព យុត្តិធម៌ សុវត្ថិភាព និង ស្ថិរភាព​នៃ​ទីផ្សារ​ធានារ៉ាប់រង​ទាំង​ក្នុង​ប្រទេស​ឡាវ និង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ក្របខណ្ឌ​៖

១.​គាំទ្រ​ទៅវិញទៅមក​តាម​រយៈ​ការផ្តល់​ជំនួយ​លើ​ការកសាង​សមត្ថភាព និង​ការផ្លាស់ប្តូរ​បទពិសោធ​ន៍ ក្នុង​ការរៀបចំ​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​សម្រាប់​គ្រប់គ្រង​វិស័យ​ធានារ៉ាប់រង រួម​ទាំង​បទពិសោធន៍​ក្នុង​ការបង្កើត ក្រុមហ៊ុន​ធានារ៉ាប់រង​បន្ត​ក្នុង​ស្រុក​ផងដែរ​
២.​សហការ​ផ្លាស់ប្តូរ​ព័ត៌មាន​សម្រាប់​រៀបចំ​ប​ទប្ប​ញ្ញត្តិ​ក្នុង​ការគ្រប់គ្រង និង​ដាក់​ចេញ​ផលិតផល​ធានារ៉ាប់រង រួមមាន​៖ ផលិតផល​ធានារ៉ាប់រង​ខ្នាត​តូច​, ផលិតផល​ដែល​លក់​តាម​បែប​ឌីជីថល និង​ផលិតផល​ធានារ៉ាប់រង​ថ្មីៗ​
៣.​សហការ​ផ្តល់​ជំនួយ និង​ផ្លាស់ប្តូរ​បទពិសោធន៍​ក្នុង​ការអនុវត្ត​បរិស្ថាន​សាកល្បង (Sandbox)
៤.​ចែករំលែក​បទពិសោធ​ន៍​ក្នុង​យន្តការ​នៃ​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ការអនុវត្ត​ការត្រួតពិនិត្យ​ធានារ៉ាប់រង​
៥.​សហការ​ចែករំលែក​ប​ទ​ពិសោធន៍ និងឧ​ត្ត​មានុ​វត្តន៍​ពាក់ព័ន្ធ​នឹង​ហិរញ្ញប្បទាន​ហានិភ័យ​គ្រោះមហន្តរាយ​។​

​តាមរយៈ​អនុស្សរណៈ​នេះ កម្ពុជា​-​ទ្បា​វ នឹង​គាំទ្រ​គ្នា​ទៅវិញទៅមក​តាម​រយៈ​ការផ្តល់​ជំនួយ​លើ​ការកសាង​សមត្ថភាព និង​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​ក្នុង​ការរៀបចំ​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​សម្រាប់​គ្រប់គ្រង​វិស័យ​ធានារ៉ាប់រង រួម​ទាំង​បទពិសោធន៍​ក្នុង​ការបង្កើត ក្រុមហ៊ុន​ធានារ៉ាប់រង​បន្ត​ក្នុង​ស្រុក​ផងដែរ​។

​ឯកឧត្ដម ប៊ូ ច័ន្ទ​ភី​រូ អគ្គនាយក​និយ័ត​ករ​ធានារ៉ាប់រង​កម្ពុជា បាន​គូសបញ្ជាក់ថា “​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​នាពេលនេះ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​យើង ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក នៃ​និយតករ​ធានារ៉ាប់រង​ពីរ​នៅក្នុង​តំបន់​”
ឯកឧត្ដម ប៊ូ ច័ន្ទ​ភី​រូ បានបង្ហាញ​ការជឿជាក់​យ៉ាង​មុតមាំ​ថា អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​និយតករ​ទាំងពីរ ហើយ​លោក​ទន្ទឹងរង់ចាំ​ភាព​ជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា ដែល​អាច​បម្រើ​សហគមន៍​នៃ​ប្រទេស​ទាំង​ពីរ ប្រកបដោយ​ប្រសិទ្ធភាព​។​

​ជាមួយនេះ ភាគី​កម្ពុជា​-​ទ្បា​វ នឹង​សហការ​ផ្លាស់ប្តូរ​ព័ត៌មាន​សម្រាប់​រៀបចំ​ប​ទប្ប​ញ្ញត្តិ​ក្នុង​ការគ្រប់គ្រង និង​ដាក់​ចេញ​ផលិតផល​ធានារ៉ាប់រង រួមមាន​៖ ផលិតផល​ធានារ៉ាប់រង​ខ្នាត​តូច​, ផលិតផល​ដែល​លក់​តាម​បែប​ឌីជីថល និង​ផលិតផល​ធានារ៉ាប់រង​ថ្មីៗ​។

​ក្រៅពីនេះទៀត ភាគី​ទាំងពីរ​នឹង​សហការ​ផ្តល់​ជំនួយ និង​ផ្លាស់ប្តូរ​បទពិសោធន៍​ក្នុង​ការអនុវត្ត​បរិស្ថាន​សាកល្បង (Sandbox), ចែករំលែក​បទពិសោធ​ន៍​ក្នុង​យន្តការ​នៃ​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ការអនុវត្ត​ការត្រួតពិនិត្យ​ធានារ៉ាប់រង និង​សហការ​ចែករំលែក​បទ​ពិសោធន៍ និងឧ​ត្ត​មានុ​វត្តន៍​ពាក់ព័ន្ធ​នឹង​ហិរញ្ញប្បទាន​ហានិភ័យ​គ្រោះមហន្តរាយ​៕