​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​កំពង់ស្ពឺ​បាន​រៀបចំ​ការផ្សព្វផ្សាយ​ក្នុង​ពិធី​តាំងពិព័រណ៍​អបអរសាទរ​បុណ្យ​ឆ្លង​ឆ្នាំ​សាកល​២០២៥ 

ខេត្ត​កំពង់ស្ពឺ​:​ ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២៤ បណ្ឌិត តូច ប៉ូ​លី​វ៉ា អភិបាលរង និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណកម្មាធិកា​រ​ជួប​ពិនិត្យ​គ្រឿងញៀន​ខេត្ត​កំពង់ស្ពឺ​បាន​ប្រាប់ឲ្យដឹង​ថា​ដោយ​មាន​ការចូលរួម​គាំទ្រ​ពី​កំលាំង​នគរបាល​ស្នងការដ្ឋាន​នគរបាល​ខេត្ត កំលាំង​កងរាជអាវុធហត្ថ​ខេត្ត សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កំពង់ស្ពឺ​និង​អ្នកពាក់ព័ន្ធ​យើង​បាន​ចូលរួម​ផ្សព្វផ្សាយ​ក្នុង​ពិធី​តាំងពី​ពណ៌​ដើម្បី​អបអរសាទរ​ឆ្លង​ឆ្នាំ​ថ្មី​សាកល​២០២៥​។​

​បណ្ឌិត តូច ប៉ូ​លី​វ៉ា បាន​ប្រាប់​ឱ្យដឹង​ពី​គោលបំណង​ថា គឺ​ដើម្បី​លើកកម្ពស់​ការងារ​ផ្សព្វផ្សាយ​អប់រំ​ពី​បញ្ហា​គ្រឿងញៀន​ដល់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ស្ពឺ​ក៏ដូចជា​សាធារណជន​ដែល​មក​ទស្សនា​ខេត្ត​កំពង់ស្ពឺ​ទាំង​អស់​ពី​បញ្ហា​គ្រឿងញៀន​ក៏ដូចជា​App NoDrug របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ដើម្បី​ពួកគាត់​បាន​ដឹង​កាន់តែ​ច្បាស់​ហើយ​ពួក​គាត់​អាច​ចូលរួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការបង្ការ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​។​

​ក្នុងនាម​ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ អភិបាល​និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​កំពង់ស្ពឺ បណ្ឌិត តូច ប៉ូ​លី​វ៉ា សូម​ថ្លែងអំណរគុណ​និង​កោតសរសើរ​ដល់​កម្លាំង​មាន​សមត្ថកិច្ច​និង​អ្នកពាក់ព័ន្ធ​របស់​យើង​ដែល​បាន​ចូលរួម​សកម្មភាព​ផ្សព្វផ្សាយ​លើកកម្ពស់​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន​និង App NoDrug នេះ ។​

​ឧត្តមសេនីយ៍ឯក លឹម តុង​ហួត ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ អប់រំ និង​ទំនាក់ទំនង​សាធារណៈ​បាន​ជម្រាប​ជូន​ផង​ដែរ​ថា ការផ្សព្វផ្សាយ​នេះ​យើង​ធ្វើ​ជា​លក្ខណៈ​ទូទៅ​គ្រប់​រាជធានី​ខេត្ត​តាម​គ្រប់​រូបភាព​លទ្ធភាព​សំដៅ​ធ្វើ​យ៉ាងណា​ពញ្ញា​ក់នូវ​ស្មារតី​របស់​ប្រជាពលរដ្ឋ​ឲ្យចូល​រួម​ដើម្បី​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ក៏ដូចជា​ការបង្កា​រទប់​ស្កាត់​បញ្ហា​គ្រឿងញៀន​នៅក្នុង​សហគមន៍​របស់​យើង និង​សូម​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ប្រើប្រាស់ App NoDrug ទាំងអស់​គ្នា​ដើម្បី​រួមគ្នា​ធ្វើឲ្យ​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កាន់តែ​មាន​ប្រសិទ្ធភាព​និង​មាន​ដំណោះស្រាយ​រាល់​ករណី​គ្រឿងញៀន​៕