ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ បាន​បង្ហាញ​ភាព​ស្ញប់ស្ញែង​ពេល​មក​ទស្សនា​ប្រាសាទអង្គរវត្ត

គ្រប់ពេលវេលា​ទាំងអស់ ភ្ញៀវទេសចរ ចម្រុះ​ជាតិ​សាសន៍ ពេល​មកដល់​ខេត្ត​សៀមរាប តែង​តែង​ចង់​មក​មើល​ប្រាសាទអង្គរវត្ត ជា​គោលដៅ​ទី​១​មុនគេ​។

​ភាព​ល្បីល្បាញ​របស់​ប្រាសាទអង្គរវត្ត ក្រៅពី​មាន​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​គ្មាន​ពីរ​នៅលើ​លោក ក៏​មាន​ព្រៃឈើ​ធម្មជាតិ​និង​បរិស្ថាន ជា​ចំណុច​ទាក់ទាញ​ភ្ញៀវទេសចរ​បន្ថែមទៀត ធ្វើឱ្យ​ភ្ញៀវ​ទេសចរ​គ្រប់រូប បាន​ធូរស្បើយ​ពី​ទុក្ខ​កង្វល់ ដោយសារតែ​ឃើញ​ក​សិន្ធុ​ទឹក​ថ្លាយង់​ដ៏​ធំ​ល្វឹងល្វើយ វាលស្មៅ​ពណ៌​បៃតង​ខ្ចី ហាក់បីដូច​ជា​ខ្លួនគេ​កំពុងស្ថិត​នៅ​ក្នុងឋាន​ដ៏​ពិសិដ្ឋ​មួយ​។

​លោក ផល វណ្ណៈ ដែល​មក​កម្សាន្ត​ប្រាសាទអង្គរវត្ត ជាមួយ​ក្រុម​ការងារ​ច្រើន​នាក់​ទៀត​កាលពី​ថ្ងៃ​ទី​១​ខែ​សីហា បានបង្ហាញ​អារម្មណ៍​រីករាយ និង​ស្រស់ស្រាយ​។

​លោក វណ្ណៈ ឱ្យដឹងថា អង្គរវត្ត​ពិតជា​អស្ចារ្យ ហើយ​វារិត​តែ​ពិសេស​ទៅទៀត នៅពេល​ដែល​មគ្គុទ្ទេសក៍​ទេសចរណ៍ បាន​រៀបរាប់​ពី​រឿងរ៉ាវ​នានា​នៅ​តាម​ប្រាសាទ​ឱ្យ​លោក​ស្ដាប់​។

​បុរស​អ្នក​ភ្នំពេញ​រូបនេះ បានចាត់ទុក​អង្គរវត្ត​គឺជា​សំណង់​ដ៏​ល្អ​ឯក ដែល​មាន​ចម្លាក់​នៅតាម​ផ្ទាំង​ថ្ម​ជាច្រើន​ដ៏​រស់​រវើក ព្រមទាំង​មាន​ធម្មជាតិ ដ៏​ស្រស់ស្អាត​នៅ​ជុំវិញ​បរិវេណ​ផង គឺ​កាន់តែ​ធ្វើឱ្យ​រូប​លោក​មិន​ស្ងើចសរសើរ​មិនបាន​។​

​ចំណែក​អ្នកស្រី សាម សេត ដែល​ជា​អ្នកទេសចរ មក​ដល់​អង្គរវត្ត​ជា​លើកដំបូង​ក៏​មានចិត្ត​សប្បាយ​រីករាយ​ដែរ​។

​អ្នកស្រី​បាន​ប្រាប់ថា ពេល​ដែល​គាត់​បាន​ឃើញ​កំពូល​ប្រាសាទអង្គរវត្ត ក​សិន្ធុ​ទឹក និង​វាលស្មៅ​បៃតង​ស្រស់ស្អាត​ភ្លាម គឺ​មាន​អារម្មណ៍​រីករាយ រំភើប​និង​ស្បើយ​ពី​កង្វល់​នានា​ភ្លាម​។ មិន​ត្រឹមតែ​ភ្ញៀវទេសចរ​ជាតិ​ប៉ុណ្ណោះ​ទេ​ដែល​ស្ងើច​ស​សើរ​អំពី​ភាព​អច្ឆរិយៈ​នៃ​ប្រាសាទ​អង្គរវត្ត​និង​ទេសភាព​ដ៏​ស្រស់ស្អាត​នោះ សូម្បី​តែ​ភ្ញៀវទេសចរ​បរទេស ក៏​បង្ហាញ​អារម្មណ៍​ដូចគ្នានេះដែរ​។

​បុរស​ជនជាតិ​អេ​ស្ប៉ា​ញ ដែល​បាន​នាំ​ភរិយា​និង​កូន​២​នាក់​ទៀត​មក​ទស្សនា​អង្គរវត្ត បានបង្ហាញ​អារម្មណ៍​ស្ញប់​ស្ញែ​ញ​ជាមួយ​សំណង់​ស្ថាបត្យកម្ម​ដែល​មាន​អាយុ​ជិត​មួយ​ពាន់​ឆ្នាំ​នេះ​ដែរ​។

​លោក​មានប្រសាសន៍ថា វា​ពិតជា​មាន​ភាព​អស្ចារ្យ​បំផុត ដែល​ធ្វើឱ្យ​លោក​និង​ក្រុមគ្រួសារ​បាន​ឃើញ​ជា​លើកដំបូង​។ បុរស​ដដែល​បញ្ជាក់​ថា បាន​ជាប់ចិត្ត​ជាមួយ​ប្រាសាទ​បុរាណ​នៅ​ទីនេះ​យ៉ាងខ្លាំង ហើយ​លោក​នឹង​បន្ត​នាំ​ភរិយា​និង​កូន​ដើរ​ទស្សនា​ក្រុង​អង្គរ​ធំ ព្រមទាំង​ប្រាសាទតាព្រហ្ម​ថែម​ទៀត​៕​