ឯកឧត្តម ឡាវ វ៉ាន់ ថា​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ប្រធាន​គណៈកម្មាធិការ​អាហារូបករណ៍ អ​.​ម​.​ត តែងតែ​ផ្តល់​ភាពកក់ក្តៅ ដល់​និស្សិត​កម្ពុជា​សិក្សា នៅ​ក្រៅប្រទេស​

កាល​ពី​ថ្មីៗ​នេះ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ប្រធាន​គណៈកម្មាធិការ អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​ជា​ប្រធាន សមាគម អ​.​ម​.​ត បាន​ចាត់តាំង ក្រុម​ការងារ​ដឹកនាំ​ដោយ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យ គ្រឹះស្ថានសិក្សា នៃ​គណៈកម្មាធិការ អាហារូបករណ៍ និង​ជា​ប្រធាន ការិយាល័យ កិច្ចការ​និស្សិត​ក្រៅប្រទេស នៃ​សមាគម អ​.​ម​.​ត ដឹកនាំ​ក្រុម​ការងារ បំពេញបេសកកម្ម នៅ​សាធារណរដ្ឋ ប្រជាមានិត​ចិន ។​

​ដំណើរ​បេសកម្ម របស់​ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យ កិច្ចការ​និស្សិត​ក្រៅប្រទេស នៃ​សមាគម អ​.​ម​.​ត នៅ​សាធារណរដ្ឋ ប្រជាមានិត​ចិន មាន​រយៈពេល ១០​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ១៧-២៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ ទៅកាន់​ខេត្ត​ក្រុង​ចំនួន ៥ រួមមាន ប៉េកាំង គុន​មីង ក្វាង​ចូ​វ ណាន​នី​ង និង​អាន​ហ៊ួយ ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង ជាមួយ​ដៃគូ ផ្តល់​អាហារូបករណ៍​។​

​ក្នុង​ដំណើរ​បេសកកម្ម គណៈប្រតិភូ ទទួលបាន​ការយកចិត្ត​ទុកដាក់​យ៉ាង​កក់ក្តៅ​ពី សំណាក់​ថ្នាក់ដឹកនាំ ស្ថានទូត​, ស្ថាន​អគ្គ​កុងស៊ុល ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ព្រមទាំង​ដៃគូ ពាក់ព័ន្ធ​រួមមាន មន្ទីរអប់រំ ខេត្ត សមាគម សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​សិក្សា នៃ​សាធារណរដ្ឋ ប្រជាមានិត​ចិន សរុប​ប្រមាណ ២១​ស្ថាប័ន ដែល​បាន​ជួបពិភាក្សា​ការងារ​។​

​លើសពីនេះទៅទៀត តាម​ការចង្អុលបង្ហាញ និង​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​ពី លោកជំទាវ​បណ្ឌិត ប្រធាន​គណៈកម្មាធិការ អាហារូបករណ៍ និង​សមាគម អ​.​ម​.​ត ក្រុមការងារ បាន​ជួប​សំណេះសំណាល និស្សិត​កម្ពុជា ក្រុង​ប៉េកាំ ប្រមាណ​៣០០​នាក់ ខេត្ត​អាន​ហ៊ួយ ប្រមាណ ៦០​នាក់ និង​នៅតាម​បណ្តាល​គោលដៅ​ផ្សេងៗ​ទៀត ដើម្បី​ស្វែងយល់ ពី​សុខទុក្ខ​, ការសិក្សា​, ការរស់នៅ និង​បញ្ហា​ប្រឈម​នានា របស់​និស្សិត​សំដៅ​ធ្វើ​យ៉ាងណា​ផ្តល់​ភាព​កក់ក្តៅ និង​ជួយ​សម្របសម្រួល​ឱ្យ​អស់​លទ្ធភាព ដើម្បី​ឱ្យ​និស្សិត អាច​បញ្ចប់​ការសិក្សា ដោយ​ជោគជ័យ នឹង​ក្លាយជា​ធនធានមនុស្ស​កម្ពុជា ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល ដែល​ការអភិវឌ្ឍ​ធនធានមនុស្ស ជា​កត្តា​គន្លឹះ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ ប៉ិនប្រសព្វ និង​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ក្នុងន័យនេះ គណៈកម្មាធិការ​អាហារូបករណ៍ អ​.​ម​.​ត ក្រោម​ការដឹកនាំ​របស់ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី នឹង​បន្ត​ចូលរួម​គាំទ្រ ដល់​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ និយាយ​ជា​រួម និង​និយាយ​ដោយឡែក​គឺ បញ្ច​កោណ​ទី​១ ការអភិវឌ្ឍ​មូលធន​មនុស្ស តាមរយៈ​ការផ្តល់​នូវ អាហារូបករណ៍ ដល់​សិស្ស​-​និស្សិត​កម្ពុជា ទៅ​បន្ត​ការសិក្សា នៅក្នុង និង​ក្រៅប្រទេស នៅ​ថ្នាក់​ឧត្តមសិក្សា ៕​