ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ប្រកាស​ជ័យលាភី ពានរង្វាន់​ឌីជីថល​កម្ពុជា​ឆ្នាំ​២០២៤

​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​រៀប​ចំ​ពី​ធី​ប្រកាស​ជ័យលាភី “​ពានរង្វាន់​ឌីជីថល​កម្ពុជា​ឆ្នាំ​២០២៤” ក្រោម​ប្រធានបទ “​គាំទ្រ​ដល់​ពលរដ្ឋ​កម្ពុជា​ក្នុង​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ដើម្បី​អនាគត​កាន់តែ​ល្អ​” រៀបចំឡើង ក្រោម​អធិបតី ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ​ន៍ និង​ទូរគមនាគមន៍ និង​ថ្នាក់ដឹកនាំ​ក្រោម​ឱវាទ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ (​ក​.​ប​.​ទ​.) បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា ក្រសួង​ស្ថាប័ន ក្រុមហ៊ុន​ឯកជន ធុរកិច្ច​ថ្មី​ឌីជីថល សហគ្រិន និង​អ្នកជំនាញ​បច្ចេកវិទ្យា​ជាច្រើនរូប នៅ​សណ្ឋាគារ Hyatt Regency Phnom Penh ។​

​ក្នុង​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ជា វ៉ាន់ដេត បាន​មានប្រសាសន៍ថា​កម្មវិធី​ពានរង្វាន់​ឌីជីថល​កម្ពុជា ធ្វើឡើង​ក្នុង​គោលបំណង​ជំរុញ​ការធ្វើ​បរិវត្ត​កម្ម​ឌីជីថល​ប្រកប​ដោយ​បរិ​យាប​ន្ន ដោយ​លើកកម្ពស់​ការប្រើប្រាស់​ប​ច្ចេក​វិទ្យា​និង​នវានុវត្តន៍​ឌីជីថល​នៅ​កម្ពុជា តាមរយៈ​ការផ្តល់​ពានរង្វាន់​ដល់​ក្រសួង​ស្ថាប័ន ក្រុមហ៊ុន​ឯកជន និង​សហគ្រិន​។​

​ស្រប​ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែង​កោតសរសើរ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹង​សហការ​យ៉ាង​ជិតស្និទ្ធ​ក្នុង​ការជួយ​ជ្រោមជ្រែង​ឱ្យ​សម្រេចបាន​ជោគជ័យ​ក្នុង​ការរៀបចំ​កម្មវិធី​នេះ ជា​ពិសេស​ថ្នាក់ដឹកនាំ​និង​អង្គភាព​ក្រោម​ឱវាទ​របស់ ក​.​ប​.​ទ​. ក្រុមហ៊ុន​ឧបត្ថម្ភ​កម្មវិធី ក្រុមការងារ​រៀបចំ​កម្មវិធី ព្រមទាំង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​អបអរសាទរ​និង​ប្រគល់​ពានរង្វាន់​ឌីជីថល​កម្ពុជា​ឆ្នាំ​២០២៤ ព្រមទាំង​លិខិត​សរសើរ​ជូន​ដល់​ក្រុមហ៊ុន​ជ័យលាភី​ចំនួន​៥ ដែល​ត្រូវបាន​ជ្រើសរើស​ក្នុងចំណោម​ក្រុមហ៊ុន​ដាក់ពាក្យ​សរុប​ចំនួន ៦៤​ក្រុមហ៊ុន និង​ពានរង្វាន់​កិត្តិយស​ស្ត្រី​ឆ្នើម​បច្ចេកវិទ្យា​ប្រចាំ​ឆ្នាំ​ដល់បេ​ក្ខ​នារី​ចំនួន ១​រូប​។​

​សូមបញ្ជាក់​ថា ក្រុមហ៊ុន​ឯកជន​/​ក្រសួង​-​ស្ថាប័ន ដាក់ពាក្យ​ចូលរួម​ប្រកួតប្រជែង ដោយមាន ៥ ប្រភេទ​ពានរង្វាន់ និង​ការទទួលស្គាល់​ពិសេស​សម្រាប់​ស្ត្រី​ឆ្នើម បច្ចេកវិទ្យា​ប្រចាំឆ្នាំ​។​

​ជ័យលាភី​ទាំង ៦​ប្រភេទ​ពានរង្វាន់ និង​ប្រាក់​រង្វាន់​សម្រាប់​ជ័យលាភី នៅ​ឆ្នាំ​នេះ​រួមមាន​៖
១. ស្ថាប័នឯកជន​ល្អ​បំផុត​ប្រចាំឆ្នាំ (Private Sector of the Year) ជាមួយនឹង​ប្រាក់រង្វាន់​ចំនួន 2,500 ដុល្លារ​អាម៉េរិក ត្រូវបាន​ផ្តល់​ជូន​ក្រុមហ៊ុន Wing Inter Logistics Technologies Co., Ltd សម្រាប់​ផលិតផល Wingagri
២. បរិ​យា​បន្ន​ឌីជីថល​ល្អ​បំផុត​ប្រចាំឆ្នាំ (Best Digital Inclusion of the Year) ជាមួយនឹង​ប្រាក់រង្វាន់​ចំនួន 2,500 ដុល្លារ​អាម៉េរិក ត្រូវបាន​ផ្តល់​ជូន​ក្រុមហ៊ុន Solar Green Energy (Cambodia) Co., Ltd សម្រាប់​ផលិតផល Solar Smart Irrigation System, Solar Irrigation Station
៣. មាតិកា​ឌីជីថល​ល្អ​បំផុត​ប្រចាំឆ្នាំ (Best Digital Content of the Year) ជាមួយនឹង​ប្រាក់រង្វាន់​ចំនួន 2,500 ដុល្លារ​អាម៉េរិក ត្រូវបាន​ផ្តល់​ជូន​ក្រុមហ៊ុន 606 Digital សម្រាប់​ផលិតផល Sampi TV
៤. ពានរង្វាន់​រដ្ឋមន្ត្រី​សម្រាប់​ធុរកិច្ច​ថ្មី​ឌីជីថល​ល្អ​បំផុត​ប្រចាំឆ្នាំ (Minister Startup of the Year) ជាមួយនឹង​ប្រាក់រង្វាន់​ចំនួន 15,000 ដុល្លារ​អាម៉េរិក ត្រូវបាន​ផ្តល់​ជូន​ក្រុមហ៊ុន Jalat Logistics សម្រាប់​ផលិតផល Jalat Logistics
៥. ការស្រាវជ្រាវ​និង​នវានុវត្តន៍​ឌីជីថល​ល្អ​បំផុត​ប្រចាំឆ្នាំ (Best Digital Research and Innovation of the Year) ជាមួយនឹង​ប្រាក់រង្វាន់​ចំនួន 7,500​ដុល្លារ​អាម៉េរិក ត្រូវបាន​ផ្តល់ជូន​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា សម្រាប់​ផលិតផល Machine Translation for Khmer Braille
៦. ពានរង្វាន់​កិត្តិយស​ស្ត្រី​ឆ្នើម​បច្ចេកវិទ្យា​ប្រចាំឆ្នាំ (Women in Tech of the Year) ត្រូវបាន​ផ្តល់ជូន លោកស្រី រស់ ពេជ្រ​ហេ​មី មក​ពី​ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូឌា​៕