នាវាចម្បាំង​កងទ័ពជើងទឹក​អាម៉េរិក​ផ្តើម​ចូល​ចត​នៅ​កំពុងផែ​ស្វយ័ត​ក្រុងព្រះសីហនុ​រយៈពេល​៥​ថ្ងៃ​

​នាវាចម្បាំង​កងទ័ពជើងទឹក​សហរដ្ឋ​អាម៉េរិក មួយគ្រឿង ឈ្មោះ USS SAVANNAH (LCS 28) មាន​នាវិក​សរុប​ចំនួន​១០៣​នាក់​នៅ​ព្រឹក​ថ្ងៃទី ១៦ ធ្នូ​នេះ បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​រយៈពេល​៥​ថ្ងៃ ចាប់ពី ថ្ងៃទី​១៦ ដល់ ថ្ងៃ​២០​ខែ​ធ្នូ ឆ្នាំ​២០២៤​។

​ការចូល​សំចត​នាវា​របស់​អាម៉េរិក​នេះ ក្នុង​គោលបំណង​ពង្រឹង និង​ពង្រីក​ចំណងមិត្តភាព ក៏ដូចជា​ការលើកកម្ពស់​នៃ​កិច្ចសហប្រតិបត្តិការ ទ្វេភាគី​រវាង​កម្ពុជា និង​អាម៉េរិក​។​

​នាវាចម្បាំង​កងទ័ពជើងទឹក​សហរដ្ឋ​អាម៉េរិក បាន​ធ្វើដំណើរ​មក​ដល់​កម្ពុជា​នៅ​ថ្ងៃនេះ គឺ​មាន​ការទទួល​ដោយ​ផ្ទាល់​ដោយ​លោក​វរ​នា​វី​ឯក មាន សាវឿន មេបញ្ជាការរង​មូលដ្ឋាន​សមុទ្រ រាម ក្នុងនាម​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ​រាម អម​ជាមួយ​ការចូលរួម​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​។​

​នេះ​គឺជា​លើក​ទី​១ ក្នុង​រយៈពេល ៨​ឆ្នាំ ដែល​នាវាចម្បាំង​សហរដ្ឋ​អាម៉េរិក​មាន​វត្តមាន​សំចត​នៅ​កំពង់ផែ​កម្ពុជា​។

​ចាប់តាំងពី​ឆ្នាំ​២០០៧​មក កម្ពុជា​បាន​ទទួល​ឱ្យ​នាវាចម្បាំង​កងទ័ពជើងទឹក​សហរដ្ឋ​អាម៉េរិក ចូល​សំចត​សរុប​ចំនួន ២៧​គ្រឿង​៕​