សត្វព្រៃ​ចំនួន ២៨​ប្រភេទ រួម​មាន​ស្វា​កន្ទុយ​ស ជិត​ផុត​ពូជ​បំផុត និង​ពាហនៈ​ព្រៃ​ផ្សេងទៀត មាន​វត្តមាន​នៅ​ដែនជម្រកសត្វព្រៃ​លំផាត់​

ខេត្ត​រតនគិរី​: សត្វព្រៃ​ចំនួន ២៨​ប្រភេទ រួម​មាន​ប្រភេទ​អំបូរ​សត្វ​ស្វា ពាហនៈ​ព្រៃ ក្តា​ន់ ខ្លា​ឃ្មុំ សំពោ​ច សត្វ​ស្លាប ឆ្មា​ព្រៃ និង អំបូរ​សត្វព្រៃ​ជាច្រើន​ប្រភេទ​ទៀត​ត្រូវបាន​ថត​បាន​ដោយ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ និង​កំណត់​អត្តសញ្ញាណ​។​

​តាម​សេចក្ដីប្រកាស​ព័ត៌មាន​រួម​ស្តី​ពី​ការសិក្សា​ស្រាវជ្រាវ​តាមដាន​ជីវៈចម្រុះ​ដោយ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ ដែល​ចេញផ្សាយ​បានបញ្ជាក់​ថា ដែន​ជម្រក សត្វព្រៃ​លំផាត់​នៅតែ​ជា ជម្រក​ដ៏​សំខាន់​សម្រាប់​សត្វ​ព្រៃធំៗ និង​ប្រភេទ​សត្វ​កម្រ ដូចជា​ទន្សោង ខ្ទីង និង​ស្វា​កន្ទុយ​ស ជិត​ផុត​ពូជ​បំផុត ដែល​ពួក​វា​មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ការថែរក្សា​លំនឹង​ប្រព័ន្ធ​អេកូឡូស៊ី​នៅក្នុង​ព្រៃ​។​

​ការសិក្សា​នេះ ត្រូវបាន​អនុវត្ត​ដោយ​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា និង​ក្រសួង​បរិស្ថាន ក្រោម​មូលនិធិ​របស់​ទី ភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) តាមរយៈ​សកម្មភាព USAID មរតក​បៃតង ចាប់ពី​ខែ​សីហា ឆ្នាំ ២០២៣ ដល់​ខែ​មិថុនា ឆ្នាំ ២០២៤​។ គោលបំណង​គឺ​ដើម្បី​វាស់​ស្ទង់​ទិន្នន័យ​ពី​ប្រភេទ ថនិកសត្វ​ដ៏​មានតម្លៃ និង​ផ្តល់​បច្ចុប្បន្នភាព សម្រាប់​ធ្វើការ​អភិរក្ស​ក្រោម​គម្រោង​រេ​ដ​បូក​លំផាត់​។​

​លទ្ធផល​នៃ​ការសិក្សា​នេះ កាមេរ៉ា​ស្វ័យប្រវត្តិ​បាន​ថត​សត្វព្រៃ​បាន​ចំនួន ២៨​ប្រភេទ​ដែល​មាន​ទំហំ​ផ្សេងៗ​គ្ន រាប់​ចាប់តាំងពី​សត្វ​ខ្ទីង ដែល​ជា​ប្រភេទ​អំបូរ​សត្វ​ពាហនៈ​មាន​មាឌធំ​ជាង​គេ​នៅលើ​ពិភពលោក រហូតដល់ ប្រភេទ​សត្វ​ក្តាន់​ញ៉ែ​ង ដែល​ជា​ប្រភេទ​អំបូរ​ក្ដាន់​តូច​ជាងគេ​បំផុត​ទី​ពីរ​នៅលើ​ពិភពលោក​ផងដែរ​។

​ករណី​នេះ​ហើយ ក៏​មាន​ប្រភេទ​សត្វព្រៃ​ជាច្រើន​ទៀត ត្រូវបាន​ចាត់ថ្នាក់​ក្នុង​ប្រភេទ​កំពុង​រងគ្រោះ​ខ្ពស់​ក្នុង​បញ្ជី​ក្រហម​របស់​អង្គ ការ​សហភាព​អន្តរជាតិ​ដើម្បី​ការអភិរក្ស​ធម្មជាតិ (IUCN Red List) ដែល​ក្នុងនោះ​មាន​សត្វ​ពីរ​ប្រភេទ​ស្ថិតក្នុង ស្ថានភាព​ជិត​ផុត​ពូជ​បំផុត គឺ សត្វ​ស្វា​កន្ទុយ​ស និង​សត្វ​ទន្សោង ជា​ចំណាត់ថ្នាក់​ដែល​ងាយ​នឹង​ឈាន​ដល់​ការ ផុត​ពូជ​បើសិនជា​មិន​មាន​ការការពារ​ទេនោះ​។​

​លោក ប៊ូ វរ​សក្ស នាយក​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា​៖ «​ការសិក្សា​នេះ​បញ្ជាក់ថា ដែនជម្រកសត្វព្រៃ​លំផាត់​ដែល​ជា​ទីតាំង​កំពុង​អនុវត្ត​គម្រោង​រេ​ដ​បូក​នេះ​ពិតជា​មាន​សារៈសំខាន់​ជា​សកល​។

