សមត្ថកិច្ច​ចាប់ខ្លួន​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ ជា​មេខ្លោង​ក្រុមហ៊ុន​ប្រាក់កម្ចី​អន​ឡាញ​

ជនសង្ស័យ​ម្នាក់​ជា​ជនជាតិ​ម៉ាឡេស៊ី​ត្រូវ​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចាប់ខ្លួន ក្រោយ​រកឃើញ​ជាប់​ពាក់ព័ន្ធ និង​នៅ​ពីក្រោយ​ការបើក​កម្ចី​ប្រាក់​តាម​អន​ឡាញ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​ផ្ទុយ​ពី​បញ្ញត្តិ​មាត្រា​៥៥ នៃ​ច្បាប់​ស្តីពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​។​

​ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៤ ដោយ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​នាំ​ខ្លួន​បុគ្គល​ម្នាក់​ឈ្មោះ TEE PAU ANN ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ម៉ាឡេស៊ី​មកកាន់​នាយកដ្ឋាន​ដើម្បី​សាកសួរ​តប​តាម​បណ្ដឹង និង​សេចក្ដីរាយការណ៍​ដែល​ប្ដឹង​ចូល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​របស់​ប្រជាពលរដ្ឋ​ដែល​បាន​រងគ្រោះ​ដោយសារ​ក្រុម​រកស៊ី​កម្ចី​ប្រាក់​តាម​អន​ឡាញ​។​

​ក្រោយ​ការសាកសួរ​បុគ្គល​នេះ​បាន​ប្រាប់ថា ខ្លួន​ចូល​មក​ប្រទេស​កម្ពុជា​ក្នុង​កំលុង​ឆ្នាំ​២០១៩ ក្នុង​គោលបំណង​រកស៊ី​កម្ចី​ប្រាក់​តាម​អន​ឡាញ​រហូតដល់​បច្ចុប្បន្ន ដោយ​មាន​ក្រុមការងារ​ខ្លួន​ជា​អ្នកទំនាក់ទំនង​រក​ភ្ញៀវ លុះ​ទំនាក់ទំនង​រកបាន​អ្នក​ខ្ចី​ហើយ​គឺ​ខ្លួន​ជា​អ្នក​ចុះទៅពិនិត្យ​មើល​ដល់​ទីតាំង​ផ្ទាល់​ថា គួរឱ្យ ឬ​មិន​គួរ​ឱ្យ​ដោយ​កំណត់​អត្រា​ការប្រាក់​ចន្លោះ​ពី​១៥​ភាគរយ​ទៅ​១៨​ភាគរយ​ក្នុង​រយ​:​ពេល​២០​ថ្ងៃ ។

​ក្នុងករណី​ភ្ញៀវ​មិន​សង ឬ​មិន​មាន​លទ្ធភាព​សង គឺ​បុគ្គល​នេះ​ចុះ​ទៅ​ទារប្រាក់​ផ្ទាល់​ដល់​ទីតាំង​ភ្ញៀវ ហើយក៏​ជា​អ្នក​នាំ​បក្ខពួក​ជា​ជនជាតិ​ខ្មែរ​ទៅ​អុកឡុក ស្រែក​ឡូឡា តាម​មុខ​ផ្ទះ និង​ហាង​រកស៊ី​របស់​អ្នក​ខ្ចី ហើយ​ថែមទាំង​យក​រូប​របស់​អ្នក​ខ្ចី និង​អ្នក​ដែល​សង​ប្រាក់​រួច​យក​ទៅ​បង្ហោះ​គំរាម​បរិហារកេរ្តិ៍​តាម​បណ្ដាញ​សង្គម និង​បាន​ឆាត​ទៅ​គំរាមកំហែង​បាចខិត្តប​ណ្ណតាម​ហាងមុខ​ផ្ទះរប​ស់​អ្នក​ខ្ចី ។​

​បច្ចុប្បន្ន បុគ្គល​នេះ​ត្រូវបាន​នាយកដ្ឋាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់​នីតិវិធី​បន្ត​។

​ទន្ទឹមនឹងនេះ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​ក្រើនរំលឹក​ដល់​សាធារណជន​មេត្តា​ពិនិត្យ​ពិចារណា​ឱ្យបាន​ហ្មត់ចត់ មុន​សម្រេចចិត្ត​ក្នុង​ការខ្ចីប្រាក់​តាមរយ​:​អន​ឡាញ ជាពិសេស​សូម​ពិនិត្យថា​តើ​អ្នកផ្តល់​កម្ចី​នោះ​មាន​ស្ថាប័ន​កម្ចី​ស្រប​ច្បាប់​ដែរ​ឬទេ មុន​នឹង​សម្រេច​ចិត្ត​ក្នុង​ការខ្ចី ជៀសវាង​ទទួល​នូវ​ហ​និភ័យ​នានា​នៅ​ពេល​ក្រោយ​៕​