ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ស ថេត សម្ពោធ​មន្ទីរពិសោធន៍ DNA ដំបូង​គេ​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ដែល​ជា​មធ្យោបាយ​សំខាន់​ក្នុងការ​បំបែក​សំណុំរឿង​

មន្ទីរពិសោធន៍ DNA ដំបូង​គេ​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ ក្រោម​អធិបតីភាព ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ​។​
​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ស ថេត បានឲ្យដឹងថា មន្ទីរពិសោធន៍​នេះ​ត្រូវបាន​បង្កើតឡើង ក្រោម​កិច្ចសហការ​ស្អិតរ​មួ​ត​រវាង​នាយកដ្ឋាន​នគរបាល​ប​ច្ចេក​ទេស និង​វិទ្យាសាស្ត្រ ជាមួយ​ការិយាល័យ​សម្របសម្រួល​ការអនុវត្ត​ច្បាប់​កម្ពុជា​-​ចិន និង​ដោយ​ទទួលបាន​ការគាំទ្រ​ពី​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​សន្តិសុខ និង​សមាហរណកម្ម​អនុវត្ត​ច្បាប់ «​មេគង្គ​-​ឡាន​ឆាង​»​។​

​មន្ទីរពិសោធន៍ DNA នេះ​មាន​តួនាទី​យ៉ាង​សំខាន់ ដែល​ជួយ​ដល់​ការងារ​ជាច្រើន ដូចជា​៖
* ជួយ​កំណត់ ឬ​បញ្ជាក់​អត្តសញ្ញាណ​របស់​ជនល្មើស និង​ជនរងគ្រោះ​
* បញ្ជាក់​នូវ​ទំនាក់ទំនង​រវាង​ជនល្មើស និង​ទី​កន្លែង​កើតហេតុ​
* ជួយ​កំណត់​នូវ​ទំនាក់ទំនង​សាច់ញាតិ ឬ​ឪពុក​ម្តាយបង្កើត​
* ជួយ​ពន្លឿន​ក្នុង​ការស៊ើបអង្កេត​ចំពោះ​បទល្មើស​ព្រហ្មទណ្ឌ​
* កំណត់​នូវ​ភស្តុតាង​ជា​លក្ខណៈ​វិទ្យាសាស្ត្រ​សម្រាប់​វិស័យ​យុត្តិធម៌​
* ជួយ​សម្រួល​ក្នុង​ការកាត់បន្ថយ​នូវ​ការចោទប្រកាន់​ដែល​គ្មាន​ភស្តុតាង​ដាក់បន្ទុក​
* ជួយ​សម្រួល​ដល់​ការសម្រេចសេចក្ដី​របស់​ស្ថាប័ន​តុលាការ​ជាដើម​។​

​ក្នុងន័យនេះ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ស ថេត បាន​ស្នើ​ឲ្យមាន​ការគាំទ្រ​បន្តទៀត​ពី​សំណាក់​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​សន្តិសុខ និង​សមាហរណកម្ម​អនុវត្ត​ច្បាប់ «​មេគង្គ​-​ឡាន​ឆាង​» ដើម្បី​លើកកម្ពស់​សមត្ថភាព​ជំនាញ​ក្នុង​ការធ្វើ​កោសល្យវិច្ច័យ បម្រើឲ្យ​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​។

​ចំពោះ​នាយកដ្ឋាន​នគរបាល​ប​ច្ចេក​ទេស និង​វិទ្យាសាស្ត្រ នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ បាន​ធ្វើ​ការណែនាំ​នូវ​កិច្ចការ សំខាន់ៗ​មួយចំនួន ដូចខាងក្រោម​៖

​ទី​១៖ បន្ត​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​ការងារ​ជំនាញ​របស់​ការិយាល័យ​នគរបាល​បច្ចេកទេស និង​វិទ្យាសាស្ត្រ នៅតាម​បណ្តា​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត រៀងរាល់​៦​ខែម្តង​

​ទី​២៖ បន្ត​បណ្តុះបណ្តាល​ជំនាញ DNA ដល់​មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន និង​មន្ត្រី​នៃ​ស្នង ការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ស្របតាម​កម្មវិធី​របស់​នាយកដ្ឋាន ឬ​តាម​សំណើ សំណូមពរ របស់​ស្នងការដ្ឋាន​

​ទី​៣៖ បន្ត​ការសហការ​ជាមួយ​ការិយាល័យ​សម្របសម្រួល​ការអនុវត្ត​ច្បាប់​កម្ពុជា​-​ចិន និង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​សន្តិសុខ និង​សមាហរណកម្ម​អនុវត្ត​ច្បាប់ «​មេគង្គ​-​ឡាន​ឆាង​» រៀបចំ​កម្មវិធី​បណ្តុះបណ្តាល​មុខជំនាញ DNA និង​អភិវឌ្ឍ​មន្ទីរពិសោធន៍ DNA របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ កាន់តែ​រីកចម្រើន​ឡើង​ថែម​ទៀត​

​ទី​៤៖ រៀបចំ​កសាង​ឃ្លាំង​ផ្ទុក​ទិន្នន័យ DNA (DNA Database) ឲ្យបាន​ស្រប​តាម​និយាម និង​ត្រូវ​ធានាឲ្យបាន​នូវ​សុវត្ថិភាព​ក្នុងកា​ររក្សាទុក​ទិន្នន័យ DNA

​ទី​៥៖ រួមគ្នា​ថែរក្សា​មន្ទីរពិសោធន៍ DNA និង​ឧបករណ៍ សម្ភារ​ជំនាញ ឲ្យបាន​គត់មត់ ទុក​ជា​ឧត្តម​ប្រយោជន៍ បម្រើ​ការងារ​កោសល្យវិច្ច័យ​

​ទី​៦៖ ត្រូវ​ចូលរួម​សហការ​គ្រប់​ករណី​បទល្មើស​ព្រហ្មទណ្ឌ ដើម្បី​ប្រមូល​ភស្តុតាង កំណត់ អត្តសញ្ញាណ​ជនសង្ស័យ បម្រើឲ្យ​ការងារ​ស្រាវជ្រាវ ស៊ើបអង្កេត និង​បង្ក្រាប​ឲ្យដល់​ឫ​សគល់​៕​