ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បើក​កិច្ចប្រជុំ​ពិភាក្សា​អំពី​ប្រាក់​កម្ចី​ដែល​មាន​ការប្រាក់​សមរម្យ ជាមួយ​ស្ថាប័ន​ធនាគារ ហិរញ្ញវត្ថុ និង​ភាគី​ពាក់ព័ន្ធ ក្នុង​គោលដៅ​ផ្ដល់​លទ្ធភាព​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​ទទួល​បាន​ផ្ទះសម្បែង​រស់នៅ​សមរម្យ​

ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានឱ្យដឹងថា កិច្ចប្រជុំ​នាពេល​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ពិភាក្សា​ការងារ​ទាក់ទិន​ទៅ​នឹង​ប្រាក់កម្ចី​របស់​អ្នក​អភិវឌ្ឍន៍​លំនៅឋាន និង​អតិថិជន ដោយ​ស្វែងរក​ការសម្របសម្រួល និង​រៀបចំ​នីតិវិធី​ឯកភាព​ក្នុងការ ផ្តល់​លទ្ធភាព​ឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន និង​ទិញ​លំនៅឋាន ទទួលបាន​កម្ចី​មាន​ការប្រាក់​សមរម្យ​ទទួលយកបាន ដែល​អត្រា​ការប្រាក់​ថ្មី​នេះ នឹង​ផ្តល់ឱ្យ​អតិថិជន​ក៏ដូចជា​ស្ថាប័នហិរញ្ញវត្ថុ បន្ត​ដំណើរការ​ទូទាត់​កាន់តែ​មាន​សុវត្ថិភាព និង​ងាយស្រួល​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ជាមួយ​ក្រុម​ការងារ​ផ្នែក​សំណង់ និង​អចលនទ្រព្យ ផ្នែក​ឯកជន “​ក្រុម​ឌ​” វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​ដែល​បាន​ធ្វើឡើង​នៅ​ទីស្ដីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នា​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០២៥​។​

​ទន្ទឹមនេះ​ក៏​ដើម្បី​ស្តាប់ និង​ពិភាក្សា​ស៊ីជម្រៅ​ជាមួយ​ស្ថាប័ន​ធនាគារ ហិរញ្ញវត្ថុ និង ភាគី​ពាក់ព័ន្ធ ដើម្បី​អនុវត្ត​បាន​ជោគជ័យ​នូវ​គោលនយោបាយ​នេះ សំដៅ​ផ្តល់​លទ្ធភាព​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប ទទួលបាន​ផ្ទះសម្បែង​សមរម្យ​សម្រាប់​រស់នៅ​ផងដែរ​។​
​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សាយ សំ​អាល់ បាន​លើកឡើង​ថា មុន​នឹង​ដើរ​មក​ដល់​ជំហាន​នេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​អនុវត្ត​ការងារ​ចំនួន​៦ ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លះ​កន្លងមកនេះ ហើយ​យើង​អាច​ដោះស្រាយ​បញ្ហា​ដល់​កម្រិត​មួយ​ដែល​អាច​និយាយបាន​ថា យើង​បាន​បង្កើត​បរិយាកាស​គ្មាន​វិវាទ​នៅក្នុង ព្រះរាជាណាចក្រ​កម្ពុជា​។

​ចំពោះ​ការងារ​ចុះបញ្ជី​ដីធ្លី​មកដល់​ពេលនេះ​បាន​ចុះ​បញ្ជី​ដី​ចំនួន ៣​លាន ៦​សែន​ក្បាលដី និង​នៅ​សល់​ប្រមាណ​មួយ​លាន​ក្បាលដី​ទៀត​ប៉ុណ្ណោះ​នឹង​បញ្ចប់​ការចុះបញ្ជី​ដីធ្លី​ជា​ស្ថាពរ​។​

​ដោយឡែក​ចំពោះ​បញ្ហា​ជម្លោះ​ដីធ្លី​ប្រមាណ ២​ម៉ឺន​ករណី តាមរយៈ​គណៈកម្មការ​សុរិយោដី​និង​អាជ្ញាធរ​ដោះស្រាយ​វិវាទ​ដីធ្លី គឺ​បាន​ដោះស្រាយ​វិវាទ​ដីធ្លី​អស់​ជាច្រើន​ករណី​ដោយ​នៅសល់​ត្រឹម​ក្រោម ១​ពាន់​ករណី​ប៉ុណ្ណោះ នាពេល​បច្ចុប្បន្ន​នេះ​។

