​ប្រអប់​ខ្មៅ​យន្តហោះ Jeju Air ត្រូវ​បញ្ជូន​ទៅឲ្យ​អ្នកជំនាញ​ស៊ើបអង្កេត​ហើយ ដើម្បី​កំណត់​មូលហេតុ​ឱ្យ​ច្បាស់​នៃ​គ្រោះថ្នាក់​សម្លាប់​មនុស្ស​១៧៩​នាក់​នេះ ខណៈ​ដែល​ប្រទេស​កូរ៉េ​ក៏​កំពុង​ជាប់​គាំង​ផ្នែក​នយោបាយ​ផ្ទៃក្នុង​ដែរ​

បុគ្គលិក​សង្គ្រោះបន្ទាន់​បាន​បន្ត​រុះរើ​បំណែក​សព​យន្តហោះ​ដែល​ជួប​គ្រោះថ្នាក់​ផ្ទុះ​ឆេះ​នោះ​ដដែល ខណៈ​ដែល​អ្នក​ស៊ើបអង្កេត​បាន​ប្រមូល​ភស្តុតាង​នៅ​កន្លែងកើតហេតុ​ក្រោយ​ពី​វា​បាន​រអិល​ធ្លាក់​ផ្លូវ​រត់​នៃ​យន្តហោះ​នៅ​កូរ៉េ​ខាងត្បូង​ដែល​បាន​សម្លាប់​មនុស្ស​១៧៩​នាក់​ភ្លាមៗ ពេល​ចុះចត​នៅ​អាកាសយានដ្ឋាន Muan​។​

​ក្រុម​អ្នក​ពន្លត់អគ្គីភ័យ​និង​ប៉ូលីស​ក៏​ត្រូវបាន​គេ​អនុញ្ញាតិឲ្យ​ចូលរួមផ​ង​ដែរ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិលមិញ​នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ Muan នា​ភាគខាងត្បូង​នៃ​ទីក្រុង​សេ​អ៊ូ​ល ដែល​ជា​ទីតាំង​ដែល​យន្តហោះ​ដឹក​អ្នកដំណើរ Jeju Air បាន​រអិល​ធ្លាក់​ផ្លូវ​រត់​ពេល​ចុះចត និង ជ្រុល​ទៅ​បុក​ជញ្ជាំង​របង​បេតុង​ផ្ទុះ​ឆេះ​ភ្លាមៗ​យ៉ាង​រន្ធត់ សម្លាប់​មនុស្ស​ទាំងអស់​ក្នុង​តួ​យន្តហោះ ដែល​នៅសល់​តែ​មនុស្ស​២​នាក់​ជា​សមាជិក​អាកាសចរណ៍ ដោយ​ភ្លាមៗ​ត្រូវ​ក្រុម​សង្គ្រោះរ​ត់​ទៅទាញ​ចេញ​មក​ខាងក្រៅ និង​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ព្យាបាល ។​

​យន្តហោះ​ដែល​ជួប​គ្រោះ​ដ៏​អាក្រក់​នេះ​ជា​ប្រភេទ Boeing 737-800 ដែល​មាន​អាយុកាល​១៥​ឆ្នាំ​មកហើយ បាន​ធ្វើដំណើរ​មកពី​ទីក្រុង​បាងកក មកកាន់​ប្រទេស​កូរ៉េខាងត្បូង និង​ជួប​គ្រោះថ្នាក់​ពេល​ចុះចត​តែម្តង​។

​យោង​តាម​ក្រសួង​ដឹកជញ្ជូន​បានឱ្យដឹងថា ក្រុម​ការងារ​បាន​ទាញ​យក​ទិន្នន័យ​ហោះហើរ និង​ម៉ាស៊ីនថតសំឡេង​ពី​ប្រអប់​ខ្មៅ​របស់​យន្តហោះ​ហើយ ដែល​វា​នឹង​ត្រូវ​គេ​យក​ពិនិត្យ​ដោយ​អ្នក​ជំនាញ​របស់​រដ្ឋាភិបាល​ក្នុង​ការស៊ើបអង្កេត​ពី​មូលហេតុ​ពិតប្រាកដ​ដែល​បណ្តាលឲ្យ​យន្តហោះ​នេះ​រអិល​ធ្លាក់​ផ្លូវ​និង​ផ្ទុះ​ឆាបឆេះ​យ៉ាង​រន្ធត់​បែបនេះ នេះ​បើ​យោង​តាម​ក្រសួង​ដឹកជញ្ជូន​កូរ៉េខាងត្បូង​។

​ពិតជា​អ​កុសល្យ​ខ្លាំង​ណាស់​ឧបទ្ទវហេតុ​នេះ​បាន​កើតឡើង​នៅ​ពេល​ដែល​ប្រទេស​កូរ៉េខាងត្បូង​ខ្លួនឯង​ក៏​កំពុង​ជាប់​គាំង​នៅក្នុង​វិបត្តិ​នយោបាយ​ដែល​បង្កឡើង​ដោយ​ការដាក់​ច្បាប់អាជ្ញាសឹក​ដ៏​គួរឱ្យភ្ញាក់ផ្អើល​របស់លោក​ប្រធានាធិបតី Yoon Suk Yeol និង​បន្ត​មាន​ការចោទប្រកាន់​ជា​បន្តបន្ទាប់​ដែរ មិនតែប៉ុណ្ណោះ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​សមាជិកសភា​កូរ៉េខាងត្បូង​បាន​ចោទប្រកាន់​ប្រធានាធិបតី​ស្តីទី​កូរ៉េ​ម្នាក់​ទៀត​គឺ​លោក Han Duck-soo ដែល​ជា​ហេតុ​ធ្វើឲ្យ​ឧបនាយករដ្ឋមន្ត្រី​លោក Choi Sang-mok ត្រូវ​ឡើង​កាន់តំណែង​បណ្តោះអាសន្ន​សិន ដើម្បី​ដោះស្រាយ​បញ្ហា​ជាប់​គាំង​ទាំង​ក្នុងប្រទេស​និង​អន្តរ​តំបន់​៕