ក្រសួង​ព័ត៌មាន ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន ចាប់ពី​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០២៤​នេះ​តទៅ​

ក្រសួង​ព័ត៌មាន ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន ចាប់ពី​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០២៤​នេះ​តទៅ បន្ទាប់​ពី​ដំណើរ​ពិគ្រោះ​យោបល់​ដើម្បី​ទទួល​ធាតុ​ចូល និង​សំណូមពរ​ពី គ្រប់​តួអង្គ ភាគី​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​វិស័យ​ព័ត៌មាន​និង​សោតទស្សន៍​បាន​បិទ​បញ្ចប់​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នា​ថ្ងៃទី​០៦ ខែ​សីហា ឆ្នាំ​២០២៤ ក្រសួង​ព័ត៌មាន បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​ចាប់ពី​ពេលនេះ​តទៅ បន្ទាប់​ពី​ដំណើរ​ពិគ្រោះ​យោបល់​ដើម្បី​ទទួល​ធាតុ​ចូល និង​សំណូមពរ​ពី គ្រប់​តួអង្គ ភាគី​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​វិស័យ​ព័ត៌មាន​និង​សោតទស្សន៍​បាន​បិទ​បញ្ចប់​។

​ដំណើរការ​រៀបចំ​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​ការបើក​ទូលាយ និង​បរិ​យាប​ន្ន ចាប់ផ្តើម​តាំងពី​ខែ​មេសា ឆ្នាំ​២០២៤​មក ដោយ​មាន​ការចូលរួម​យ៉ាងច្រើន​ពី​អ្នកសារព័ត៌មាន អង្គភាព​សារព័ត៌មាន សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា និង​អង្គការ​ដៃគូ ក្នុង​ការពិភាក្សា ការផ្លាស់ប្តូរ​យោបល់ ការលើក​ឡើង​ជា​សំណូមពរ យ៉ាង​ទូលំទូលាយ ព្រមទាំង​បាន​ផ្តល់​នូវ​ធាតុ​ចូល​សម្រាប់ ការរៀបចំ​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​ឡើង ក្នុង​គោលបំណង​រួមគ្នា​រៀបចំ​សណ្តាប់ធ្នាប់ និង​លើកកម្ពស់​គុណ​តម្លៃ​វិជ្ជាជីវៈ សារព័ត៌មាន​នៅ​កម្ពុជា​។​

​មាន​វិសាលភាព​អនុវត្ត​ចំពោះ​អ្នក​អនុវត្ត​សកម្មភាព​ក្នុង​វិស័យ​ព័ត៌មាន និង​សោតទស្សន៍ ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​នេះ ជា​មូលដ្ឋានគ្រឹះ​នៃ​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​កម្ពុ​ជា សម្រាប់​អង្គភាព សារព័ត៌មាន សមាគម​សារព័ត៌មាន អ្នកធ្វើ​សកម្មភាព​ក្នុង​វិស័យ​ព័ត៌មាន​និង​សោតទស្សន៍ និង​អង្គភាព​ផ្សេងៗ​ទៀត​។​

​ក្រសួង​ព័ត៌មាន​សូម​ថ្លែងអំណរគុណ​ដល់​អ្នកសារព័ត៌មាន អង្គភាព​សារព័ត៌មាន សមាគម​អ្នកសារព័ត៌មាន អង្គការ UNESCO និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​មក​ចូលរួម​ក្នុង​ដំណើរការ​រៀបចំ​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​នេះ​៕​