​វត្តមាន​នៃ​ប្រភេទ​សត្វ​ដ៏​អស្ចារ្យ ដូចជា​ខ្ទីង និង​ទន្សោង បាន​បង្ហាញ​ពី​តម្រូវការ​កិច្ចខិតខំ​ប្រឹងប្រែង​អភិរក្ស​រួមគ្នា​ដើម្បី​ការពារ​ជម្រក​ព្រៃឈើ​ដ៏​សំខាន់​ដែល​នៅ​សេស សល់​នេះ​។

​លើសពី​នេះ​ដែនជម្រកសត្វព្រៃ​លំផាត់​បាន និង​កំពុង​ផ្តល់​ទីជម្រក​ដល់​សត្វ​ស្លាប​តំណាង​ជាតិ​របស់​កម្ពុជា គឺ​សត្វ​ត្រយង​យក្ស រួមជាមួយ​និង​ប្រភេទ​សត្វ ជិត​ផុត​ពូជ​បំផុត​ផ្សេងៗ​ទៀត​ដូចជា សត្វ​ត្រ​យ៉ង​ចង្ក​ក និង​សត្វ​ត្មាតភ្លើង​ផងដែរ​។ អង្គការ​ជីវិត​ធម្មជាតិ នៅ​កម្ពុជា សូម​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​ជាមួយ​ក្រសួង​បរិស្ថាន ដើម្បី ការពារ​តំបន់​ទេស ភាព​ដ៏​វិសេស​នេះ សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​របស់​យើង​»​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ដែនជម្រកសត្វព្រៃ​លំផាត់ គឺជា​តំបន់​ការពារ​មួយ​ក្នុងចំណោម​តំបន់​ការពារ​ដ៏​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា និង​មាន​ប្រភេទ​ជីវៈចម្រុះ​ដែល​មិន​អាច​ជំនួស​បាន​ផ្សារភ្ជាប់​ជាមួយ​ទី​ជម្រក​សត្វព្រៃ​ផ្សេងៗ​គ្នា​ជា​ច្រើន​។ ដែន​ជម្រក នេះ​ក៏​ទ្រទ្រង់​ជីវិត​សត្វ​ជិត​ផុត​ពូជ​បំផុត​ជា​ច្រើន​ប្រភេទ​ដូចជា​ត្មាត​ភ្លើង ត្រយង​យក្ស និង​ត្រយង​ចង្កំ​កស ក៏​ដូចជា​ប្រភេទ​សត្វ​ស្លាប​កម្រ​ដ៏​អស្ចារ្យ​ដូចជា ក្រៀល និង​ក្ងោក​ផងដែរ​។​

​តំបន់​ទេ​សភាព​នេះ​បាន​ទ្រទ្រង់​ជីវភាព​របស់​សហគម​ន៍ និង​ជនជាតិដើម​ភាគតិច ដែល​រស់នៅ​ក្នុង និង​ជុំវិញ​តំបន់​ព្រៃឈើ​នេះ​ផង​ដែរ​។ សត្វ​ហ្វោង​ទាំងនេះ ពួកគាត់​ភាគច្រើន​រស់នៅ​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​អនុផល និង​សេវាកម្ម ដែល​ផ្តល់​ដោយ​ប្រព័ន្ធ​អេកូឡូស៊ី​នៅក្នុង​ដែន​ជម្រក សត្វព្រៃ​សម្រាប់​ចិញ្ចឹមជីវិត​។ ក៏ប៉ុន្តែ​ក្នុង​រយៈពេល​ពីរ​ទស្សវត្សរ៍​ចុងក្រោយ​នេះ តំបន់​ទេសភាព​លំផាត់ ត្រូវ​បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយ​សកម្មភាព​មនុស្ស​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដែល​នាំ​ទៅដល់​ការបាត់បង់​ព្រៃឈើ ការ​រិច​រិល​ព្រៃឈើ និង​ការបាត់បង់​ជីវៈចម្រុះ​។

​កត្តា​ចម្បង​នៃ​ការបាត់បង់​ព្រៃឈើ និង​ជីវៈចម្រុះ​រួមមាន ការ​ទន្ទ្រាន​ព្រៃឈើ​សម្រាប់​ការពង្រីក​កសិកម្ម ការកាប់​ឈើ​ខុស ច្បាប់ និង​ការ​បរបាញ់​សត្វព្រៃ​ខុស​ច្បាប់​ជាដើម​។​

​ក្រសួង​បរិស្ថាន និង​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា បាន​និង​កំពុង​ធ្វើការ​ការពារ​ព្រៃឈើ និង​សត្វព្រៃ​នៅក្នុង​តំបន់​នេះ តាមរយៈ​គំនិត​ផ្តួចផ្តើម​អភិរក្ស​ផ្សេងៗ​ជាច្រើន​ឆ្នាំ​មកហើយ ហើយ​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ សង្ឃឹម ថា​នឹង​ត្រូវ​បាន​ជំរុញ​ឱ្យ​កាន់តែ​ខ្លាំង​តាមរយៈ​ការអនុវត្ត​គម្រោង​រេ​ដ​បូក​លំផាត់ ដែល​ទទួលបាន​ការគាំទ្រ និង​ថវិកា​ពី USAID មរតក​បៃតង​៕