រដ្ឋមន្ត្រី សុខាភិបាល ៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បន្ត​ការតាមដាន និង​ឆ្លើយតប​ជំងឺឆ្លង និង​ព្រឹត្តិការណ៍​សុខភាព​សាធារណៈ​នានា ដោយ​នវានុវត្តន៍ និង​បុរេ​សកម្ម​

ភ្នំពេញ​៖ ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បាន​មានប្រសាសន៍​បែបនេះ​នៅក្នុង​ឱកាស អញ្ជើញ​ជួប​សំណេះសំណាល និង​ផ្ដល់​អនុសាសន៍​លើ​ការអនុវត្ត​ការងារ​ជូន​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង នៃ​ក្រសួង​សុខាភិបាល ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​បន្ថែមទៀត​​នា​ព្រឹក​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០២៥​។​

​ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី ក៏បាន​ផ្តល់​អនុសាសន៍​សំខាន់ៗ​រួមមាន​៖
– ពង្រឹង​ប្រសិទ្ធភាព​ការងារ​ទាក់ទង​ជាមួយនឹង​ជំងឺឆ្លង ដោយ​នវានុវត្តន៍ និង​បុរេ​សកម្ម​
– បង្កើន​ការសហការ និង​សហប្រតិបត្តិការ​ជាមួយ​នាយកដ្ឋាន អន្តរ ស្ថាប័ន មន្ទីរពេទ្យ និង​អង្គការ​ដៃគូ​
– ពង្រឹង​សមត្ថភាព​បុគ្គលិក​ក្នុង​ការឆ្លើយតប​បន្ទា​ន់ ទៅ​នឹង​ជំងឺឆ្លង និង​គ្រោះអាសន្ន​សុខភាព​សាធារណៈ​ផ្សេងទៀត​
– បង្កើន​ការចូលរួម​ពី​សហគមន៍ ដើម្បី​រាយការណ៍​អំពី​ជំងឺឆ្លង និង​ព្រឹត្តិការណ៍​សុខភាព​សាធារណៈ​នានា​ឱ្យ​បាន​ទាន់ពេលវេលា​
– ពង្រឹង​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា និង​នវានុវត្តន៍​
– បង្កើន​ការតាមដាន​ភាពស៊ាំ​នឹង​ឱសថ​ប្រឆាំង​មេរោគ​(AMR) តាមរយៈ​ការសិក្សា​ស្រាវជ្រាវ ការប្រើប្រាស់​ឱសថ​សមស្រប នៅតាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ និង​ឯកជន​
– ពង្រឹង​ការចេញ​សេចក្ដី​ជូន​ព័ត៌មាន​អំពី​សុខភាព​ឱ្យបាន​ទាន់ពេលវេលា​
– ត្រៀម​ផែនការ​ឆ្លើយតប​ទៅ​នឹង​ជំងឺឆ្លង​កើត​ថ្មី និង​ជំងឺឆ្លង​លេចឡើង​សារជាថ្មី​
– អភិវឌ្ឍ​ផែនការ​យុទ្ធសាស្ដ្រ​រយៈពេល​មធ្យម និង​រយៈពេល​វែង​របស់​អង្គភាព​។​

​បន្ទាប់ពី​បាន​ស្តាប់​របាយការណ៍​សង្ខេប របស់​នាយកដ្ឋាន​រួចមក​  ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី ឈាង រ៉ា បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់ នៃ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ដែល​តែងតែ​រកឃើញ និង​ឆ្លើយតប​ជាមួយ​ជំងឺឆ្លង និង​ព្រឹត្តិការណ៍​សុខភាព​សាធារណៈ​នានា បាន​ទាន់ពេលវេលា​៕​