រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង ប្រធាន​ក្រុមប្រឹក្សាភិបាល​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) ជួប​ប្រជុំ​ពិភាក្សា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ ក្រប​ខណ្ឌ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​នៅ​កម្ពុជា ដើម្បី​ពង្រឹង​សមត្ថភាព គុណភាព និង​វិជ្ជាជីវៈ​ដល់​អ្នកសារព័ត៌មាន​អោយបាន​កាន់តែ​រឹងមាំ​

នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ ក្រប​ខណ្ឌ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍ រវាង ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោកជំទាវ ទេព កូលាប ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) នា​រសៀល​ថ្ងៃ​ទី​០២ ខែ​មករា ឆ្នាំ​២០២៥ នៅ​ទីស្តីការក្រសួង​ព័ត៌មាន បាន​លើក យក​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន​ដើម្បី​រួមគ្នា​ឈាន​ទៅ​ធ្វើការ​បណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស​លើ​វិស័យ​សារព័ត៌មាន និង​សោតទស្សន៍​នៅ​កម្ពុជា​បាន​កាន់តែ​រឹងមាំ មាន​គុណភាព និង​សមត្ថភាព​ល្អប្រសើរ​បន្ថែ​ម​ទៀត​។​

​កិច្ចប្រជុំ​ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ ក្រប​ខណ្ឌ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍ រវាង​ក្រសួង​ព័ត៌មាន និង​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) បាន​ធ្វើឡើង​បន្ទាប់​ពី ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោកជំទាវ ទេព កូលាប សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) បាន​ធ្វើ​ការចុះ​ហត្ថ លេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង​ក្រសួង​ព័ត៌មាន និង​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​ក្របខ័ណ្ឌ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍ កាលពី​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែ​ធ្នូ ឆ្នាំ​២០២៤ កន្លងទៅនេះ ហើយ​អនុស្សរណៈ​នៃ​ការយោគយល់​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​គោល បំណង​បង្កើន​កិច្ចសហប្រតិបត្តិការ ក្នុង​ភាព​ជា​ដៃគូ រវាង​ស្ថាប័នរដ្ឋ និង​ឯកជន សំដៅលើ​ការរួម ចំណែក​លើកកម្ពស់​វិស័យ​ព័ត៌មាន តាមរយៈ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ក្នុង​វិស័យ​ព័ត៌មាន ប្រកប​ដោយ​គុណ​វ​ឌ្ឍ កម្រិត​បរិញ្ញាបត្រ បរិញ្ញាបត្ររង និង​កម្រិត​វិជ្ជាជីវៈ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​គូសបញ្ជាក់ថា កិច្ចសហការ​រវាង​ក្រសួង​ព័ត៌មាន និង​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ គឺ​ដើម្បី​បណ្តុះបណ្តាល​ជំនាញ​សារព័ត៌មាន ដោយ​មិន​ត្រឹម តែ​ការសរសេរ​អត្ថបទ​កាសែត​តែមួយ​មុខ​នោះទេ គឺ​ទាក់ទង​កិច្ច​ការងារ​វិទ្យុ ទូរទស្សន៍ ប្រពន្ធ័ Digital ការគ្រប់គ្រង​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារព័ត៌មាន ផ្នែក​ទំនាក់ទំនង​សាធារណៈ អ្នកនាំពាក្យ មន្ត្រី​ព័ត៌មាន រួម​ទាំង​ផ្នែក​បច្ចេកទេស​សម្រាប់​បំពេញ​ការងារ​ក្នុង​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​នៅ​កម្ពុជា ៕​