​ចំពោះ​ការផ្ដល់​សេវា​ផ្សេងៗ​ជូន​ដល់​ប្រជាពលរដ្ឋ និង​វិស័យ​ឯកជន​គឺ​ក្រសួង​បាន​ដាក់​ឱ្យ​ដំណើរការ​នូវ​សេវា​គាប់ចិត្ត​តាម​ប្រព័ន្ធ​អន​ឡាញ​ដោយបាន​ភ្ជាប់​នៅ ២៥ រាជធានី​-​ខេត្ត​ទូទាំង​ប្រទេស​។​

​រីឯ​នៅ​ខេត្តសៀមរាប ឯកឧត្តម បាន​ដោះស្រាយ​បញ្ចប់​ទាំងស្រុង​នូវ​បញ្ហា​វិវាទ​ដីធ្លី​រវាង​ប្រជាជន​និង​អាជ្ញាធរ​ជាតិ​អប្សរា​។

​ចំពោះ​បឹង​ទន្លេសាប គឺ​យើង​ត្រូវប្រកាន់យក​គោលជំហរ​ជាក់លាក់ ដើម្បី​រក្សា​នូវ​អាយុជីវិត​បឹង​ទន្លេសាប ពីព្រោះ​បឹង​ទន្លេសាប និង​ទន្លេ​មេគង្គ​ឱ្យ​ផល​ដល់​ប្រទេសជាតិ និង​ប្រជាជន​ក្នុង​រង្វង់​ប្រមាណ ២​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។

​ដោយឡែក​បញ្ហា​បុរី​មាន ១០៦​ករណី យើង​បាន​ដោះស្រាយ​សម្របសម្រួល​បាន ៥៣​ករណី​ហើយ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ​នឹង​អាច​ដោះស្រាយបាន​ប្រមាណ ៣០​ករណី​បន្ថែមទៀត​ស្របតាម​គោលការណ៍​សម្រុះសម្រួល​គ្នា​។​

​ទាក់ទិន​ទៅ​នឹង​ឧស្សាហកម្ម​ប្រាក់កម្ចី ឯកឧត្តម​រដ្ឋមន្ត្រី មានបំណង​ចង់​ឱ្យ​ក្លាយទៅជា​ឧស្សាហកម្ម​ថេរ​មួយ បើទោះបីជា​វា​អាច​ឡើង​ចុះ​តាម​ការប្រកួតប្រជែង​យ៉ាងណាក្តី ប៉ុន្តែ​នេះ​ជា​ឧស្សាហកម្ម​មួយ​ដែល​បាន​បង្កើត​ការងារ​ផ្ដល់​ប្រាក់​ចំណូល​ដល់​ប្រជាជន​កម្ពុជា ក៏​ដូច​ជា​បុគ្គលិក​ធនាគារ ដូច្នេះ​ការជួបប្រជុំគ្នា​នាពេល​នេះ​ក៏​ដើម្បី​រួមគ្នា​គិតគូរ​សំដៅ​ធានា​ឱ្យបាន​ថា​សេដ្ឋកិច្ចជាតិ​នឹង​ដើរ​ទៅ​មុខ​ប្រកបដោយ​និរន្តរភាព​ផងដែរ​។​

​សូម​ជម្រាប​ជូន​ថា កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី លោកជំទាវ ជា សិរី អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា លោក​អ្នកឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា អ្នកឧកញ៉ា​សមាជិក គណៈកម្មការ​ប្រតិបត្តិ​នៃ​សមាគម​អ្នក​សាងសង់​កម្ពុជា លោក​ជំទាវ​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ប្រធាន​សមាគម​ធនាគារ​កម្ពុជា ប្រធាន​សមាគម​អ្នកវាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា តំណាង​វិស័យ​ឯកជន តំណាង​បណ្តា​ស្ថាប័ន​ធនាគារ និង​ស្ថាប័ន​ពាក់ព័ន្ធ​៕​